​អ្នក​ជំនាញ​ថា​​ ​ជា​រៀង​រាល់​ឆ្នាំ​ តម្រូវការ​ឈាម​នៅ​កម្ពុជា​ មានការ​កើន​ឡើង​ពី​៥​ទៅ​៨​ភាគរយ ​

372
ជា​រៀង​រាល់​ឆ្នាំ​ តម្រូវការ​ឈាម​នៅ​កម្ពុជា​ មានការ​កើន​ឡើង​ពី​៥​ទៅ​៨​ភាគរយ

ភ្នំពេញ ៖ ដោយសារតែ​អ្នកជំងឺ​ចេះតែ​កើន​ឡើង​ ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​នោះ​បាន​ធ្វើ​ឲ្យ​តម្រូវការ​ឈាម​នៅ​ប្រទេស​ កម្ពុជា​មានការ​ កើន​ឡើង​ផង​ដែរ​ ពោល​គឺ​កើន​ឡើង​ពី​៥​ទៅ​៨​ភាគរយ​ជា​រៀងរាល់​ឆ្នាំ។

លោក​វេជ្ជបណ្ឌិត​ហុក​ គឹម​ចេង​ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​បាន​មានប្រសាសន៍ថា​មូលហេតុ​ដែល​ នាំ​ឲ្យ​ការប្រើប្រាស់​ឈាម​មាន​ការ​កើនឡើង​ពីមួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​ គឺ​ដោយសារតែ​តម្រូវការ​ឈាម​មាន​ចំនួន​កាន់​តែច្រើន​ពិសេស​ជំងឺ​មួយ​ចំនួន​ ដែល​ត្រូវការ​ឈាម​ជា​ចាំបាច់។ ដូចជា​ទាក់ទិន​នឹង​ជំងឺ​ការហូរ​ឈាម​តាម​ប្រដាប់​រំលាយ​អាហារ ការវះកាត់​ជំងឺ​បេះដូង គ្រោះថ្នាក់​ចរាចរណ៍ ករណី​នៃ​ការហូរ ឈាម​មិន​ប្រក្រតី​នៅមុន​និង​ក្រោយពេល​សំរាលកូន ករណី​ជំងឺ​ខ្សោយ​តំរង់​នោម​និង ករណី នៃ​ការ​ព្យាបាល​ថែទាំ ជំងឺ​មហារីក​។​ល​។

លោក​វេជ្ជបណ្ឌិត​បាន​បន្ត​ថា ​នៅ​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​រាជធានី​ភ្នំពេញ ​ការ​ផ្គត់ផ្គង់​និង​សមាស​ភាព​នៃ​ឈាម​មាន​ពី​១០០​ទៅ​១២០​ប្លោក​ក្នុង​១​ថ្ងៃ​ សម្រាប់​ជួយសង្គ្រោះ​ដល់​អ្នកជំងឺ​ដែល​ត្រូវការ​ឈាម​ខាងលើ​។ តាម​ការ​ប៉ាន់ស្មាន​នៅ​តាម​មន្ទីរពេទ្យ​ធំៗ​ នៅ​ក្នុង​រាជធានី​ភ្នំពេញ​ត្រូវការ​ឈាម​ប្រមាណ​ជាង​៣​ម៉ឺន​ប្លោក​ដើម្បី​ ជួយសង្គ្រោះ​ដល់​អ្នកជំងឺ​ក្នុង​១​ឆ្នាំៗ។

លោក​បាន​បន្ថែម​ថា ​តម្រូវការ​ឈាម​កាន់តែ​កើន​ឡើង​រីឯ​ចំនួន​អ្នក​បរិច្ចាគ​ឈាម​ដោយ​ ស្ម័គ្រចិត្ត​នៅក្នុង​ប្រទេស​កម្ពុជា​នៅ​មនា​កម្រិត​ទាប​នៅឡើយ​បើ​ប្រៀបធៀប​ ទៅនឹង​បណ្តា​ប្រទេស​មួយចំនួន​នៅ​ក្នុង​តំបន់​។

តាម​តួលេខ​របស់​ អង្គការ​សុខភាព​ពិភពលោក​ក្នុង​ឆ្នាំ​២០១៤​បានបង្ហាញ​ថា​នៅ​ប្រទេស​កម្ពុជា​ អត្រា​នៃ​អ្នក​បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រចិត្ត​និង​មិន​គិត​កម្រៃ​មាន​ ត្រឹមតែ​៣៣​ភាគរយ​នៃ​តំរូវ​ការ​ឈាម​ប៉ុណ្ណោះ​ក្នុងខណៈដែល​ប្រទេស​ក្នុង​តំបន់ ​មាន​អត្រា​ខ្ពស់ជាង​នេះ​ដូចជា​ប្រទេស​ឡាវ​មាន​អ្នក​បរិ​ច្ឆា​គ​ឈាម​ដោយ​ ស្ម័គ្រចិត្ត​ចំនួន​៨៨​ភាគរយ​ប្រទេស​ថៃ​មាន​៩៤​ភាគរយ​និង​ប្រទេស​វៀតណាម​មាន ​ចំនួន​៩៦​ភាគរយ​ចំណែក​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ផ្សេងទៀត​ដូចជា​សឹង្ហ​ បូរី​និង​ម៉ាឡេស៊ី​ទទួល​បាន​១០០​ភាគរយ​។​ដូចនេះ ​ប្រទេស​កម្ពុជា​ត្រូវ​ខិតខំ​ បន្ថែមទៀត​ដើម្បី​សម្រេច​ឲ្យ​បាន​តាម​គោលដៅ​របស់​អង្គការ​សុខភាព​ពិភពលោក​ ធ្វើ​យ៉ាងណា​ឲ្យ​អត្រា​នៃ​អ្នក​បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រចិត្ត​និង​មិន​គិត ​កម្រៃ​ ឲ្យ​បាន​១០០​ភាគរយ​នៅ​ឆ្នាំ​២០២០​ខាងមុខនេះ​។

លោក​វេជ្ជបណ្ឌិត​ ហុក​ គឹម​ចេង​ សង្ឃឹមថា​ នៅ​ឆ្នាំនេះ​នឹង​មាន​អ្នកចូលរួម​ បរិច្ចាគ​ឈាម​គ្រប់​ចំនួន​ដោយសារតែ​បច្ចុប្បន្ន​នេះ​បងប្អូន​ប្រជាពលរដ្ឋ​ យើង​មានការ​យល់ដឹង​ច្រើន​ពី​សារសំខាន់​នៃ​ការ​ផ្តល់​ឈាម​នេះ​។​លោក​បាន​ បន្តថា ​ការផ្តល់​ឈាម​មួយ​ប្លោក​របស់​បងប្អូន​ពិតជា​មាន​សារ​ខ្លាំង​ណាស់​ ក្នុង​ការ​ជួយសង្គ្រោះ​អាយុជីវិត​ដល់​អ្នករងគ្រោះ​ដែល​ត្រូវការ​ឈាម​ហើយ​ ការ​ផ្តល់​ឈាម​នេះ​នឹង​ទទួល​បាន​នូវ​បុណ្យ​កុសល្យ​យ៉ាង​ធំធេង​ក្នុងនាម​យើង​ ជា​អ្នក​កាន់​ព្រះពុទ្ធសាសនា​។

តែ​ទោះជា​យ៉ាងណាក៏ដោយ​លោក​ប្រធាន​មជ្ឈមណ្ឌល​ជាតិ​រូប​នោះបាន​ មានប្រសាសន៍ថា​«​ខ្ញុំ​ចង់បាន​បងប្អូន​ផ្តល់​ឈាម​ដោយ​ស្ម័គ្រចិត្ត​មិន​ ចង់បាន​ពេល​ដែល​ក្រុមគ្រួសារ​មានការ​ខ្វះ​ឈាម​ទើប​មក​បរិច្ចាគ​នោះទេ​បើ​ ក្នុង​១​គ្រួសារ​មាន​ម្នាក់​មក​ផ្តល់​ឈាម​ដោយ​ស្ម័គ្រចិត្ត​នោះ​ជឿជាក់ថា​ ឈាម​មិនមាន​ការខ្វះខាត​ហើយក៏​មិន​ចាំបាច់​ឲ្យ​សាច់ញាតិ​ផ្តល់​ឈាម​ដែរ​»​។

​លោក​វេជ្ជបណ្ឌិត​សេក​ម៉ារ​ឌី​តំណាង​ស្តីទី​នៃ​អង្គការ​សុខភាព​ពិភពលោក​ ប្រចាំ​ប្រទេស​កម្ពុជា​បាន​ដឹងថា​«​ការផ្តល់​ឈាម​គឺជា​ការសង្គ្រោះ​ជីវិត​។​ ឈាម​មួយ​ប្លោក​របស់​លោកអ្នក​អាច​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស​រហូតដល់​ទៅ​៣​ នាក់​។​ដូចនេះ​ការ​បញ្ចូល​ឈាម​និង​ផលិតផល​ឈាម​អាចជួយ​សង្គ្រោះ​ជីវិត​មនុស្ស​ រាប់​លាន​នាក់​ក្នុង​១​ឆ្នាំៗ​នៅ​ទូទាំង​ពិភពលោក​»​។​

លោក​បាន​បន្តថា​ទោះបីជា ​យ៉ាងណាក៏ដោយ​ក្នុងប្រទេស​ជាច្រើន​រួមមាន​ប្រទេស​កម​កម្ពុជា​ផង​ ការផ្គត់ផ្គង់​ឈាមមាន​សុវត្ថិភាព​មិនទាន់​គ្រប់គ្រាន់​នៅឡើយ​ហើយ​សេវា​ ផ្តល់​ឈាម​បាន​ជួបប្រទះ​បញ្ហា​ប្រឈម​ជាច្រើន​ក្នុងការ​ផ្តល់​ឈាម​ឲ្យ​បាន​ គ្រប់គ្រាន់​ទន្ទឹម​នឹង​ការធានា​ឲ្យ​បាន​នូវ​ឈាម​ដែលមាន​គុណភាព​និង​ សុវត្ថិភាព។

លោក​វេជ្ជបណ្ឌិត​ សេក​ ម៉ារ​ឌី​ បាន​បញ្ជាក់​ថា«​គេ​អាច​ធានា​នូវ​ការ​ ផ្គត់ផ្គង់​ឈាម​ដែល​មាន​សុវត្ថិភាព​បាន​គ្រប់គ្រាន់​តាមរយៈ​ការ​បរិច្ចាគ​ ឈាម​ដោយ​ស្ម័គ្រចិត្ត​និង​មិន​យក​កម្រៃ​ប៉ុណ្ណោះ​ខណៈ​ដែល​ប្រទេស​កម្ពុជា​ ឈាម​ដែល​ប្រមូល​បាន​មក​ពី​ការ​បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រចិត្ត​និង​មិន​យក​កម្រៃ​មិនទាន់​បាន​តាម​តម្រូវការ​នៅ​ទូទាំង​ប្រទេស​នៅឡើយ​ទេ​»​។

តំណាង​អង្គការ​សុខភាព​ពិភពលោក​រូប​នេះ​បាន​បន្ថែម​ថា ​«​យើង​ត្រូវការ​អ្នក​ផ្តល់​ឈាម​ដោយ​ស្ម័គ្រចិត្ត​និង​មិន​យក​កម្រៃ​ជាច្រើន​ ទៀត​ដើម្បី​បំពេញ​ទៅតាម​គោលដៅ​របស់​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​ដែល​ត្រូវ​ សម្រេច​ឲ្យ​បាន​នូវ​ការ​បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រចិត្ត​និង​មិន​យក​កម្រៃ​ រហូតដល់​១០០​ភាគរយ​នៅ​ឆ្នាំ​២០២០​ខាងមុខ​»៕