មូលនិធិ EDCF​របស់​កូរ៉េ​សន្យា​ជួយ​ពង្រឹងគុណភាព​ដំណាំ​ស្រូវ​នៅ​កម្ពុជា​

227

ភ្នំពេញ​៖ មូលនិធិ​កិច្ច​សហ​ប្រតិបត្តិការ​និង អភិវឌ្ឍន៍ កូរ៉េ​(EDCF)​បាន​សន្យា​ថា​នឹង​បន្ដ​កិច្ច​សហប្រតិបត្តិការ​នា​នា ជាមួយ​ក្រុម​មន្ត្រី​គម្រោង​របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ​លើ​ការងារ​កែប្រែ​ពង្រឹងគុណភាព​ដំណាំ​ស្រូវ​នៅ​កម្ពុជា ពិសេស នៅ​ជនបទ​។

មូលនិធិ EDCF ក៏​នឹង​ផ្ដល់​អ្នកបច្ចេកទេស​ជំនាញ​ឲ្យ​ចូលរួម​អនុវត្ដ​ការងារ​ជាមួយ​មន្ត្រី​កសិកម្ម​ ដើម្បី​បន្ដ​ការងារ​ដាំ​ដុះ​ដំណាំ​ស្រូវ​ឲ្យ​មានគុណ​ភាព ពិសេស​ឲ្យ​ទាន់​រដូវ វស្សា​ឆ្នាំនេះ​ផង និង​ឲ្យ​ទាន់​ដែល​កម្ពុជា ត្រៀម​ចូល​ជា សមាជិក​សេដ្ឋកិច្ច​អាស៊ាន​នា​ចុងឆ្នាំ​២០១៥​នេះ​ផង​។

ការសន្យា​របស់​លោក Jongbok Lee នាយក នៃ​មូលនិធិ EDCF​នេះ​បាន​ធ្វើឡើង​នៅក្នុង​ជំនួប​ពិភាក្សា​មួយ​ជាមួយ លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍​ជន​កាលពី​ថ្ងៃទី​៣០ ខែ​ធ្នូ​ ឆ្នាំ​២០១៥ នៅ​ទីស្ដីការក្រសួង​។

នៅក្នុង​ជំនួប​នោះ​លោក​រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ​បាន​ស្នើសុំ​ឲ្យ​មូលនិធិ​កិច្ច​សហ​ប្រតិ​ប​តិ្ដ​ការ​និង អភិវឌ្ឍន៍ EDCF​កូរ៉េ បន្ដ​ជួយ​ផ្ដល់​បច្ចេកទេស​ជំនាញ​លើ​ការងារ​ដាំ​ដុះ​ដំណាំ​ស្រូវប្រាំង​ ដើម្បី​ពង្រឹងគុណភាព​ស្រូវ អង្ករ​ត្រៀម​នាំ​ចេញទៅ​ប្រកួតប្រជែង​ទីផ្សារ​សេដ្ឋកិច្ច​អន្តរជាតិ​អាស៊ាន​សម្រាប់​ដំណាច់ឆ្នាំ ២០១៥​នេះ​។

លោក ជា សុផារ៉ា បាន​សម្ដែង​ការ​គាំទ្រ​រាល់​គំនិត​នៃ​គម្រោង នានា ដើម្បី​ពង្រឹងគុណភាព​លើ​ដំណាំ​ស្រូវ​នៅ​កម្ពុជា​ចំពោះ​មូលនិធិ​សហ​ប្រតិ​ប​ត្ដិ​ការ​និង​ការអភិវឌ្ឍន៍ ​EDCF​កូរ៉េ ពិសេស​ជួយ​កែលម្អ​ពង្រឹងគុណភាព​ដំណាំ​ស្រូវ និង​បន្ដ ជួយ​ជា​បច្ចេកទេស​នៃ​ការ​ដាំដុះ​ដំណាំ​ស្រូវ ការ​ជ្រើសរើស​ពូជស្រូវ​ទៅ​ដាំ​តាម​ប្រភេទ​ដី និង​ជួយ​ពង្រឹង​ការថែទាំ​ជាដើម​ការងារ ទាំង​អស់នេះ ប្រសិនបើ​ពុំ​មាន​អ្នកបច្ចេកទេស​ជួយ​ជ្រោមជ្រែង​ទេ វិស័យ​កសិកម្ម​នៅ​កម្ពុជា​មិនអាច​ផលិត​អង្ករ​ទៅ​ប្រកួតប្រជែង​នៅ​លើ​ទីផ្សារ​អន្តរជាតិ​នោះ​បាន​ទេ​។​

លោក​រដ្ឋមន្ត្រី​ក៏បាន​សម្តែង​នូវ​ការចាប់អារម្មណ៍ និង​សេចក្តី​សប្បាយរីករាយ​ចំពោះ​ការចាប់អារម្មណ៍​របស់ EDCF មក លើ​វិស័យ​កសិកម្ម ជាពិសេស​ដំណាំ​ស្រូវ និង​ការអភិវឌ្ឍន៍​ជនបទ​នៅ​កម្ពុជា​។

ជាមួយ គ្នា​នេះ លោក​ក៏​បាន​ផ្ដល់​ការ​លើកទឹកចិត្ត ឲ្យ EDCF ពង្រឹង​កិច្ចសហការ​ជាមួយ​ក្រសួង អភិវឌ្ឍន៍ជនបទ​តាមរយៈ​បង្កើត​ឲ្យ​គណៈកម្មការ​ដើម្បី​ជំរុញ​ឲ្យ​ការងារ​អភិវឌ្ឍន៍​ដំណាំ​ស្រូវ​សម្រាប់​ប្រជាកសិករ​នៅ​តាម​សហគមន៍​ជនបទ ទទួល​បាន​លទ្ធផល​ល្អ​នៅពេល​អនាគត​ដ៏​ខ្លី​ខាងមុខនេះ​។

លោក ជា សុ​ផ​រ៉ា ក៏​បាន​ផ្តល់​ជា​អនុសាសន៍​ដល់ EDCF ឲ្យ​សិក្សា​ពី​លទ្ធ​ភាពជា​ជម្រើស​នានា​នៃ​ការផលិត​ស្រូវ​ដោយ​ភ្ជាប់​ទៅ​គម្រោង​អភិវឌ្ឍន៍ជនបទ​តាម​បែប​ចលនា​ភូមិ​ថ្មី នៃ​សាធារណរដ្ឋ​កូរ៉េ​របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ៕