រថយន្ត​បា​ឡែ​ន​មួយ​គ្រឿង​ឆ្លង​ភ្លើង​ឆេះ​អស់​ស្ទើរ​ទាំង​ស្រុង​

363
រថយន្ត​បា​ឡែ​ន​មួយ​គ្រឿង​ឆ្លង​ភ្លើង​ឆេះ​អស់​ស្ទើរ​ទាំង​ស្រុង​

ភ្នំពេញ ៖ រថយន្ត Camry ​បា​ឡែ​ន​មួយ​គ្រឿង​ពណ៌​ទឹកប្រាក់ ដែល​ជា​ប្រភេទ​រថយន្ត​រត់​តាក់​ស៊ី​ត្រូវ​បាន​ភ្លើង​ឆេះ​យ៉ាង​សន្ធោសន្ធៅ ត្រូវ​សមត្ថកិច្ច​ខណ្ឌ​ជ្រោយ​ចង្វារ​ហៅ​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​ក្រុម​ហ៊ុន​លី​យ៉ុង​ផាត់​មក​ជួយ​បាញ់​ទឹក​ពន្លត់ ចំនួន​២​គ្រឿង ប៉ុន្តែ​បើ​ទោះ​ជួយ​អន្តរាគមន៍​អន្តរាគមន៍ យ៉ាងណា​ក៏​ត្រូវ​ភ្លើង​ឆេះ​ខ្ទេច​អស់​សល់​តែ​គ្រោងឆ្អឹង ។​

ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង ៧​ជាង​ព្រឹក​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៥​នេះ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ ចុះ​ពី​ស្ពាន​លី​យ៉ុង​ផាត់ ទៅ​ត្រើយ​ខាងកើត សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយ​ចង្វារ​។​

លោក ប៊ុនធឿន​ប៉ូលិស​ចរាចរណ៍​ខណ្ឌ​ជ្រោយ​ចង្វារ​នៅ​ក្បែរ​កន្លែង​កើត​ហេតុ ​បាន​ឱ្យ​ដឹង​ ថា ​រថយន្ត​មួយ​គ្រឿង​នេះ​ត្រូវ​ភ្លើង​ឆេះ​ពី​ផ្នែក​ខាងមុខ សង្ស័យ​ឆ្លងភ្លើង បណ្ដាល​ឲ្យ​មាន​ផ្សែងហុយ​ទ្រលោម ហើយ​ភ្លាមៗ​នោះ​អ្នក​បើក​រថយន្ត និង​អ្នក​ជិះ​ទាំងចាស់ទាំងក្មេង ចំនួន​៦​នាក់​បាន​នាំ​គ្នា​ចុះ​ចេញពី​រថយន្ត ហើយ​ប្រមូល​យក​ឥវ៉ាន់​ក៏​សឹង​មិនទាន់​ផង​ស្រាប់តែ​រថយន្ត​ឆាបឆេះ​ចេញ​អណ្ដាត​ភ្លើង​យ៉ាង​សន្ធោសន្ធៅ​យ៉ាង​ឆាប់​រហ័ស ។​

នៅក្នុង​ហេតុការណ៍​នោះ​ពុំ​បណ្ដាល​ឱ្យ​អ្នក​ម្នាក់​រង​របួស​ទេ គេ​ឃើញ​សមត្ថកិច្ច​ប៉ូលិស​ខណ្ឌ​ជ្រោយ​ចង្វារ ចុះ​ទៅដល់​កន្លែង​កើត​ហេតុ​ហៅ​រថយន្ត​ពន្លត់អគ្គីភ័យ​មក​ជួយ​បាញ់​ទឹក​ពន្លត់ ហើយក៏​ត្រូវ​រលត់​ភ្លាមៗ​តែ​ជា​អកុសល​រថយន្ត​ទាំងមូល​ត្រូវ​ឆេះ​ខូចខាត​ខ្ទេច​គ្មាន​សល់ បន្សល់​តែ​គ្រោងឆ្អឹង​តែ​ប៉ុណ្ណោះ​ចំណែក​ម្ចាស់​បាន​ត្រឹមតែ​ឈរ​មើល​ទាំង​ទឹកមុខ​ក្រៀមក្រំ​ដោយ​សោក​ស្តាយ​ជាទីបំផុត ៕​