ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​ចប់​អាណត្តិ​ចូល​ជួប​សម្ដែង​ការគួរសម ​សម្ដេច​ប្រធានរដ្ឋសភា​​​ និងជម្រាបលា

241
ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​ចប់​អាណត្តិ​ចូល​ជួប​សម្ដែង​ការគួរសម ​សម្ដេច​ប្រធានរដ្ឋសភា​​​ និងជម្រាបលា

ភ្នំពេញ ៖ សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង ​សំរិន ​ប្រធានរដ្ឋសភា នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​៣០ ខែធ្នូ ​ឆ្នាំ​២០១៥ បាន​អនុញ្ញាត​ឲ្យ​លោកជំទាវ អា​លី​សុន ​ប៊ូ​រ៉ូ ( Alison Burrows ) ឯកអគ្គរដ្ឋទូត នៃ​ប្រទេស​អូស្ត្រាលី ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ចូល​ជួប​សម្ដែង​ការគួរសម និង​ជម្រាបលា នៅ​វិមាន​រដ្ឋសភា ក្នុង​ឱកាស​ដែល​លោកជំទាវ ត្រូវ​បញ្ចប់​បេសកកម្ម​ការទូត​ពី​កម្ពុជា​។​

នៅក្នុង​ឱកាស​នោះ​លោកជំទាវ ឯកអគ្គរដ្ឋទូត បាន​ជម្រាប​ជូន​ សម្ដេច​ប្រធានរដ្ឋសភា ថា ក្នុង​រយៈពេល​៣​ឆ្នាំ នៃ​បេសកកម្ម​ការទូត របស់​លោក​ជំទាវ​នៅ​កម្ពុជា លោកជំទាវ​បាន​ខិតខំ​ជំរុញ​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​ប្រទេស​ទាំងពីរ​(​កម្ពុជា អូស្ត្រាលី​) ឲ្យ​រឹងមាំ​ឡើងជា​លំដាប់​។ លោកជំទាវ​បាន​គូស​បញ្ជាក់​ថា ប្រទេស​អូស្ត្រាលី បាន​ក្លាយ​ជា​ដៃ​អភិវឌ្ឍន៍​យ៉ាង​សំខាន់​មួយ របស់​ប្រទេស​កម្ពុជា ដោយ​កន្លងមក​អូស្ត្រាលី បាន​ជួយ​កម្ពុជា ក្នុង​វិស័យ​កសិកម្ម ឧស្សាហកម្ម សុខាភិបាល និង​បាន​ផ្តល់​អាហារូបករណ៍​ដល់​សិស្ស និស្សិត មន្ត្រីរាជការ​កម្ពុជា បាន​ទៅ​សិក្សា​នៅ​ប្រទេស​អូស្ត្រាលី ។ ជា​មួយ​គ្នា​នេះ អួ​ស្ត្រា​លី​ជា​ប្រទេស​មួយ​ ដែល​បាន​ជួយ​គាំទ្រ​ដល់​ដំណើរការ​របស់​សាលា​ក្តី​ខ្មែរក្រហម ផង​ដែរ​។​

លោកជំទាវ អា​លី​សុន ប៊ូ​រ៉ូ បាន​ជម្រាប​ជូន​សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ពី​ទំនាក់ទំនង​ល្អ រវាង​រដ្ឋាភិបាល​កម្ពុ​ជា និង​អូស្ត្រាលី បន្ថែម​ទៀត​ថា ប្រទេស​ទាំងពីរ​បាន​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ដ៏​ល្អ​ជាមួយគ្នា ក្នុង​វិស័យ​ការពារ​ជាតិ ​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស ។

ចំពោះ​ទំនាក់ទំនង សភា​ប្រទេស​ទាំងពីរ​វិញ ត្រូវ​បាន​លោកជំទាវ អា​លី​សុន ប៊ូ​រ៉ូ លើក​ឡើង​ថា សភា​កម្ពុជា និង​សភា​អូស្ត្រាលី បាន​បង្កើត​ឲ្យ​មានដំណើរ​ទស្សនកិច្ច​ផ្លាស់ប្ដូរ​បទពិសោធន៍​គ្នា​ទៅវិញទៅមក ជា​បន្តបន្ទាប់ ជាពិសេស​ដំណើរ​ទស្សនកិច្ច​យ៉ាង​ជោគជ័យ​របស់​គណៈប្រតិភូ​សភា​ប្រទេស​អូស្ត្រាលី មកកាន់​ប្រទេស​កម្ពុជា កាល​ពី​ពេល​កន្លងទៅ​ថ្មីៗ​នេះ ក្នុង​ការ​បង្កើត និង​ជំរុញ​កិច្ច​សហប្រតិបត្តិការ​រ​វាង​សភា​ប្រទេស​ទាំងពីរ​។

ដើម្បី​ពង្រឹង​ទំនាក់ទំនង​សភា​ប្រទេស​ទាំងពីរ​ឲ្យ​រឹងមាំ​ថែមទៀត លោកជំទាវ អា​លី​សុន ប៊ូ​រ៉ូ បាន​គោរព​អញ្ជើញ​ស​ម្តេច​ប្រធានរដ្ឋសភា ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​សភា​កម្ពុជា ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ និង​មិត្តភាព នៅ​ប្រទេស​អូស្ត្រាលី​ក្នុង​ឆ្នាំ​ថ្មី ឆ្នាំ​២០១៦​ខាងមុខនេះ​។ សំណើ​នេះ ត្រូវ​បាន សម្ដេច​ប្រធានរដ្ឋសភា ទទួល​យកមក​ពិចារណា​។​

ជាមួយគ្នានេះ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បាន​សម្តែង​ក្តី​រីករាយ​យ៉ាង​ក្រៃលែង ដែល​បានឃើញ​ចំណងមិត្តភាព​ប្រទេស​ទាំងពីរ​(​កម្ពុជា​អូស្ត្រាលី​) រីកចម្រើន ជា​លំដាប់​។ សម្តេច​បាន​មានប្រសាសន៍ថា បើទោះបីជា លោកជំទាវ អា​លី​សុន ប៊ូ​រ៉ូ ត្រូវ​បញ្ចប់​បេសកកម្ម​ផ្លូវការ​ពី​កម្ពុជា​ក្តី តែ​សូម​ឲ្យ​លោកជំទាវ បន្ត​កិច្ចខិតខំ សហការ​ក្នុង​ការជំរុញ​ទំនាក់ទំនង​ប្រទេស​ទាំងពីរ​បន្តទៀត ដើម្បី​ជា​ឧ​ត្ត​ម​ប្រយោជន៍ រវាង​ប្រទេស និង​ប្រជាជន​ទាំងពីរ​បន្តទៀត​៕