ស្នាម​មេដៃ​ជាង​១.០០០​នាក់​ ​ផ្ដិត​គ្រោង​​ប្រឆាំង​នឹង​ព្រមាន​ធ្វើបាតុកម្ម​ បើ​អាជ្ញាធរ​ និង​ឈ្មួញ​នៅ​បន្ត​រឿង​ផ្លាស់ប្ដូរ​លក់​ដី​ចំណតរថយន្ត

421
ស្នាម​មេដៃ​ជាង​១.០០០​នាក់​ ​ផ្ដិត​គ្រោង​​ប្រឆាំង​នឹង​ព្រមាន​ធ្វើបាតុកម្ម​ បើ​អាជ្ញាធរ​ និង​ឈ្មួញ​នៅ​បន្ត​រឿង​ផ្លាស់ប្ដូរ​លក់​ដី​ចំណតរថយន្ត

បន្ទាយមានជ័យ ៖​ លេចចេញ​ជាថ្មី​ម្នាក់ទៀត​ពលរដ្ឋ​រាប់​រយ​ពាន់​នាក់​នៅ​ក្រុង​សិរីសោភ័ណ​  ក្នុង​គម្រោង​ របស់​ខ្លួន​បាន​ផ្ដិតមេដៃ ​និង​គ្រោង​ធ្វើបាតុកម្ម​តវ៉ា​ប្រឆាំង​ជំទាស់​នឹង​អាជ្ញាធរ​ខេត្ត​បន្ទាយ​មាន​ជ័យ​ និង​ឈ្មួញ​ក្នុង​ការ​ផ្លាស់ប្ដូរ​បេនឡាន​ទៅ​ដាក់​ទីតាំង​វាលស្រែ​ក្នុងស្រុក ​ផ្សេង​។

តាម​ស្នាម​មេដៃ​ជាង​១.០០០​នាក់​ ជាពិសេស​រស់នៅ​ជុំវិញ​ចំណតរថយន្ត​ខេត្ត​បន្ទាយមានជ័យ​ បាន​ឲ្យ​សារព័ត៌មាន​ដឹង ​ថា​ ពួក​ខ្លួន​សូម​ប្ដឹង​ជំទាស់​នឹង​អាជ្ញាធរ​ខេត្ត​ ដែល​បាន​ត្រូវរ៉ូវ​ជាមួយ​ក្រុមហ៊ុន​វិនិយោ​គ​ផ្លាស់ប្ដូរ​ចំណត​រថយន្ត​ទៅ​ ទីតាំង​ឆ្ងាយ ​ហើយ​យក​ដី​បេនឡាន​នៅ​ក្រុង​សិរីសោភ័ណ​អង្កន់​ជា​ដី​ផ្ទះ​ល្វែង​លក់​ធ្វើ​ ឲ្យ​ប៉ះពាល់​ដល់​តម្រូវ​ការ​ និង​ផលប្រយោជន៍​របស់​ពល​រដ្ឋ​យ៉ាង​ច្រើន​។

ប្រជាពលរដ្ឋ​ និយាយ​បន្ត​ថា​ យើងខ្ញុំ សូម​សំណូមពរ​ដល់​អាជ្ញាធរ​ខេត្ត​​ឲ្យ​ទុក​បេនឡាន​តូច​ និង​បេន​ឡាន​ធំ​​នៅ​ក្រុង​សិរីសោភ័ណ​នេះ​ឲ្យ​នៅ​ដដែល​។​ យើងខ្ញុំ​ចូលរួម​ផ្ដិតមេដៃ​ជំទាស់​ដាច់ខាត ​និង​ការ​ពារ​ទុក​​បេនឡាន​កេរ​តាំងពី​សម័យ​អាណានិគមនិយម​បារាំង​ សម័យ​សង្គមរាស្ត្រនិយម​…​សម័យ​សាធារ​ណ​រដ្ឋ​ ប្រជាមានិត​កម្ពុជា​ ​ចុងក្រោយ​មួយ​នេះ​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​បាន​ប្រើប្រាស់​ផង​។

ក្រៅពី​ខ្លឹមសារ​ក្នុង​ញត្តិ​ និង​ជា​គម្រោង​ពាក្យបណ្ដឹង​នោះ ពលរដ្ឋ​និយាយ​ថា​ អាជ្ញាធរ​ខេត្ត​បន្ទាយ​មាន​ជ័យ​ក្នុង​អាណត្តិ​បន្តបន្ទាប់​តាំងពី​ឆ្នាំ​ ២០០៨ តែង​ស្នើ ​និង​បានការ​គាំទ្រ​ពី​ថ្នាក់លើ​ដោះដូរ​ដី​រដ្ឋ​ពី​សម័យ​ មុន​ទៅជា​ដី​កម្ម​ សិទ្ធ​ឯកជន​។

ហេតុ​ដូច​នេះ​ ដើម្បី​កុំ​ឲ្យ​មានការ​ផ្លាស់ប្ដូរ ​ឬ​លក់​បន្ត​ទៀត​ពលរដ្ឋ​សូម​សំណូមពរ​ដ៏​ទទូច​ដល់​អាជ្ញាធរ​ខេត្ត​ និង​ថ្នាក់លើ​ពាក់ព័ន្ធ​អាណត្តិ​ ឬ​ជំនាន់​បច្ចុប្បន្ន មេត្តា​ជួយ​រក្សាទុក​កេរ​ចាស់​ ឬ​បោះបង់​ចិត្ត​ចង់​លក់ ​ឬ​ដោះដូរ​នេះ​ដោយ​ក្តី​អាណិតអាសូរ​ដល់​ពលរដ្ឋ​ក្នុង​ខេត្តបន្ទាយមានជ័យ​ដោយ ​ក្តី​អនុគ្រោះ​បំផុត​ផង​ទៅ​ចុះ​។

សូម​រំលឹក​ថា ក្រុមហ៊ុន ​មនោ​រតនៈ ខន់​ត្រា​ក់សិន​ខូ​អិ​ល​ធី​ឌី ​ដែល​គេ​ស្គាល់​ថា​ ជា​របស់​លោក​ឧកញ៉ា​ហង្ស ស៊ីផា​ នៅ​ខេត្តបន្ទាយមានជ័យ ​បាន​រត់ការ​ស្នើសុំ ហើយ​បានការ​គាំទ្រ​ឲ្យ​ដោះដូរ​ ឬ​ផ្ទេរ​ចំណត​រថយន្ត​តូច ​និង​ធំ​ទាំង​២​ទីតាំង​គឺ​ទីតាំង​ជាប់​មន្ទីរ​ប្រៃសណីយ៍​ខេត្ត​ និង​ទីតាំង​ជាប់មាត់​ស្ទឹង​សិរីសោភ័ណ ​ក្បែរ​ស្ពានថ្ម​សម្ដេច​តេ​ជោ​ហ៊ុន សែន​ ដែល​ស្ថិតនៅ​ភូមិ​៣​ សង្កាត់​ព្រះ​ពន្លា ​ក្រុង​សិរីសោភ័ណ។

ក្រុមហ៊ុន​នឹង​យក​បេនឡាន​ទៅ​ដាក់​ទីតាំង​ថ្មី​មាន​ទំហំ​ត្រឹម​២​ហិច​តា​ ស្ថិតនៅ​កណ្ដាល​វាលស្រែ​របស់​ស្រុក​មង្គល​បូរី​(​ខាងត្បូង​ទី​រួម​ខេត្ត​ជាង ​៦​គ​.​ម ក្បែរ​គម្រោង​ផ្លូវជាតិ​លេខ​៥​ថ្មី​វាង​ក្រុង​សិរីសោភ័ណ​) ។​ដី​ទីតាំង​ថ្មី​មានតម្លៃ​១​ហិច​តា​ពី​២-៤​ម៉ឺន​ដុល្លារ​ប៉ុណ្ណោះ​ ខុស​ពី​ទី​តាំង​ចាស់​ដី​មួយ​ល្វែង​ពី​៥​ទៅ​៦​ម៉ឺ​ន​ដុល្លារ​។

សូម​បញ្ជាក់​ថា​ ទីតាំង​ចំណតរថយន្ត​ខេត្តបន្ទាយមានជ័យ​ ស្ទើរ​តែ​ជាទី​តាំង​ចុងក្រោយ​របស់​ ខេត្ត​បន្ទា​យ​មានជ័យ ​ ដែល​មាន​ផ្ទៃដី​ធំ​ ហើយ​មាន​សំណង់​តិចតួច​នៅ​ចំ​កណ្ដាល​ទី​រួម​ខេត្ត ​និង​តម្លៃ​ដី​ថ្លៃ​កំពុង​ត្រូវ​បាន​ដោះដូរ​ឲ្យ​​ឯកជន ​បន្ទាប់ពី​ទីតាំង​ផ្សេងៗ​ទៀត​ដូចជា​ ទីតាំង​ស្នងការ ​រដ្ឋបាល​ជុំវិញ​ខេត្ត​ក្នុង​បរិវេណ​អក្សរ​អ៊ុយ ​ដែល​មាន​មន្ទីរ​ជាច្រើន ត្រូវ​បាន​ដូរ​ទី​ទីតាំង លិច កើត ជើង​ ត្បូង។ ​មួយទៀត​ជា​បរិវេណ​វេទិកា​ខេត្ត​លេច​ឭ​ថា ​មាន​ការ​លក់​ធ្វើជា​ផ្ទះល្វែង​ តែ​ត្រូវ​បាន​ឯកឧត្តម ​ឧបនាយក​រដ្ឋ​មន្ត្រី កែ គឹមយ៉ាន​ ប្រធាន​អាជ្ញាធរ​ជាតិ​ប្រឆាំង​គ្រឿងញៀន​ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ខេត្ត​បន្ទាយមានជ័យ ​ប្រកាស​ ជា​សាធារណៈ​ថា ​មិន​មាន​ការ​លក់​ដោះដូរ​ឡើយ​គឺ​ទុក​សម្រាប់​ប្រជា​ពលរដ្ឋ​កម្សាន្ត​លេង​តាម​ ការរៀបចំ​សួន​ឲ្យ​បាន​ស្អាត​៕
បាយ័ន

ស្នាម​មេដៃ​ជាង​១.០០០​នាក់​ ​ផ្ដិត​គ្រោង​​ប្រឆាំង​នឹង​ព្រមាន​ធ្វើបាតុកម្ម​ បើ​អាជ្ញាធរ​ និង​ឈ្មួញ​នៅ​បន្ត​រឿង​ផ្លាស់ប្ដូរ​លក់​ដី​ចំណតរថយន្ត
ស្នាម​មេដៃ​ជាង​១.០០០​នាក់​ ​ផ្ដិត​គ្រោង​​ប្រឆាំង​នឹង​ព្រមាន​ធ្វើបាតុកម្ម​ បើ​អាជ្ញាធរ​ និង​ឈ្មួញ​នៅ​បន្ត​រឿង​ផ្លាស់ប្ដូរ​លក់​ដី​ចំណតរថយន្ត