សវនាការ​រឿង​ក្តី​ប៉ង​សម្លាប់​ភរិយា​និង​រំលោភ​កូនស្រី​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម គ្មាន​លទ្ធផល​

344

ភ្នំពេញ ៖​ សវនាការ​សំណុំរឿង​ផ្ដើម​គំនិត​ក្នុង​ការ​រៀបចំ​គម្រោង​រំលោភ​សេពសន្ថវៈ​និង​សម្លាប់​ភរិយា និង​កូនស្រី របស់​លោក ស៊ុន ចាន់​ថុល ទេសរដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម គ្មាន​លទ្ធផល ។ គ្មាន​លទ្ធផល បន្ទាប់ពី​តុលាការ​ចំណាយ​ជិត​៤​ម៉ោង ក្នុង​ការ​សួរដេញដោល​អ្នកស្រី ឡាយ ហួង តែ​ទីបំផុត សវនាការ​ត្រូវ​បាន​លើក​បន្ត​ទៅ​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០១៦ ខាងមុខនេះ​វិញ ។​

មុននឹង​តុលាការ​សម្រេច​លើក​ពេល​សវនាការ នោះ គឺ​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ពិភាក្សា​គ្នា​លើ​ការ​ស្នើសុំ​នៅ​ក្រៅ​ឃុំ មុន​អង្គ​សេចក្តី​របស់​ជនជាប់ចោទ ឡាយ ហួង ។ ប៉ុន្តែ​លោក​ចៅក្រម សាន សុផាត សម្រេច​បដិសេធ​ចោល​ភ្លាមៗ ព្រោះ​សំណុំ​រឿង​នេះ​កំពុង​ដំណើររឿង​អង្គ​សេចក្តី​ដូច្នេះ​គប្បី​រក្សាទុក​ជនជាប់ចោទ​ក្នុង​ឃុំ ។​

សេចក្តី​សម្រេច​នេះ ត្រូវ​បាន​លោក​មេធាវី ជា ចាន់​រ៉ាវី ចាត់ទុកថា​មិន​ត្រឹមត្រូវ ព្រោះ​អ្នកស្រី ឡាយ ហួង គប្បី​បាន​ស្ថិតនៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន ។ លោក​មេធាវី ថ្លែងប្រាប់​ក្រុម​អ្នកកាសែត ថា អ្នកស្រី ឡាយ ហួង មាន​ជម្ងឺ​ប្រចាំ​កាយ ​បាន​ដាក់​ប្រាក់​ធានា មានការ​ធានា​ពី​ក្រុម​គ្រួសារ មាន​ឆន្ទៈ​មិន​គេចវេះ ។ សំអាង​ហេតុ​ទាំងនេះ គប្បី​តុលាការ​មាន​មូលហេតុ​គ្រប់គ្រាន់ ក្នុង​ការ​សម្រេច​ឱ្យ​អ្នកស្រី ឡាយ ហួង ស្ថិតនៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន ។ ទោះ​បី​យ៉ាងណា អ្នកស្រី ឡាយ ហួង បាន​ប្ដឹង​ឧទ្ធរណ៍ ចំពោះ​ការសម្រេច​មិន​ឱ្យ​នៅ​ក្រៅ​ឃុំ​នេះ ។​

គួរ​រំលឹក​ថា អ្នកស្រី ឡាយ ហួង ត្រូវ​បាន​ប៉ូលិស Interpol ឃាត់ខ្លួន ក្នុង​ទឹកដី​ប្រទេស​ថៃ កាលពី​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០១៤ កន្លងទៅ តាម​ការ​ស្នើ​របស់​សម​ត្ថ​កិច្ច​កម្ពុជា ពាក់ព័ន្ធ​នឹង​ករណី​ផ្តើម​គំនិត​ក្នុង​ការ​រៀបចំ​គម្រោង​រំលោភ​និង​សម្លាប់​លោកស្រី ស៊ុន សូ​ត្ថា​ ភរិយា និង​កូនស្រី របស់​លោក ស៊ុន ចាន់ថុល កាលពី​យប់​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០១០ ។​

អ្នកស្រី ឡាយ ហួង ធ្លាប់​បាន​ដាក់ពាក្យ​ស្នើសុំ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​ជាច្រើនលើក​ច្រើន​សារ តែ​ត្រូវ​បាន​តុលាការ​ទាំង​៣​ជាន់ថ្នាក់ បដិសេធ​ចោល ។ អ្នកស្រី​ធ្លាប់​បដិសេធ​ថា ពុំបាន​រៀបចំ​គម្រោង​បទល្មើស​ឧក្រិដ្ឋ​នេះ​ដូច​ការចោទប្រកាន់​នោះ​ទេ ៕​