កម្ពុជា​ប្រឈម​នឹង​កង្វះ​កម្មករ​ជំនាញ​ច្រើន ​ពេល​ចូល​សមាហរណកម្ម​អាស៊ាន​នៅ​ឆ្នាំ​២០១៥​

534
កម្ពុជា​ប្រឈម​នឹង​កង្វះ​កម្មករ​ជំនាញ​ច្រើន ​ពេល​ចូល​សមាហរណកម្ម​អាស៊ាន​នៅ​ឆ្នាំ​២០១៥​

​ភ្នំពេញ​ ៖​ ឯកឧត្តម ​អ៊ិត​ សំហេង ​រដ្ឋមន្ត្រីក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​សំដែង​នូវ​ការ​ព្រួយបារម្ភ​ពី​បញ្ហា​កង្វះ​កម្មករ​ជំនាញ​យ៉ាង​ច្រើន ​ខណៈ​ពេល​ដែល​កម្ពុ​ជា ​ចូល​សមាហរណកម្ម​អាស៊ាន ​នា​ឆ្នាំ​២០១៥​នេះ​។

ឯកឧត្តម ​ ​រដ្ឋមន្ត្រី​ ​​មានប្រសាសន៍​ ថា​ បច្ចុប្បន្ននេះ​ អ្វី​ដែល​កម្ពុជា​កំពុង​ប្រឈម​នោះ​គឺ​ការ​ខ្វះ​បញ្ហា​កម្មករ​ ជំនាញ​តែម្តង​ដែល​ជា​បញ្ហា​ដ៏​សំខាន់​នៅក្នុង​វិស័យ​ការងារ​។​ដូចជា​ផ្នែក​វិស័យ​សំណង់​យើង​ត្រូវការ​ជាង​រៀប​ឥដ្ឋ​រៀប​ឥត​ការ៉ូ​ និង​ផ្នែក​តុបតែង​។​ចំណែក​នៅ​រោងចក្រ​វិញ​យើង​ខ្វះ​ជំនាញ​ បច្ចេក​ទេស​ ជួសជុល​តំឡើង​និង​ផ្នែក​ផ្សំ​។ ឯកឧត្តម ​រដ្ឋមន្ត្រី​បាន​បន្ថែម ​ថា​«​និយាយ​រួម ​នៅ​កម្ពុជា​ខ្វះ​ជំនាញ​កម្មករ​ជំនាញ​តែ​សំបូរ​កម្ម​មិន​មាន​ជំនាញ​ដែល​បញ្ហា​នេះ​ទាមទារ​ឲ្យ​មានការ​បណ្តុះ​បណ្តាល​មុខជំនាញ​ឲ្យ​សម​ស្របតាម​តំរូវការ​ទីផ្សារ​»​។

ឯកឧត្តម ​រដ្ឋមន្ត្រី​ បាន​មានប្រសាសន៍ថា​ កម្ពុជា ​ជា​ប្រទេស​មួយ​ដែល​មាន​កំលាំង​ពលកម្ម​វ័យក្មេង​ច្រើន​ជាងគេ​នៅក្នុង​តំបន់​ដោយ​បច្ចុប្បន្ននេះ​ កម្ពុ​ជា​មាន​កំលាំង​ពលកម្ម​ប្រមាណ​ជាង​៧​លាន​នាក់​។​ដូចនេះ​កម្ពុជា​មិន​មាន​បញ្ហា​កង្វះ​កំលាំង​ពលកម្ម​ឬ​ប្រឈម​ជាមួយ​កត្តា​សង្គម​ដែល​មាន​មនុស្ស​ចាស់​ច្រើន​ដូច​ប្រទេស​អភិវឌ្ឍ​មួយ​ចំនួន​នោះទេ​។

តាម​ស្ថិតិ​ជំរឿន​ប្រជាសាស្ត្រ​បាន​បង្ហាញ​ថា​ យុវជន​អាយុ​ពី​១៥​ ដល់​២៤ ​មាន​ចំនួន​២២,៥​ភាគរយ​។​អាយុ​ពី​២៥​ដល់​៣៤​ឆ្នាំ​មាន​១៧,៧​ភាគរយ​អាយុ​ពី​៣៥​ដល់​៦៤​ឆ្នាំ​មាន​២៥,៤​ភាគរយ​។​ចំនួន​នេះ​បើ​ប្រៀបធៀប​ជាមួយ​បណ្តា ​ប្រទេស​ជា​សមាជិក​ក្នុង​តំបន់​កម្ពុ​ជា​មាន​អត្រា​យុវជន​ពេញ​កំលាំង​ចន្លោះ​ពី​អាយុ​១៥​ដល់​២៤​ឆ្នាំ​ច្រើន​ជាងគេ​គឺ​ច្រើន​ជាងគេ​៣២​ភាគរយ​។​នៅ​ឥណ្ឌូនេស៊ី​មាន​១៨​ភាគរយ​ថៃ​១៣​ភាគរយ​និង​វៀតណាម​មាន​១៩​ភាគរយ​។

ឯកឧត្តម​ អ៊ិត​ សំហេង​ ​បាន​មានប្រសាសន៍ថា​ ប្រជាពលរដ្ឋ​កម្ពុជា​ដែល​ឈាន​ដល់​អាយុ​បំពេញ​ការងារ​មាន​ប្រមាណ​ចន្លោះ​ពី​២៥០០០០​ទៅ​៣០០០០០​នាក់​រួម​ជាមួយ​នឹង​កំណើន​ប្រជាជន​ប្រមាណ​ជាង​២​សែន​នាក់​ ក្នុង​១​ឆ្នាំ​។​បើ​តាម​ការ​ព្យាករណ៍​កំ​ណើ​ន​ប្រជាពលរដ្ឋ​កម្ពុជា​នឹង​មាន​សភាព​ថេរ​គិត​ចាប់​ពីពេលនេះ​រហូតដល់​ឆ្នាំ​២០៥០​។​​ដូចនេះ​ អាច​បញ្ជាក់​បាន​ថា ​កម្ពុជា​មិន​មាន​បញ្ហា​កង្វះ​កំលាំង​ពលកម្ម​ឬ​ប្រឈម​ជាមួយ​កត្តា​សង្គម​ដែល​មាន​មនុស្ស​ចាស់​ច្រើន​ដូច​ប្រទេស​អភិវឌ្ឍ​មួយ​ចំនួន​នោះទេ​។

​តាម​គម្រោង​វិនិយោគ​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍ​កម្ពុជា​ (CDC)​ ចាប់ពី​ឆ្នាំ​២០០៩​ដល់​ឆ្នាំ​២០១៣ ​បាន​បង្កើត​ការងារ​ដល់​កម្លាំង​ពលកម្ម​ជិត​៨​សែន​កន្លែង​ក្នុង​នោះ​តំរូវ​ការ​កំលាំង​ពលកម្ម​ដែល​មាន​ជំនាញ​ជាង​៦០​ភាគរយ​សំរាប់​បំរើ​ការងារ​ក្នុង ​វិ​ស័​យ​ ឧស្សាហកម្ម​និង​សេវាកម្ម​។​ប៉ុន្តែ​ចាប់ពី​ចន្លោះ​ឆ្នាំ​២០១២ ​ដល់​ឆ្នាំ​២០១៥​ កំណើន​ការងារ​ក្នុង​វិស័យ​កសិកម្ម​មាន​ចំនួន​៨,២០​ភាគរយ​វិស័យ​ឧស្សា​ហកម្ម​មាន​១៦,០៦​ភាគរយ​និង​សេវាកម្ម​មាន​១៤,២៦​ភាគរយ​។

បើទោះបីជា​កម្ពុជា​មាន​កំ​លាំង​ពលកម្ម​ច្រើន​ក៏ដោយ​ ឯកឧត្តម​ ​អ៊ិត​ សំហេង​ ​បាន​ជំរុញ​ឲ្យ​យុវជន​យើង​ត្រូវ​ត្រៀមខ្លួន​តាមរយៈ​ការអប់រំ​ និង​កសាង​សមត្ថភាព​ឲ្យ​បាន​ពេញលេញ​ស្របតាម​មុខវិជ្ជា​ឯកទេស​ទាំងអស់​ដែល​មាន​តំរូវការ​ចាំបាច់​នៅ​ពេល​ធ្វើ​សមាហរណកម្ម​អាស៊ាន​ដើម្បី​មានលទ្ធភាព​ប្រកួតប្រជែង​ខ្ពស់​ក្នុង​ការ​ចាប់យក​ឱកាស​ការងារ​ទាំង​ក្នុង​ទាំង​ក្រៅ​ប្រទេស​ពិសេស​ត្រូវ​ចេះ​ប្រែក្លាយ​បញ្ហា​ប្រឈម​ទាំងអស់​ឲ្យ​ក្លាយទៅជា​ឱកាស​ដ៏​សំបូរ​បែប​នៅក្នុង​តំណាក់​កាល​នៃ​ការធ្វើ​សមាហរណកម្ម​នេះ​៕