មនុស្ស​រាប់​ម៉ឺន​នាក់​​ត្រូវ​បាន​​គេ​ជម្លៀស​ចេញ​ពី​តំបន់​​រងគ្រោះ​​ទឹក​ជំនន់​​ក្នុង​ប្រទេស​អាហ្សង់ទីន, អ៊ុយរុយហ្គាយ​ និង​ប្រេស៊ីល

238
មនុស្ស​រាប់​ម៉ឺន​នាក់​​ត្រូវ​បាន​​គេ​ជម្លៀស​ចេញ​ពី​តំបន់​​រងគ្រោះ​​ទឹក​ជំនន់​​ក្នុង​ប្រទេស​អាហ្សង់ទីន, អ៊ុយរុយហ្គាយ​ និង​ប្រេស៊ីល

​អាហ្សង់ទីន៖ ដោយ​សារ​ភ្លៀង​​នៅ​តែ​បន្ត​ធ្លាក់​ឥត​ឈប់​ នៅ​តាម​តំបន់​​ក្នុង​ប្រទេស​អាហ្សង់ទីន​រហូត​មក​ដល់​ថ្ងៃ​អាទិត្យ​ម្សិលមិញ​​ បាន​ធ្វើ​ឱ្យ​ក្រុម​គ្រួសារ​ជា​ច្រើន​ទៀត​​ត្រូវ​បង្ខំ​ចិត្ត​​ បោះ​បង់​​ផ្ទះ​សម្បែង​របស់​ពួក​គេ​ភៀស​ខ្លួន​​ទៅ​ជ្រក​កោណ​​ តាម​តំបន់​​សុវត្ថិភាព​ផ្សេង​ៗ​គេច​ចេញ​ពី​គ្រោះ​ថ្នាក់​​ធម្មជាតិ​ទឹក​ជំនន់​នេះ​។
សេចក្តី​រាយការណ៍​ឱ្យ​ដឹង​ថា​ យ៉ាង​ហោច​ណាស់​​ក៏​មាន​ពលរដ្ឋ​ជាង ១សែន​នាក់ ​ត្រូវ​បាន​គេ​ជម្លៀស​​ចេញ​ពី​តំបន់​រង​គ្រោះ​ ដោយ​ទឹក​ជំនន់​យ៉ាង​អាក្រក់​មិន​ធ្លាប់​មាន ​អស់​រយៈពេល​​ជា​ច្រើន​ទសវត្សរ៍​​មក​ក្នុង​ប្រទេស​នេះ​។ នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​​នៅ​តំបន់​អង់ត្រេ​រីយ៉ូស​ ដែល​រង​គ្រោះ​ទឹក​​ជំនន់​លោក ម៉ូរីស៊ីអូ ម៉ាគ្រី ​ប្រធានាធិបតី​អាហ្សង់ទីន​ទើប​ឡើង​កាន់​តំណែង​ថ្មី​មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​ និង​អាជ្ញាធរ​នៅ​តំបន់​គ្រោះ​ធម្មជាតិ​​បាន​ប្ដេជ្ញា​ចិត្ត​​​ធ្វើ​ការងារ​គ្រប់​យ៉ាង​ ដើម្បី​ជួយ​ដោះ​ស្រាយ​ដល់​ក្រុម​អ្នក​រងគ្រោះ​ មិន​ឱ្យ​ពលរដ្ឋ​​ជួយ​ការ​លំបាក​ធ្ងន់ធ្ងរ​ឡើយ​។ គួរ​ឱ្យ​ដឹង​ថា ស្រប​ពេល​​អាហ្សង់ទីន​កំពុង​ជួប​បញ្ហា​បែប​នេះ​​ នៅ​ក្នុង​ប្រទេស​អ៊ុយរុយហ្គាយ​ក៏​មាន​គ្រោះ​ធម្មជាតិ​​ទឹក​ជំនន់​ដែរ​ និង​ត្រូវ​បាន​គេ​ជម្លៀស​មនុស្ស​ជាង ១ម៉ឺន១ពាន់​៣រយ​នាក់​​ចេញ​ពី​តំបន់​រស់​នៅ​។ ចំណែក​នៅ​ភាគ​ខាងត្បូង​ប្រទេស​ប្រេស៊ីល​​វិញ​មនុស្ស​ជាង ១៨០០គ្រួសារ ​ត្រូវ​អាជ្ញាធរ​​ប្រចាំ​តំបន់​ជម្លៀស​​ពួក​គេ​​ចេញ​ពី​កន្លែង​​រស់​នៅ​ ខណៈ​ទឹកជំនន់​កើត​មាន​តាម​តំបន់​ក្នុង​ប្រទេស​នេះ​ដែរ​នោះ៕​​​

អត្ថបទ៖ វង្ស រិទ្ធី