សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ថ្វាយព្រះពរ​ព្រះមហាក្សត្រ និង​សម្តេច​ម៉ែ​

388

ភ្នំពេញ​៖​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ធ្វើ​លិខិត​ចំនួន​២​ផ្សេងគ្នា ថ្វាយព្រះពរ​ព្រះករុណា​ព្រះបាទ​សម្តេច ព្រះ​នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ស្តេច​ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ នៅ​ក្នុង​ឱកាស​ចូល​ឆ្នាំថ្មី​ឆ្នាំ​សកល​២០១៦​។​

លិខិត​សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើកឡើងថា នៅក្នុង​ឱកាស​ដ៏​មហា​នក្ខត្តឫក្ស​ប​ពៃ​ថ្លៃថ្លា​ប្រកបដោយ​ក្តី​អភិរម្យ​សោ​មនុស្ស​រីករាយ​នៃ​ឱកាស​ចូល​ឆ្នាំថ្មី​ឆ្នាំ​សកល​២០១៦​ទូលព្រះបង្គំជាខ្ញុំ​តាងនាម​សមាជិក​សមាជិកា​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​និង​មន្ត្រីរាជការ​ទូទាំងប្រទេស​និង​ក្នុងនាម​ទូលព្រះបង្គំជាខ្ញុំ​ផ្ទាល់​និង​ភរិយា​សូម​សម្តែង​នូវ​សេចក្តី​អំណរ​សាទរ​ឥតឧបមា​ចូលរួម​ថ្វាយ​នូវ​ព្រះ​សព្ទសាធុការ​ពរជ័យ​បវរ​សួស្តី​សិរី​វ​ឌ្ឍ​នា​វិបុល​សុខ​មហាប្រសើរ​គ្រប់យ៉ាង​និង​សូម​ព្រះអង្គ​ទ្រង់​ប្រកបដោយ​ព្រះកាយពល​រឹងមាំ​ខ្លាំងក្លា​ព្រះ​បញ្ញាណ​ភ្លឺ​ថ្លា​ត្រចះត្រចង់​ព្រះរាជសុខភាព​ល្អ​បរិបូរណ៍​ព្រះ​ជន្មាយុ​យឺនយូរ​ជាង​រយ​ព្រះវស្សា​ចាក​ផុតពី​ព្រះរោគា​ព្យាធិ​នានា​ដើម្បី​ព្រះអង្គ​ទ្រង់​គង់ប្រថាប់​នៅក្នុង​ព្រះ​បរម​សិរី​រាជសម្បត្តិ​ជា​ម្លប់​ដ៏​ត្រជាក់ត្រជុំ​សំបូរ​សប្បាយ​ចម្រុងចម្រើន​ថ្កុំ​ថ្កើ​ន​រុងរឿង​របស់​មាតុភូមិ​អង្គរ​ជាទី​ស្នេហា​និង​ប្រជានុរាស្ត្រ​របស់​ព្រះអង្គ​និង​ដើម្បី​បន្ត​ព្រះរាជ​បេសកកម្ម​ដ៏​ឧត្តុង្គឧត្តម​ថ្លៃថ្លា​ជា​ប្រវត្តិសាស្ត្រ​ពី​ព្រះករុណា​ព្រះមហាវីរក្សត្រ​ព្រះរាជ​បិតា​ឯករាជ្យ​បូរណភាព​ទឹកដី​និង​ឯកភាព​ជាតិ​ព្រះ​បរម​រតន​កោដ្ឋ​។​

សម្តេច​តេ​ជោ​បានលើកឡើង​ទៀតថា ទូលព្រះបង្គំជាខ្ញុំ​ទាំងអស់គ្នា​សូម​ព្រះ​បរម​រាជានុញ្ញាត​សម្តែង​ថ្វាយ​នូវ​កតញ្ញុកតវេទិកា​ធម៌​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​ព្រះមហា​ករុណា​ទិ​គុណ​និង​ព្រះព្រហ្ម​វិហារធម៌​ដ៏​ថ្លៃថ្លា​របស់​ព្រះអង្គ​ក្នុង​វិស័យ​ព្រះពុទ្ធសាសនា​អប់រំ​សិក្សាធិការ​សង្គមកិច្ច​សុខុមាលភាព​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ដែល​បាន​ចូលរួមចំណែក​យ៉ាងសំខាន់​ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ព្រះរាជា​​ណា​ចក្រ​កម្ពុជា​ក្នុង​រយៈពេល​កន្លងមក​។​

ក្នុង​វរោកាស​ដ៏​មហា​មង្គល​សួស្តី​ប្រសើរ​ថ្លៃថ្លា​ជ​យា​ភិរម្យ​នេះ​ផងដែរ​ទូលព្រះបង្គំជាខ្ញុំ​ទាំងអស់គ្នា​សូម​ព្រះ​បរម​រាជានុញ្ញាត​លើក​ហត្ថ​ប្រណម្យ​បួងសួង​ដល់​វត្ថុ​ស័ក្តិសិទ្ធិ​ទាំងឡាយ​ក្នុង​លោក​គុណបុណ្យ​ព្រះ​រតនត្រ័យ​កែវ​ទាំងបី​ឫទ្ធិ​បារមី​ខ្លាំងក្លា​ទេវតា​ថែរក្សា​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បុណ្យ​បារមី​ទេវតា​ថែរក្សា​ព្រះមហា​ស្វេតច្ឆត្រ​គុណបុណ្យ​បារមី​ព្រះឥន្ទ​ព្រះព្រហ្ម​ព្រះអង្គ​ចេក​ព្រះអង្គ​ចម​ព្រមទាំង​បុណ្យ​បារមី​នៃ​ដួង​ព្រះ​វិញ្ញាណក្ខន្ធ​អតីតព្រះមហាក្សត្រ​ព្រះមហា​ក្សត្រិយានី​ខ្មែរ​គ្រប់​ព្រះអង្គ​ជាពិសេស​ឫទ្ធិ​បារមី​នៃ​ដួង​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​នរោត្តម​សីហនុ​ព្រះមហាវីរក្សត្រ​ព្រះវររាជបិតា​ឯករាជ្យ​បូរណភាព​ទឹកដី​និង​ឯកភាព​ជាតិខ្មែរ​ព្រះ​បរម​រតន​កោដ្ឋ​សូម​ព្រះអង្គ​តាម​ជួយ​បីបាច់​ថែរក្សា​អភិបាល​ប្រោះព្រំ​ព្រះ​សព្ទសាធុការ​ពរជ័យ​គ្រប់ប្រការ​ថ្វាយ​ចំពោះ​ព្រះ​ករុណ​ថ្លៃ​វិសេស​សូម​ព្រះអង្គ​តាម​ជួយ​បីបាច់​ថែរក្សា​អភិបាល​ប្រោះព្រំ​ព្រះ​សព្ទសាធុការ​ពរជ័យ​គ្រប់ប្រការ​ថ្វាយ​ចំពោះ​ព្រះករុណា​ថ្លៃ​ពិសេស​សូម​ព្រះអង្គ​ទ្រង់​ប្រកបដោយ​ព្រះ​ពុទ្ធពរ​ទាំង​បួន​ប្រការ​គឺ​អាយុ​វណ្ណៈ​សុ​ខៈ​ពលៈ​ជា​ភិយ្យោភាព​តរៀង​ទៅ​៕