នៅ​ឆ្នាំ​២០១៥ ការនាំចេញ​របស់​កម្ពុ​ជាមាន​ទឹកប្រាក់​៤.៥០០​លាន​ដុល្លារ​អាមេរិក មាន​កំណើន​២៥%

579

ភ្នំពេញ៖ ឯកឧត្តម ​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​ បាន​លើកឡើង​នៅក្នុង​របាយការណ៍​ប្រចាំឆ្នាំ​របស់ខ្លួន​ថា ការនាំចេញ​របស់​កម្ពុ​ជា​នៅ​ឆ្នាំ ២០១៥​នេះ​មាន​ទឹកប្រាក់​ចំនួន ៤.៥០០​លាន​ដុល្លារ​អាមេរិក បើ​ធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០១៤ មាន​ទឹកប្រាក់​ចំនួន ៣.៦០០​លាន​ដុល្លារ​អាមេរិក និង​មាន​កំណើន​២៥%​។​

ឯកឧត្តម ស៊ុន ចាន់ថុល ​ឲ្យ​ដឹងថា ការផ្តល់​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភពដើម​ទំនិញ និង​អាជ្ញាប័ណ្ណ​សម្រាប់​នាំចេញ​មុខទំនិញ​សំខាន់ៗ រួមមាន សម្លៀកបំពាក់ ស្បែកជើង អង្ករ កសិផល ដំណាប់​ស្វាយ ដំឡូងជ្វា ម្ទេស​ស្រស់ ស្លឹក​ទាបបារាំង ទៅ​ប្រទេស​កូរ៉េ និង​ប្រទេស​ថៃ ហើយ ក្រៅពីនេះ​មាន​ទោចក្រយាន និង​ផលិតផល​ផ្សេងៗ​ទៀត​។

ឯកឧត្តម បាន​បញ្ជាក់ថា​« ក្នុងនោះ​សម្រាប់​ឆ្នាំ​២០១៥​នេះ​ទឹកប្រាក់​នាំចេញ​តំបន់​សេដ្ឋកិច្ច​ពិសេស​មាន​ទឹកប្រាក់ ១.២១២​លាន​ដុល្លាអាមេរិកាំង ធៀប​នឹង​ឆ្នាំ​២០១៤​មាន​ទឹកប្រាក់ ៦៧២​លាន​ដុល្លារ​អាមេរិក​មាន​កំណើន ៨០%»​។​

យោង​តាម​ក្រសួងពាណិជ្ជកម្ម​បង្ហាញថា លទ្ធផល​នៃ​ការងារ​នាំចេញ​រួមមាន ការចុះបញ្ជី​ផ្តល់​សិទ្ធិ​នាំចេញ​ក្រោម​ប្រព័ន្ធ​អនុគ្រោះ ពន្ធ​មាន ក្រុមហ៊ុនកាត់ដេរ​សំលៀក​បំពាក់​ចំនួន ៨៨៣​ក្រុមហ៊ុន មាន​កម្មករ​៥២៩.១៨៦​នាក់ ក្នុង​នោះ​ ដំណើរការ​ពេញលេញ​មាន ៨១១​ក្រុមហ៊ុន​។​

ក្រៅ​ពីនេះ ​រោងចក្រ​ផលិត​ស្បែកជើង​ចំនួន ៨៧​ក្រុមហ៊ុន​មានកម្ម​ករ​ចំនួន ១០១៨៦៣​នាក់ និង​រោងចក្រ​ផ្សេងៗ​ចំនួន ១៦០​ក្រុមហ៊ុន​ដែល​មាន​កម្មករ​ចំនួន ៥០.៤១១​នាក់​។​

ក្រៅ​ពីនេះ ​ចំពោះ​ការ​ចេញ​អាជ្ញាប័ណ្ណ​នាំចេញ​មាន​ទឹកប្រាក់ ១៨,២៥​លាន​ដុល្លារ​អាមេរិក នឹង​បានផ្តល់​អាជ្ញាប័ណ្ណ​នាំចូល​មាន​ទឹកប្រាក់ ០,៣៤​លាន​ដុល្លារ​អាមេរិក និង​បាន​ផ្តល់​វិញ្ញាបនបត្រ​នាំចេញ​នាំចូល​ត្បូ​ត​ពេជ្រ​មិនទាន់​កែច្នៃ និង​សល់​ពី​ការកែច្នៃ​មាន​ទឹកប្រាក់​ប្រមាណ ១៥​លាន​ដុល្លារ​សហរដ្ឋអាមេរិក​៕