មេ​ប៉ុស្តិ៍​ឃុំ​ត្រស់​ ស្រុក​រមាសហែក ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ស្លាប់​

662

ស្វាយរៀង ៖  ​មេ​ប៉ុស្តិ៍​ឃុំ​ត្រស់​ម្នាក់​ បាន​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង ​ខណៈ​​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន​​ក្នុង​យប់​ងងឹត​ ក៏​ជ្រុល​ទៅ​បុក​ ពីក្រោយ​កាលេ​ថង​កន្ត្រៃ​ដៃ​វែង ​ពេញ​ទំហឹង ​កាលពី​វេលា​ម៉ោង​៧​យប់​ថ្ងៃទី​២៤ ​ខែធ្នូ ​ឆ្នាំ​២០១៥​ត្រង់​ចំណុច​ភូមិ​ឈើភ្លើង​ឃុំ​កំពង់​ត្រាច ​ស្រុក​រមាសហែក​។

​​នគរបាល​ស្រុក​រមាសហែក​ បាន​ឲ្យ​ដឹង​ថា​ ជនរងគ្រោះ​ដែល​ស្លាប់​មាន ឈ្មោះ​ នេ​ត ​សុវណ្ណ​ អាយុ​៤៧​ឆ្នាំ​ បម្រើ​ការងារ​ជា​នាយ​ប៉ុស្តិ៍ ​នគរបាល​រដ្ឋបាល​ត្រស់ នៅ​ភូមិ​ត្រពាំង​ត្បាល់​ឃុំ​មុខដា​ ស្រុក​រមាសហែក​ បើក​ម៉ូតូ ​ម៉ាក​YAMAHA​ ពណ៌​ទឹកដោះគោ​ ស្លាក​លេខ ន​-​ប​១-៦៧៧៣​ខូ​ច​ខាត​យ៉ាងដំណំ​។​ រីឯ​អ្នក​បើក​កាលេ​ថង​កន្ត្រៃ​ដៃ​វែង​ត្រូវ​បាន​ស្គាល់ ​ឈ្មោះ ​យិន សាឃ​ន​ ភេទ​ប្រុស​ អាយុ​៣៣​ឆ្នាំ ​មុខ​រ​ប​រ​កសិករ ​នៅ​ភូមិ​រមៀត ​ឃុំ​មុខដា ​ស្រុក​រមាសហែក ​ក្រោយ​កើតហេតុ​បាន​រត់​គេច​ខ្លួន​ភ្លាមៗ​។

​សាក្សី​ បាន​ឲ្យ​ដឹង​ថា ​មុន​ពេល​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​បាន​បើក​កាលេ​ថង​កន្ត្រៃ​ដៃ​វែង​ ពណ៌​ក្រហម​ កម្លាំង​១២​សេះ ​ម៉ាក​គូ​បូ​តា​ ធ្វើដំណើរ​ពី​ទិសខាងកើត​ទៅ​លិច​ដឹក​ដើម​ អាកាស្យា​ពេញ​ស្រប​ពេល​នោះ ​ស្រាប់​តែ​មាន​ម៉ូតូ​មួយ​គ្រឿង​ធ្វើដំណើរ​ពី​កើតមក​លិច​ស្រប​ទិស​គ្នា​បុក​ ពីក្រោយ​យ៉ាង​ពេញ​ទំហឹង​លាន់​សូរ​ដូច​រន្ទះ​បណ្ដាល​ឲ្យ​បុរស​ ដែល​ជិះ​ម៉ូតូ​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​តែម្ដង​៕