មួយ​សប្ដាហ៍​នគរបាល​ខណ្ឌ​សែន​សុខ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​នៅ​ភូមិ​ត្រពាំង​ឈូក​ឃាត់​មនុស្ស​៣៥​នាក់

296
មួយ​សប្ដាហ៍​នគរបាល​ខណ្ឌ​សែន​សុខ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​នៅ​ភូមិ​ត្រពាំង​ឈូក​ឃាត់​មនុស្ស​៣៥​នាក់

ភ្នំពេញ ​៖ ​ក្នុង​រយៈ​ពេល​មួយ​សប្ដាហ៍ នគរបាល​ខណ្ឌ​សែន​សុខ បង្ក្រាប​បទល្មើស​គ្រឿងញៀន​នៅ​ភូមិ​ត្រពាំង​ឈូក ឃាត់​មនុស្ស មនុស្ស​ប្រុស ស្រី ចំនួន ៣៥​នាក់ ដកហូត​ថ្នាំញៀន និង​វត្ថុ​តាង ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​។​

លោក​វរសេនីយ៍ឯក ម៉ក់ ហុង អធិការ​ខណ្ឌ​សែន​សុខ ប្រាប់​ឲ្យ​ដឹង​ថា ដោយមាន​បញ្ជា​ពី​លោក លី សា​វេត អភិបាលខណ្ឌ​សែន​សុខ លោក សក់ ច័ន្ទ​កញ្ញា​រិ​ទ្ធ អភិបាលរងខណ្ឌ​សែន​សុខ រួម​ទាំង​រូបលោក​ផ្ទាល់​បាន​ដឹកនាំ​កងកម្លាំង​បន្ត​ចុះ​បង្ក្រាប​បទល្មើស​គ្រឿងញៀន នៅ​ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ជា​បន្តបន្ទាប់ រយៈ​ពេល​៣​ថ្ងៃ​ជាប់ៗ​គ្នា ក្នុង​មួយ​សប្ដាហ៍ ឃាត់​មនុស្ស​ប្រុស ស្រី សរុប ចំនួន ៣៥​នាក់ ដកហូត​ថ្នាំញៀន និង​វត្ថុ​តាង ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត ។​

ប្រតិបត្តិ​ការ​បង្ក្រាប​ប​ទ​ល្មើស​គ្រឿងញៀន​នៅ​តំបន់​ស្មុគស្មាញ​ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា នេះ គឺ​ចាប់​ផ្តើម​ឡើង កាលពី​ថ្ងៃទី​៦ ខែមករា ឆ្នាំ​២០១៦ ដោយមាន​ការ​ចូល​រូ​ម​សម្រប សម្រួល​ពី​លោក អ៊ុំ សុភ​ក្រ័​ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ឃាត់​បាន​ជនសង្ស័យ​ចំនួន ១២​នាក់ ក្នុង នោះ​ស្រី ១​នាក់ ដកហូត ថ្នាំញៀន​មួយចំនួន ទូរ​ហ្គេម​បាញ់​ត្រី ១ ដាវ​សាំ​ម៉ា​រ៉ៃ ១ ដើម រួម​ទាំង​ឧបករណ៍​ប្រើ ប្រាស់​គ្រឿងញៀន​មួយ​ចំនួន​ទៀត ។​

លោក​វរសេនីយ៍ឯក ម៉ក់ ហុង ប្រាប់​បន្ត​ឲ្យ​ដឹង​ថា ដោយឡែក នា​ថ្ងៃទី​៧ ខែមករា ឆ្នាំ​២០១៦ គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ សែន​សុខ បន្ត​ចុះ​ចាប់​ទូ​ហ្គេម បាញ់​ត្រី​ចំនួន ១​ទូ និង​ទូ​ហ្គេម វាយ​ពង់​ចំនួន ៣​ទូ ព្រមទាំង ឃាត់ខ្លួន អ្នកប្រើប្រាស់ គ្រឿងញៀន​ចំនួន ៥​នាក់ នៅមុខ មន្ទីរពេទ្យ​ព្រះកុសុមៈ (​ពេទ្យ​លោកសង្ឃ​) ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។​

ប្រតិបត្តិការ​នេះ​ដឹកនាំ​ដោយ​លោក សក់ ច័ន្ទ​កញ្ញា​រិ​ទ្ធ អភិបាលរងខណ្ឌ​សែន​សុខ តំណាង​លោក លី សា​វេត អភិបាលខណ្ឌ​សែន​សុខ និង​លោក អ៊ុក សុភា អនុប្រធាន​ការិយាល័យ​អន្តរ​វិស័យ​ខណ្ឌ​សែន​សុខ និង​មន្ត្រី​ជា​ច្រើន​រូប​ទៀត​។​

លោក​អធិការ​ខណ្ឌ​សែន​សុខ​ប្រាប់​បន្ត​ទៀត​ថា ដោយមាន​ការ​បញ្ជា​ពី​លោក​អភិបាលខណ្ឌ​សែន​សុខ​លោក​បាន​បន្ត​ប្រតិបត្តិការ​ចុះ​បង្ក្រាប ឃាត់ខ្លួន​ជនសង្ស័យ​ពាក់ព័ន្ធ​និង​គ្រឿងញៀន​ចំនួន ១៨​នាក់ បន្ថែម​ទៀត កាលពី​ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០១៦ នៅ​ចំណុច ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ដកហូត​ថ្នាំញៀន​ចំនួន ១​កញ្ចប់​ធំ និង​ចំនួន ៣​កញ្ចប់​តូច ជញ្ជីង​ថ្លឹង​ថ្នាំញៀន​ចំនួន ១​គ្រឿង ឧបករណ៍​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន អត្តសញ្ញាណប័ណ្ណ​ចំនួន ១១​សន្លឹក និង​ប័ណ្ណ​សម្គាល់​យានយន្ត​ចំនួន ៥​សន្លឹក ។ ដោយឡែក​នា​ថ្ងៃនេះ​ផង​ដែរ លោក សក់ ច័ន្ទ​កញ្ញា​រិ​ទ្ធ អភិបាលរងខណ្ឌ ក៏បាន​ចុះទៅ​បង្ក្រាប​ទីតាំង​បើក​អាជីវកម្ម​ហ្គេម​បាញ់​ត្រី​មួយ​កន្លែង នៅផ្ទះ​លេខ​៦៦ ផ្លូវ​លេខ​៥៩៨ ភូមិ​ទំនប់ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ដកហូត​បាន​ទូ​ហ្គេម​ត្រី​ចំនួន ១​ទូ​ធំ នាំ​យក​ទៅ​រក្សាទុក​នៅ​សាលាខ័ណ្ឌ​សែន​សុខ ដើម្បី​ចាត់ការ​បន្ត​ទៅ​តាម​នីតិ​វិធី ។ រីឯ​ជនសង្ស័យ​ពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀន​ទាំង​៣៥​នាក់ រួម​ទាំង​វត្ថុ​តាង ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ផ្ដន្ទាទោស​តាមច្បាប់​។​

លោក សក់ ច័ន្ទ​កញ្ញា​រិ​ទ្ធ អភិបាលរងខណ្ឌ​ប្រាប់​អោយ​ដឹង​ថា ដោយមាន​ការ​បញ្ជា​ពី​លោក លី សា​វេត អភិបាលខណ្ឌ​សែន​សុខ លោក​បាន​ដឹកនាំ​កំលាំង​សណ្ដាប់ធ្នាប់​ខណ្ឌ អាវុធហត្ថ​ខណ្ឌ និង​ក​ម្លាំ​នគរបាល​ខណ្ឌ កម្លាំង​នគរបាល​ប៉ុស្តិ៍ បន្ត​ចុះ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​នៅ​ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ដូច​ភ្លៀងរលឹម ពីព្រោះ​តំបន់​នេះ​សម្បូរ​ទៅ​ដោយ​បទល្មើស​គ្រឿងញៀន​គ្រប់​រូបភាព ប្រមូល​ផ្តុំ​ទៅ​ដោយ​ក្រុម​ជន​សង្គម​ងងឹត​គ្រប់​ប្រភេទ ល្បែងស៊ីសង​ខុសច្បាប់ ដូចជា​ហ្គេម​បាញ់​ត្រី​ជាដើម ពីព្រោះ​ថា បើ​អ្នកលេង​ចាញ់ ច្រើន​យូរៗ​ទៅ​អាច​នឹង​កើតមាន​បទល្មើស​ផ្សេងៗ​នៅក្នុង​រាជធានី​ភ្នំ​ពេញ ។ ហេតុ​ដូច្នេះហើយ ទើប​លោក បន្ត​ដឹកនាំ​កំលាំង​ចុះ​បង្ក្រាប​បទល្មើស​ទាំងនេះ​ឲ្យ​ខាង​តែ​បាន​។​

ជា​មួយ​គ្នានេះ​ផង​ដែរ​លោក​អភិបាលរងខណ្ឌ​ក៏​បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ ដែល​រស់នៅ​តំបន់​ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ទាំងអស់ ត្រូវ​សហការ​ណ៍​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ជួយ​ផ្តល់​ព័​ត៌មាន​រាល់​បទល្មើស​ផ្សេងៗ ដើម្បី​មាន​វិធានការ ចុះ​បង្ក្រាប​ទាន់​ពេល​​វេលា​៕