ផ្សែង​អ័ព្ទ​យ៉ាង​ក្រាស់​នៅតែ​បន្ត​កើតមាន​នៅក្នុង​ទីក្រុង​ប៉េកាំង

296

​​ប៉េកាំង៖ ផ្សែង​អ័ព្ទ​យ៉ាង​ក្រាស់ កំពុង​ហ៊ុំព័ទ្ធ​ពីលើ​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន កាលពី​ថ្ងៃ​អង្គារ ដែល​ដែលជា​ថ្ងៃ​បញ្ចប់​ការប្រកាសអាសន្ន​ជា​លើក​ទី​២​មិន​ធ្លាប់​ដែលមាន​ពីមុនមក​នៅក្នុង​រដ្ឋធានី​មួយ​នេះ សម្រាប់​ការបំពុល​បរិយាកាស​។​

មន្ទីរ​ឧតុនិយម​ជាតិចិន​បាន​ឲ្យ​ដឹងថា រលក​នៃ​ផ្សែង​អ័ព្ទ​ដ៏​អាក្រក់​បំផុត បាន​បង្ក​ភាពវឹកវរ​នៅក្នុង​ទីក្រុង​ដែលមាន​ពលរដ្ឋ​រស់នៅ​ជាង​២២.៥​លាន​នាក់​មួយ​នេះ ចាប់តាំងពី​ថ្ងៃ​សៅរ៍​ទី​១៩ ខែធ្នូ រហូតមកដល់​ថ្ងៃនេះ ធ្វើ​ឲ្យ​រយៈ​ចម្ងាយ​អាច​មើលឃើញ បាន​ធ្លាក់​មក​នៅត្រឹម​១​គ​.​ម​ប៉ុណ្ណោះ​។​

សូមបញ្ជាក់ថា ការប្រកាសអាសន្ន​បានធ្វើ​ឡើង​នៅពេលដែល​រដ្ឋាភិបាល​ជឿជាក់ថា ស​ន្ទ​ស្សន៍​គុណភាព​ខ្យល់​នឹង​កើនឡើង​លើសពី​កម្រិត​២០០​មីក្រូ​ក្រាម​ក្នុង​កំហាប់​ខ្យល់​១​ម៉ែត្រគូប ដែលជា​កម្រិត​ដ៏​គ្រោះថ្នាក់​មួយ​ចំពោះ​សុខភាព​មនុស្ស​។ ប៉ុន្តែ​ជាក់ស្តែង​កម្រិតជាតិពុល​ក្នុង​បរិយាកាស​នៅ​ទីក្រុង​ប៉េកាំង កាលពី​ប៉​ន្មា​ន​ថ្ងៃ​មុននេះ បាន​កើនឡើង​រហូតដល់​ទៅជិត​៣០០​មីក្រូ​ក្រាម​ឯណោះ​។​

ការប្រកាសអាសន្ន​នេះដែរ មានន័យថា​នៅក្នុង​ទីក្រុង​ប៉េកាំង រថយន្ត​ប្រហែល​ពាក់កណ្តាល នឹងត្រូវ​ផ្អាក​ចរាចរណ៍​តាម​ដង​វិថី​នានា ហើយ​សាលារៀន ត្រូវបាន​ជូនដំណឹង​ឲ្យ​បិទទ្វា​បណ្តោះអាសន្ន ហើយ​ពលរដ្ឋ​មិនត្រូវ​អនុញ្ញាត​ឲ្យ​ចេញ​ផ្ទះ​ជាដាច់ខាត ប្រសិនជា​មិនចាំបាច់​ទេនោះ​។​

ទោះបីជា​យ៉ាងណាក៏ដោយ វិធានការ​ទាំងនេះ​ក៏​ទទួលរង​ការតវ៉ា​ខ្លះៗ​ផងដែរ​ពី​ក្រុម​មាតាបិតា​សិស្ស ដោយសារតែ​កូនៗ​របស់​ពួកគេ​មិនបាន​ទៅ​រៀនសូត្រ​។​

ខណៈនោះ​ដែរ ក្រសួង​បរិ​ដ្ឋា​ន​ចិន បាន​សន្យាថា​នឹង​ចាត់វិធានការ​ទប់ស្កាត់ ក៏ដូចជា​ដោះស្រាយ​បញ្ហា​បំពុលបរិយាកាស ខណៈដែល​ផ្សែង​អ័ព្ទ​ធ្វើ​ឲ្យ​ភាពវឹកវរ​កាន់តែ​អាក្រក់​ទៅ​នៅតាម​តំបន់​ភាគ​ខាងជើង​ប្រទេស​ចិន​៕