មន្ត្រីជាន់ខ្ពស់​ក្រសួង​ឧស្សាហកម្ម និ​ង​សិប្បកម្ម ​ចាត់​ទុក​ខេត្តកំពង់ចាម ​ជា​ខេត្ត​មហាអំណាច​ផ្នែក​សេដ្ឋកិច្ច​នៅ​កម្ពុជា​

506
មន្ត្រីជាន់ខ្ពស់​ក្រសួង​ឧស្សាហកម្ម និ​ង​សិប្បកម្ម ​ចាត់​ទុក​ខេត្តកំពង់ចាម ​ជា​ខេត្ត​មហាអំណាច​ផ្នែក​សេដ្ឋកិច្ច​នៅ​កម្ពុជា

កំពង់ចាម ៖ ​ឯកឧត្តម ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋ​មន្ត្រីក្រសួង​ឧស្សាហកម្ម ​និង​សិប្បកម្ម បាន​ថ្លែង​ថា ​ខេត្តកំពង់ចាម​ គឺ​ខេត្ត​ដែល​មាន​មូលដ្ឋាន​គ្រឹះ​ជាច្រើន នឹង​ចាត់ទុកជា​ខេត្ត​មហាអំណាច​ផ្នែក​សេដ្ឋកិច្ច របស់​ប្រទេស​កម្ពុជា​ផង​ដែរ ។

​នេះ​ជា​ការ​ថ្លែង​លើ​របស់​ឯកឧត្តម​ទេស​រដ្ឋមន្ត្រី ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​មន្ត្រី ​មន្ទីរ​ ឧស្សា​ហកម្ម និង​សិប្បកម្ម​ខេត្តកំពង់ចាម ​នៅ​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០១៥ ។

​ឯកឧត្តម ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បាន​លើកឡើងថា ការធ្វើសមាហរណកម្ម ​សេដ្ឋកិច្ចកម្ពុជា​ ទៅ​ក្នុង​សេដ្ឋកិច្ច​សមាគម​អាស៊ាន​ គឺ​ប្រតិបត្តិការ​នេះ​នឹង​ឈាន​មកដល់ ​នៅ​ដើមឆ្នាំ​២០១៦​ខាងមុខ នេះ ចំណែក​សម្រាប់​ទំនិញ​នៅ​ប្រទេសជិតខាង​ទាំងអស់​នឹង​រួច​ពន្ធគយ​ ពោល​គឺអាច​ចរាចរណ៍​បាន គ្រប់​ប្រទេស​នៅ​ក្នុង​អាស៊ាន ។​ ក្នុងនោះ​សម្រាប់​កម្ពុជា​វិញ​ក្រៅពី​រាជធានី​ភ្នំពេញ ខេត្តកំពង់ចាម​ គឺជា ខេត្ត​មួយ ​បានផ្តល់​ជា​មូលដ្ឋានគ្រឹះ​សម្រាប់​សេដ្ឋកិច្ច​យ៉ាង​ធំ ចេញពី​វិស័យ​កសិ​-​ឧស្សាហកម្ម ទោះបី ខេត្ត​នេះ​បាន​បំបែកចេញ​ជា​ពីរ​ក៏ដោយ​។

ឯកឧត្តម ទេសរដ្ឋមន្ត្រី បាន​លើក​ឡើង​ទៀត​ថា ​ដើម្បី​ជម្រុញ​ឲ្យ​ខេត្ត​នេះ​កាន់​តែមាន​សក្តានុពល ថែមទៀត​នោះ ​ឯកឧត្តម ​ជម្រុញ​ឲ្យ​មន្ត្រី​ឧស្សាហកម្ម និង​សិប្បកម្ម ត្រូវ​ចុះ​ជួយ​ដល់​ម្ចាស់​ឧស្សា​ហកម្ម និង​សិប្បកម្ម ជា​លក្ខណៈ​បច្ចេកទេស​ ឬ​ជា​វគ្គ​បណ្តុះ​បណ្តាល​ផ្សេងៗ ដើម្បី​ឲ្យ​ម្ចាស់​ឧស្សាហករ ​បាន​យល់ និង​ត្រៀមខ្លួន​ចូល​សមាហរណកម្ម​ទីផ្សារ​សេដ្ឋកិច្ច​សមាគម​អាស៊ាន​ខាងមុខនេះ ។​

ទាក់ទិន​ និង​វិស័យ​ឧស្សាហ​កម្មនេះ​ លោក ពោន រុន អនុប្រធាន​មន្ទីរ​ឧស្សាហកម្ម​ និង​សិប្បកម្ម ​ខេត្តកំពង់ចាម ​បាន​ឲ្យ​ដឹងថា ​នៅក្នុង​ខេត្ត​ទាំងមូល​មាន​មូលដ្ឋាន​សិប្បកម្ម ​ដែល​មន្ទីរ​បាន​គ្រប់គ្រង ​មាន​ចំនួន​៧៣៤​មូលដ្ឋាន​ និង​មានតម្លៃ​បរិមាណ​ផលិតផល​សរុប ​ចំនួន​ជាង​៣០​ម៉ឺន​លាន​រៀល ក្នុង​នោះ​មាន​កម្លាំង​ពលកម្ម​បម្រើ​ការងារ​សរុប​ចំនួន​ជាង​២​ម៉ឺន​នាក់​ ប្រកាស​ក្រសួង​ច្បាប់​ថ្មី​អនុវត្តបាន ​ចំនួន​១០​មូលដ្ឋាន ​និង​ច្បាប់​បន្ត​អនុវត្ត​ បាន​ចំនួន​០៧​មូលដ្ឋាន​បូក​យោង​ច្បាប់​ថ្មី អនុវត្ត​បាន​សរុប ចំនួន​១១៩​មូលដ្ឋាន ច្បាប់​សាលាខេត្ត​ថ្មី​បាន​ចំនួន​១១​មូលដ្ឋាន និង​ច្បាប់​បន្តបាន​ចំនួន​១០​មូលដ្ឋាន បូក​យោង​អនុវត្ត​ច្បាប់​ថ្មី បាន​ចំនួន​២៤៦​មូលដ្ឋាន និង​ទុន​ក្រោម​៣,០០០​ដុល្លារ ដែល​ជា​សិប្បកម្ម លើកលែង និង​គ្មាន​ច្បាប់​ចំនួន​៣៦៩​មូលដ្ឋាន​ផងដែរ ៕​

btv-a1344