សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុន រ៉ានី ​ហ៊ុន សែន ​ប្រជុំ​គណៈកម្មាធិការ​កណ្ដាល​កាកបាទក្រហមកម្ពុជា​អាណត្តិ​ទី​៦

217

ភ្នំពេញ៖ រសៀល​ថ្ងៃទី​២៨​ខែធ្នូ​ឆ្នាំ​២០១៥​នៅ​ទីស្នាក់ការ​កណ្ដាល​កាកបាទក្រហមកម្ពុជា​ស​ម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុន រ៉ានី ​ហ៊ុន សែន​ ប្រធាន​កាកបាទក្រហមកម្ពុជា​បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​កណ្ដាល​កាកបាទក្រហមកម្ពុជា​ដើម្បី​អនុម័ត​នូវ​របៀបវារៈ​សំខាន់ៗ​សំរាប់​បន្ត​អនុវត្ត​ក្នុង​ឆ្នាំ​២០១៦​ខាងមុខ​។

​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​នេះដែរ​ មាន​វត្តមាន​សម្តេច​ចៅហ្វា​វាំង​គង់ ​សំអុល​ អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា​លោកជំទាវ​ ឃួន ​សុ​ដា​រី​ លោកជំទាវ​អា​ន្នី​សុខ​អាន​ អនុប្រធាន​កាកបាទក្រហមកម្ពុជា​ឯកឧត្តម​លោកជំទាវ​ជា​សមាជិក​សមាជិក​គណៈកម្មាធិការ​កណ្ដាល​កាកបាទក្រហមកម្ពុជា​អគ្គលេខាធិការ​អគ្គលេខាធិការ​រង​ព្រមទាំង​ឯកឧត្តម​លោកជំទាវ​និង​អស់លោក​ជា​ប្រធាន​នាយកដ្ឋាន​ទាំង​៥​នៃ​កាកបាទក្រហមកម្ពុជា​។​

នៅក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​កណ្ដាល​កាកបាទក្រហមកម្ពុជា​នា​ថ្ងៃនេះ​គណៈអធិបតី​និង​សមាជិក​អង្គ​ប្រជុំ​បាន​ស្ដាប់​របាយការណ៍​ស្ដីពី​សកម្មភាព​របស់​កា​ក​បាទ​ក្រហម​កម្ពុជា​អនុវត្តន៍​ បាន​ក្នុង​ឆ្នាំ​២០១៥​ដែល​រាយការណ៍​ជូន​ដោយ​លោកជំទាវ​ពុំ​ចន្ទី​នី​អគ្គលេខាធិការ​កាកបាទ​ក្រហម​កម្ពុជា​បាន​បង្ហាញ​អំពី​វឌ្ឍនភាព​លើ​វិស័យ​មនុស្សធម៌​និង​ឆ្លុះបញ្ចាំង​នូវ​សកម្មភាព​របស់​កាកបាទ​ក្រហម​កម្ពុជា​លើ​វិស័យ​ស្នូល​ទាំង​៤​ ក្នុង​នោះ ​លើ​ប្រតិបត្តិការ​ជួយសង្គ្រោះ​ជនរងគ្រោះ​កាកបាទក្រហមកម្ពុជា​បាន​ផ្ដល់​អំណោយ​មនុស្សធម៌​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​គ្រប់​ប្រភេទ​បាន​ចំនួន​ប្រមាណ​៦​ម៉ឺន​៧៣៣៥​គ្រួសារ​។​

របាយការណ៍​ក៏​បាន​បង្ហាញ​ពី​ចំណុចខ្លាំង​ដែល​ត្រូវ​រក្សា​ពង្រឹង​ឲ្យ​កាន់តែ​សកម្ម​ថែមទៀត​និង​ចំណុចខ្សោយ​ដែល​ត្រូវ​បន្ត​ខិតខំ​ប្រឹងប្រែង​ថែមទៀត​ដើម្បី​ឈាន​ទៅ​សំរេច​ជោគជ័យ​ក្នុង​បេសកកម្ម​មនុស្សធម៌​ជួយ​ប្រជាពលរដ្ឋ​រងគ្រោះ​និង​ងាយ​រងគ្រោះ​ឲ្យ​កាន់​មាន​ប្រសិទ្ធភាព​។​

ដោយឡែក​ក្នុង​របាយការណ៍​ចំណូល​ចំណាយ​ថវិកា​ឆ្នាំ​២០១៥​និង​ផែនការ​ថវិកា​សម្រាប់​ប្រើប្រាស់​ក្នុង​ឆ្នាំ​២០១៦​ដែល​រាយការណ៍​ជូន​ដោយ​លោកជំទាវ​ អ៊ុក​ ម៉ាលី ​អគ្គហិរញ្ញិក​កាកបាទក្រហមកម្ពុជា​ដែល​តាមរយៈ​របាយការណ៍​នេះ​ បាន​បង្ហាញ​ពី​វឌ្ឍនភាព​នៃ​ការ​រីកចំរើន​របស់​កា​ក​បាទ​ក្រហម​កម្ពុជា​លើ​ផែន​ការ​រក​មូលនិធិ​មនុស្សធម៌​ដែល​ពី​១​ឆ្នាំទៅ​១​ឆ្នាំ​អង្គការ​មនុស្សធម៌​ដ៏​ធំ​នេះ​កាន់តែ​ទទួល​បាន​នូវ​ការ​ជឿទុកចិត្ត​ពី​សប្បុរស​ជនជាតិ​និង​អន្តរជាតិ​គ្រប់​មជ្ឈដ្ឋាន​។​

អង្គប្រជុំ​ ក៏បាន​ពិភាក្សា​លើ​វិស័យ​អាទិភាព​មួយចំនួន​ដែល​កាកបាទក្រហមកម្ពុជា​ត្រូវ​បន្ត​ជំរុញ​វឌ្ឍនភាព​របស់​ខ្លួន​ឲ្យ​កាន់តែ​ទូលំទូលាយ​ក្នុង​ន័យ​ធ្វើ​ឲ្យ​ស្ថាប័ន​មនុស្សធម៌​នៃ​ព្រះរាជាណាចក្រ​កម្ពុ​ជាមាន​ការអភិវឌ្ឍន៍​រីកចំរើន​ និង​រក្សាបាន​នូវ​និរន្តរភាព​ក្នុង​ប្រតិបត្តិការ​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​រងគ្រោះ​នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​ការងារ​អាទិភាព​ទាំងនោះ​រួមមាន​កម្មវិធី​សុវត្ថិភាព​ចរាចរណ៍​ការថែទាំ​សុខភាព​មាតា​និង​ទារក​ការកសាង​សមត្ថភាព​ស្ថាប័ន​ឲ្យ​ធន​មាំ​និង​សភាព​ការ​ប្រឈម​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ​នាពេល​បច្ចុប្បន្ន​ពិសេស​ការពង្រឹង​សមត្ថភាព​កា​ងារ​នៅ​គ្រប់​សាខា​ទាំងអស់​ដើម្បី​ឈាន​ឆ្ពោះ​ទៅរក​ការអនុវត្ត​ផែនការ​វិមជ្ឈការ​និង​វិសហមជ្ឈការ​កាន់តែ​ទូលំទូលាយ​ថែមទៀត​នៅក្នុង​អាណត្តិ​ទី​៦​នេះ​។​

ថ្លែង​នៅក្នុង​កិច្ចប្រជុំ​នេះ​សម្តេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត ​ប៊ុន រ៉ានី ​ហ៊ុន សែន​ប្រធាន​កាកបាទក្រហមកម្ពុជា​បាន​វាយ​តំលៃ​ខ្ពស់​ចំពោះ​សម្តេច​លោកជំទាវ​ឯកឧត្តម​ជា​ថ្នាក់ដឹកនាំ​និង​សមាជិក​សមាជិកា​គណៈកម្មាធិការ​កណ្ដាល​អគ្គ​លេខាធិការ​អគ្គលេខាធិការរង​នាយក​នាយកដ្ឋាន​ទាំង​៥​ដែល​បាន​ខិតខំ​ប្រែង​អនុវត្ត​ភារកិច្ច​រៀងៗ​ខ្លួន​ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់​ក្នុង​បុព្វហេតុ​បំរើ​រាល់​ប្រតិបត្តិការ​មនុស្សធម៌​ទទួល​បាន​ជោគជ័យ​ជាពិសេស​ប្រតិបត្តិការ​ក្នុងការ​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​ដែល​បាន​រងគ្រោះ​ដោយ​គ្រោះ​នា​ឆ្នាំ​២០១៥​នេះ​។ ​

សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ​ក៏បាន​ក្រើនរំលឹក​ដល់​សមាជិក​សមាជិកា​អង្គប្រជុំ​ទាំងអស់​ជាពិសេស​នាយកដ្ឋាន​ជំនាញ​ត្រូវ​បន្ត​យកចិត្តទុកដាក់​ឲ្យ​កាន់​តែខ្លាំង​ថែមទៀត​តាម​ជំនាញ​រៀងៗ​ខ្លួន ​ក្នុងការ​ទំនាក់​ទំនងជា​មួយ​ដៃគូរ​សហប្រតិបត្តិការ​ដើម្បី​ជំរុញ​អនុវត្តន៍​គំរោង ​ដែលមាន​ជាមួយ​ដៃគូរ​នៅតាម​សហគម​នានា​ឲ្យ​មាន​ប្រសិទ្ធភាព​ធ្វើយ៉ាងណា​ឲ្យ​បេសកកម្ម​មនុស្សធម៌​រប​ស់​កាកបាទក្រហមកម្ពុជា​កាន់តែ​ទទួលបាន​ជោគជ័យ​ថែមទៀត​ទាំង​លើ​គំរោង​កម្មវិធី​និង​ប្រតិបត្តិការ​ផ្នែក​មនុស្សធម៌​ជួយ​ប្រជាពលរដ្ឋ​រងគ្រោះ​និង​ងាយ​រងគ្រោះ​នៅ​គ្រប់​ទីកន្លែង​ឲ្យ​បាន​ទាន់ពេលវេលា​និង​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​។​

សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​នូវបាន​សំដែង​នូវ​មោទនភាព​ផងដែរ​ចំពោះ​លទ្ធផល​ការងារ​ដែល​កាកបាទក្រហមកម្ពុជា​សំរេចបាន​ក្នុង​រយៈពេល​កន្លងទៅ​ដែល​នេះ​គឺជា​កិត្តិយស​និង​មោទនភាព​សំរាប់​យើងទាំងអស់គ្នា​ដែល​បាននិងកំពុង​បំរើ​ការងារ​ក្នុង​ស្ថាប័ន​មនុស្សធម៌​កាកបាទក្រហមកម្ពុជា​ដើម្បី​រួមគ្នា​ជួយ​ដល់​ប្រជាពលរដ្ឋ​យើង​ដែលជា​អ្នករងគ្រោះ​និង​ងាយ​រងគ្រោះ​ដែល​កំពុង​ត្រូវការ​ចាំបាច់​នូវ​ការជួយ​ពី​កាកបាទក្រហមកម្ពុជា​។ ចុងបញ្ចប់ កិច្ចប្រជុំ​គណៈកម្មាធិការ​កណ្ដាល​កាកបាទក្រហមកម្ពុជា​ក៍​បានធ្វើការ​អនុម័ត​ទៅ​លើ​របៀបវារៈ​ដែល​បាន​លើកយក​មកសុំ​ការយល់ព្រម​ពី​អង្គប្រជុំ​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ផងដែរ​៕