ព្រះសីហនុ៖ បន្ទាប់ពីសារព័ត៌មាន ចុះផ្សាយព័ត៌មានពាក់ព័ន្ធនឹងការរត់ការលក់អចលនទ្រព្យចំនួន១៣កន្លែង នៅក្នុងក្រុងព្រះសីហនុរបស់ក្រុមហ៊ុន RCBCC Co,Ltd មេធាវីការពារក្ដីឲ្យក្រុមហ៊ុននេះ បានបញ្ជាក់ថា ក្រុមហ៊ុន អស៊ីប៊ីស៊ីស៊ី ខូអិលធីឌី ជាក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិត ធ្វើសកម្មភាពអាជីវកម្មផ្ដល់សេវាពិគ្រោះយោបល់លើផ្នែកវាយតម្លៃផលប៉ះពាល់បរិស្ថាន មិនមែនជាក្រុមហ៊ុនរកស៊ីលក់ទិញអចលនទ្រព្យទេ ហើយ ក៏មិនមានអចលនទ្រព្យ១៣កន្លែង នៅក្រុងព្រះសីហនុ ដូចការចុះផ្សាយក្នុងបណ្ដាញសារព័ត៌មាន កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៥នោះដែរ។
ភ្ជាប់ជាមួយឯកសារពាក់ព័ន្ធផ្សេងៗរបស់ក្រុមហ៊ុន ផ្ញើរមកកាន់គេហទំព័របាយ័ន មេធាវីក្រុមហ៊ុន បានបញ្ជាក់ទៀតថា តាមពិតក្រុមហ៊ុន RCBCC Co,Ltd ពុំមានភាគហ៊ុនរបស់លោក TIKHANOV OLEG (ជនជាតិរុស្សី) ដែលសមត្ថកិច្ចប៉ូលិស(INTERPOL)ប្រទេសរបស់ខ្លួននិងប្រទេសកម្ពុជា តាមចាប់ខ្លួននោះទេ ផ្អែកតាមលក្ខន្តិកៈក្រុមហ៊ុន និងវិញ្ញាបនបត្រ បានចុះបញ្ជីពាណិជ្ជកម្មលេខ ៧៦១៣ ពណ.ចបព ចុះថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៤ របស់ក្រសួងពាណិជ្ជកម្ម នៃរាជរដ្ឋាភិបាលកម្ពុជា។ ក្រុមហ៊ុន RCBCC Co,Ltd ក៏មិនមានអចលនទ្រព្យ ចំនួន១៣កន្លែង នៅក្នុងក្រុងព្រះសីហុនដែរ។
លិខិតបំភ្លឺរបស់ក្រុមហ៊ុន បានបញ្ជាក់ទៀតថា ក្រុមហ៊ុន RCBCC Co,Ltd ដែលមានទីតាំងស្ថិតនៅផ្ទះលេខ AA-១៣E0 ផ្លូវលេខ៩៩ ភូមិ០៦ សង្កាត់បឹងត្របែក ខណ្ឌចំការមនរាជធានីភ្នំពេញ (ទូរស័ព្ទ ៖ ០២៣ ៩៩៣ ០០៣ ,Email: [email protected]) គឺជាក្រុមហ៊ុនទីប្រឹក្សា ឯករាជ្យ ដែលទើបតែបានបង្កើតឡើងនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ ២០១៤ ។មកទល់ បច្ចុប្បន្ន ក្រុមហ៊ុន RCBCC Co,Ltd ទើបតែបានដំណើរការអាជីវកម្មរបស់ខ្លួនលើផ្នែកសិក្សាស្រាវជ្រាវ និងរៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន(EIA)តែប៉ុណ្ណោះ៕