កង​រថ​ក្រោះ​ទួកគី ​បាន​វាយ​ប្រហារ​មក​លើ​គោល​ដៅ​របស់​ក្រុម​ជីវពល​ឃើដ​នៅ​តំបន់​ភាគ​អាគ្នេយ៍​ប្រទេស

411

​ទួកគី ៖ កង​រថ​​ក្រោះ​យោធា​ទួក​គី​ បាន​បើក​ការ​វាយ​ប្រហារ​របស់​ខ្លួន​មក​លើ​ក្រុម​ជីវពល​ឃើដ ​កាល​ពី​ថ្ងៃ​សៅរ៍​ម្សិលមិញ ​ដែល​ជា​ផ្នែក​មួយ​នៃ​យុទ្ធានាការ​យោធា ​ក្នុង​ការ​បោស​សំអាត​ក្រុម​ជីវពល​មួយ​នេះ ​ចេញ​ពី​តំបន់​ភាគ​អាគ្នេយ៍​ប្រទេស។


គួរ​ឲ្យ​ដឹង​ថា​អំពើ​ហិង្សា​បាន​ផ្ទុះ​ឡើង​នៅ​តំបន់​គ្រប់​គ្រង​ដោយ​ក្រុម​ឧទ្ទាម​ឃើដ ​ជា​ហេតុ​ធ្វើ​ឲ្យ​មាន​អំពើ​ហិង្សា​ដ៏​អាក្រក់​បំផុត​កើត​ឡើង​ ចាប់​តាំ​ង​ពី​ទសវត្សរ៍​ឆ្នាំ​១៩៩០​រហូត​មក ​ពោល​គឺ​បន្ទាប់​ពី​ការ​ដួលរំ​លំទៅ​នៃ​បទ​ឈប់​បាញ់​រយៈ​ពេល​២​ឆ្នាំ ​រវាង​គណបក្ស​ក្រុម​កម្មករ​ឃើដ​ ឬ​ហៅ​កាត់​ថា ​PKK និង​រដ្ឋាភិបាល​ទួកគី​។
នៅ​ឯ​ស្រុក​ស៊ីរ៉េ ​រថ​ក្រោះ​រដ្ឋាភិបាល​ទួកគី​ បាន​ផ្លោង​គ្រាប់​កាត់​តាម​អាគារ​ចូល​មក​កាន់​តំបន់​កាន់​កាប់​របស់​ក្រុម​បំបែក​ខ្លួន​របស់​គណបក្ស ​PKK ។
ប្រជាពលរដ្ឋ​ស្លូត​ត្រង់​ត្រូវ​បង្ខំ​ចិត្ត​ជម្លៀស​ចេញ​ពី​ផ្ទះ​សម្បែង​របស់​ខ្លួន ​ដោយ​សារ​ព្រួយ​បារម្ភ​ដល់​សុខ​សុវត្ថិភាព​របស់​ខ្លួន​។
លោក​ហាទីស ​ប៊ូរ៉ាក់ ​គឺ​ជា​ពលរដ្ឋ​មួយ​រូបរ​ស់​នៅ​ក្នុង​ទី​ក្រុង​ស៊ីស​រ៉េ ​បាន​ឲ្យ​ដឹង​ថា ​ពួក​លោក​បាន​ចាក​ចេញ​ពី​ផ្ទះ​សម្បែង​របស់​ខ្លួន ​ដើម្បី​គេច​វេស​ពី​សង្រ្គាម​នៅ​ក្នុង​ទីក្រុង​។ ពួក​គេ​បាន​ផ្លោង​គ្រាប់​កាំភ្លើង​ត្បាល់ ​ដូច្នេះ​ហើយ​ពួក​លោក​ត្រូវ​តែ​ជម្លៀស​ចេញ​ទៅ​កាន់​តំបន់​ផ្សេង​។
សូម​បញ្ជាក់​ថា​ ក្រុម​សកម្ម​ប្រយុទ្ធ​របស់​គណបក្ស​ PKK ​បាន​ងើប​បះ​បោរ​កាល​ពីឆ្នាំ​១៩៨៤ ដើម្បី​ច្បាំង​ដណ្តើម​តំបន់​កាន់​កាប់​របស់​ខ្លួន​នៅ​ភាគ​អាគ្នេយ៍​ប្រទេស ​ហើយ​​ចាប់​តាំង​ពី​ពេល​នោះ​មក​ មនុស្ស​ជាង​៤​ម៉ឺន​នាក់​ ត្រូវ​បាន​សម្លាប់​ដោយ​សារ​អំពើ​ហិង្សា​មួយ​នេះ៕

អត្ថបទ​៖ សារ៉ាត់