​កម្ពុជា​នៅ​មាន​ផ្ទៃដី​​គ្រាប់មីន​១.៦៤០​គីឡូ​ម៉ែត្រ​ក្រឡា​ត្រូវការ​ថវិកា​ជិត​៤០០​លាន​ដុល្លារ​​សម្រាប់​បោស​សំអាត​​

554
​កម្ពុជា​នៅ​មាន​ផ្ទៃដី​​គ្រាប់មីន​១.៦៤០​គីឡូ​ម៉ែត្រ​ក្រឡា​ត្រូវការ​ថវិកា​ជិត​៤០០​លាន​ដុល្លារ​​សម្រាប់​បោស​សំអាត

ភ្នំពេញ ៖ ​រហូតមក​ដល់​បច្ចុប្បន្ន​នេះ ​កម្ពុជា​ បាន​បោសសម្អាត​ផ្ទៃដី ដែល​មាន​គ្រាប់មីន​បាន​ចំនួន ១.៤០០​គីឡូម៉ែត្រ​ក្រឡា ហើយ​នៅសល់​ផ្ទៃដី​ចំនួន​១.៦៤០​គីឡូម៉ែត្រ​ក្រឡា​ទៀត នឹង​បន្ត​បោស​សម្អាត​ឲ្យ​អស់​ក្នុង​រយៈពេល​១០​ឆ្នាំ​ខាងមុខនេះ។

ឯកឧត្តម ​ ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍ និង​ជា​អនុប្រធាន​អាជ្ញាធរ​មីន​កម្ពុជា​ បាន​ថ្លែង​ឲ្យ​ដឹង​ថា ​ដើម្បី​បោសសំអាត​មីន​នេះ កម្ពុជា​ត្រូវ​ចំណាយ​ថវិកា​ជិត​៤០០​លាន​ដុល្លារ​អាមេរិក​បន្ថែម​ទៀត។​ ឯកឧត្តម ​ ប្រាក់ សុខុន បាន​រំលឹក​ថា ​ចាប់តាំងពី​ឆ្នាំ​១៩៧៩ រហូតដល់​ខែ​ធ្នូ ឆ្នាំ​២០១៥ មាន​ប្រជាពលរដ្ឋ​កម្ពុជា​យ៉ាងតិច​ចំនួន​៦៤.៥៦១​នាក់ បាន​ស្លាប់ និង​រង​របួស​ដោយសារ​គ្រាប់មីន។

ថ្លែង​នៅ​ក្នុង​ពិធី​ទទួល​សម្ភារៈ​សម្រាប់​មជ្ឈមណ្ឌល​កម្ចាត់​មីន​ពី​ ប្រទេស​ចិន នៅ​រសៀល​ថ្ងៃ​ទី​២៤ ខែ​ធ្នូ ឆ្នាំ​២០១៥​នេះឯកឧត្តម ​​ប្រាក់ សុខុន បាន​ថ្លែង​ថា ប្រទេស​កម្ពុជា បាន​ទទួល​រងគ្រោះ​យ៉ាង​ធ្ងន់ធ្ងរ​ដោយសារ​គ្រាប់មីន និង​គ្រាប់​មិនទាន់​ផ្ទុះ។

ប្រទេស​កម្ពុជា​ត្រូវ​បាន​អន្តរជាតិ​ចាត់ទុកជា​ប្រទេស​គំរូ​មួយ​ក្នុង​ ការ​បោសសំអាត​គ្រាប់​មីន និង​គ្រាប់​មិនទាន់​ផ្ទុះ​ ដោយ​ក្នុង​នោះ​មាន​ប្រទេស​មួយ​ចំនួន​នៅ​ក្នុង​តំបន់​អាស៊ាន​ ក៏ដូចជា​ប្រទេស​នៅ​នៅ​លើ​ពិភពលោក​មួយ​ចំនួនទៀត​ ដែល​មាន​បញ្ហា​គ្រាប់មីន​បាន​មក​ដកស្រង់​បទពិសោធន៍​ផ្នែក​ការ​បោស​សំអាត​មីន​ នេះ​ពី​ប្រទេស​កម្ពុជា​។ ​ជាក់ស្ដែង​មជ្ឈមណ្ឌល​តំបន់​អាស៊ាន​សម្រាប់​សកម្មភាព​មីន​នៅ​កម្ពុជា (ARMAC)​មាន​មូលដ្ឋាន​នៅ​កម្ពុជា​ដែរ។

សូម​បញ្ជាក់ថា​ កាលពី​រសៀល​ថ្ងៃទី​២៤ ខែ​ធ្នូ ឆ្នាំ​២០១៥ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង និង​លោក​ស្រី ប៊ូ ជាំ​ង​គូ បាន​អញ្ជើញ​ធ្វើជា​អធិបតី​ក្នុង​ពិធី​ប្រគល់​សម្ភារៈ​ការិយាល័យ ដែល​រដ្ឋាភិបាល​ចិន ផ្តល់​ជូន​មជ្ឈមណ្ឌល​តំបន់​អាស៊ាន​សម្រាប់​សកម្មភាព​មីន (ASEAN Regional Mine Action Center: ARMAC) និង​អាជ្ញាធរ​កម្ពុជា​គ្រប់គ្រង​សកម្មភាព​កំចាត់​មីន និង​សង្គ្រោះ​ជន​ពិការ ដោយសារ​មីន (Cambodian Mine Action and Victim Assistance Autority: CMAA)។

លោកស្រី ប៊ួ ជាង​គួ ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​បានប្រកាសថា ប្រទេស​ចិន នឹង​បន្ត​ផ្តល់​ជំនួយ​ឧបត្ថម្ភ​ផ្នែក​បោសសម្អាត​មីន​ដល់​ប្រទេស​កម្ពុជា និង​សន្យា​ចែករំលែក​បទពិសោធន៍ និង​បច្ចេកទេស​គាំទ្រ​ការកសាង​សមត្ថភាព​ដល់​កម្ពុជា​បន្ថែម​ទៀត៕