អគ្គនាយក​ពន្ធដារ គ្រោង​ប្រមូល​ឱ្យ​បាន​១៥០០​លាន​ដុល្លារ​នៅ​ឆ្នាំក្រោយ​

307

ភ្នំពេញ​៖ ដើម្បី​ឲ្យ​ការ​ប្រមូល​ពន្ធ​នៅ​ឆ្នាំ​២០១៦​ខាងមុខនេះ​សម្រេច​បាន​តាម​ផែនការ​ដែល​បាន​គ្រោងទុក គឺ ១៥០០​លាន​ដុល្លារ​អាមេរិក​នោះ​គឺ​មន្ត្រី​គ្រប់​ផ្នែក​ទាំងអស់ ត្រូវ​ខិតខំ​ប្រឹងប្រែង​ប្រមូល​ឱ្យ​បាន​មកពី​គ្រប់​ផ្នែក​ពាក់​ព័​ន្ធ​ទាំងអស់ ជាពិសេស​ការ​ប្រមូល​ពន្ធ​នៅ​រាជធានី​ភ្នំពេញ​។​

នេះ​បើ​តាម​កិច្ចប្រជុំ​ដែល​ដឹកនាំ​ដោយ​អភិបាល​រាជធានី​ភ្នំពេញ​ឯកឧត្ដម ប៉ា សុជាតិ​វង្ស និង ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​អគ្គនាយកដ្ឋាន​ពន្ធដារ​លោក​គង់ វិបុល​ បាន​លើកឡើង​នៅ​ថ្ងៃ ២៤ ធ្នូ​។​នៅក្នុង​កិច្ចប្រជុំ​នោះ​ដែរ​ឯកឧត្ដម ប៉ា សុជាតិ​វង្ស និង​លោក​គង់ វិបុល​ក៏បាន​ណែនាំ​ដល់​មន្ត្រី​ពន្ធដារ​គ្រប់​លំដាប់​ថ្នាក់ និង​អាជ្ញាធរ​តាម​មូលដ្ឋាន​ទាំងអស់ ត្រូវ​ចូលរួម​សហការ​គ្នា​ឲ្យ​បានល្អ ដើម្បី​ណែនាំ​ដល់​អ្នក​ជាប់ពន្ធ​ទាំងអស់​ឲ្យ​យល់​ពី​កាតព្វកិច្ច​របស់​ខ្លួន​ក្នុងការ​បង់ពន្ធ​ជូន​រដ្ឋ​។​

ថ្នាក់ដឹកនាំ​អង្គប្រជុំ​ទាំងពីរ​បញ្ជាក់​បន្ថែម​ថា នៅពេល​អនុវត្ត​ការងារ​របស់​ខ្លួន មន្ត្រី​ពន្ធដារ និង សមត្ថកិច្ច​ទាំងអស់ ត្រូវ​គោរព​ឲ្យ​បាន​នូវ​ក្រម​សីល​ធ៌​ម​វិជ្ជាជីវៈ និង​ទន់ភ្លន់ តែ​ម៉ឺងម៉ាត់​ដោយ​គោរព​ច្បាប់ និង បទបញ្ញត្តិ​ទាំងឡាយ ដែល​មាន​ចែង ទើប​ធ្វើ​ឱ្យ​ការប្រមូល​ពន្ធ​នោះ ទទួលបាន​ជោគជ័យ និង ឈាន​ទៅ​សម្រេច​បាន​តាម​ផែនការ​កំណត់​ក្នុង​ច្បាប់​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០១៦​ខាងមុខ​។​

សូម​បញ្ជាក់​ផងដែរ​ថា នៅក្នុង​ឆ្នាំ​២០១៥ នេះ អគ្គនាយកដ្ឋាន​ពន្ធដារ ប្រមូល​ពន្ធ​បាន​ប្រមាណ​ជា ១១០០​លាន​ដុល្លារ​អាមេរិក​៕