លោក សំ វ៉ាន​ដេ​ត​៖ កម្ពុជា ចាញ់​ម៉ា​ល់​ឌី​វ ៣-២ ដោយសារ​ការ​វាយ​សម្រុក​គ្មាន​ការប្រុងប្រយ័ត្ន​

187

បាល់ទាត់៖ ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជាបាន​របូត ៣​ពិន្ទុ សម្រាប់​ការប្រកួត​បើកឆាក​ពូ​ល​B នៃ​ពានរង្វាន់ Bangabandhu Gold Cup នៅ​បង់​ក្លា​ដេ​ស ក្រោយ​ប្រកួត​ចាញ់​ក្រុម​ម៉ា​ល់​ឌី​វ ៣-០កាលពី​ម្សិលមិញ។
ប៉ុន្តែ​លោក សំ វ៉ាន់​ដេ​ត គ្រូបង្វឹក​ក្រុម​ស្វាយរៀងបាន​សម្ដែង​ការ​សោកស្ដាយ​ជា​ខ្លាំង ចំពោះ​ការ​បរាជ័យ​នេះ ដោយ​លោក​យល់ថា គឺជា​កំហុស​បច្ចេកទេស​នៃ​ការ​លេង​របស់​កីឡាករ។​ លោក សំ​វ៉ាន់​ដេ​ត បាន​លើក​ឡើង​ថា នៅក្នុង​ការប្រកួត​ម្សិលមិញ ក្រុម​កីឡាករ​កម្ពុជាមានឱកាស​គ្រប់គ្រង​បាល់​ច្រើន ហើយ​ថែមទាំង​មានឱកាស​រក​គ្រាប់​បាល់​ជាច្រើនលើក​ទៀត​ផង។ ប៉ុន្តែ​គួរ​ឲ្យ​ស្ដាយដែល​កម្ពុជាគ្មាន​អ្នក​សម្លាប់​ច្បាស់លាស់ ទើប​ធ្វើ​ឲ្យ​ឱកាសល្អ​កន្លង​ផុត​ទៅជា​បន្ត​បន្ទាប់។ ម្យ៉ាងវិញទៀតគុណភាព​នៃ​ការ​វាយ​សម្រុក​ របស់​កីឡាករ​កម្ពុជា​នៅ​មាន​កម្រិត​នៅឡើយ ជាពិសេស​ពេល​ពួកគេ​បណ្ដើរ​បាល់​ដល់​តំបន់​គ្រោះថ្នាក់​របស់​គូប្រកួត ហើយ​ធ្វើ​មិនបាន​សម្រេច ពួកគេ​ច្រើន​មានការ​ធ្វេសប្រហែស​ចំពោះ​ការ​វាយបក ទើប​ធ្វើ​ឲ្យ​ក្រុម​ជម្រើសជាតិ​ម៉ា​ល់​ឌី​វមានឱកាស​យកឈ្នះ​កម្ពុជា ៣-២ ដូច្នេះ។​ ដោយឡែក​លោក ប្រាក់ សុវណ្ណារ៉ា គ្រូបង្វឹក​ក្រុម​បឹងកេត​អង្គរ​វិញ បាន​លើក​ឡើង​ស្រដៀង​គ្នា​ថា ជា​ការពិត​កីឡាករ​មួយចំនួន ពិតជា​មិនទាន់​ផ្ស៊ាំ​នឹង​ការប្រកួត​ក្រៅ​ទឹកដី​នៅឡើយ ដូច្នេះហើយ​ទើប​ឱកាស​អាច​ធ្វើ​បានសម្រេច បែរជា​ពួច​ធ្វើ​មិនបាន​សម្រេច​អាច​ទៅវិញ​។​ គ្រូបង្វឹក​ដឹកនាំ​ក្លឹប​បាល់ទាត់​ក្នុង​លី​ក​កំពូល​កម្ពុជា​ទាំង ២​រូប បាន​បញ្ជាក់​ដែរ​ថា លោក​មានការ​សោកស្ដាយដែល​កីឡាករ​ឆ្នើមៗ មួយចំនួន​ជាប់​កាតព្វកិច្ច​ជួយ​ក្រុម Cambodian All Star ប៉ុន្ដែ​ប្រសិនបើ​ការប្រកួត​នោះ​មាន​វត្តមាន​កីឡាករ ប្រាក់ មុន្នី​ឧ​ត្ត​ម​, ចាន់ វឌ្ឍនាកា ឬ​គួច សុ​កុម្ភៈ ចូលរួម​ដែរ លោក​ជឿ​ជាក់​ថា លទ្ធផល​នឹង​ល្អ​ប្រសើរមិន​ចាញ់​បែបនេះ​ឡើយ។ ប៉ុន្តែ​លោក​ក៏​កោតសរសើរ ចំពោះ​ភាព​រីកចម្រើន​នៃ​សមត្ថភាព​របស់​កីឡាករ​បាល់ទាត់​កម្ពុជា ដែល​អាច​ទប់ទល់​ជាមួយ​ក្រុម​ម៉ា​ល់​ឌី​វ ដោយ​ការ​ចាញ់​តិច​គ្រាប់​បែបនេះ ខណៈ​កន្លងមកកម្ពុជាធ្លាប់​ចាញ់​ម៉ា​ល់​ឌី​វរហូតដល់​ទៅ ៦​គ្រាប់​ឯណោះក្នុង​មួយ​ប្រកួត។​ គួរ​បញ្ជាក់​ថា ក្រុម​ជម្រើសជាតិ​កម្ពុជានៅសល់ ២​ប្រកួត​ទៀត ដែល​ត្រូវ​ប្រជែង​យក​ពិន្ទុ​ក្នុង​ពូ​ល​B គឺ​នៅ​ថ្ងៃទី​១៤ ខែមករា​នេះ កម្ពុជាត្រូវ​ជួប​ក្រុម​ជម្រើសជាតិ​បា​រ៉ែ​ន​វិញ​ម្ដង មុននឹង​បន្ត​ជួប​ក្រុម​ម្ចាស់ផ្ទះ​បង់​ក្លា​ដេ​ស ដែល​ជា​ការប្រកួត​ចុងក្រោយ​ក្នុង​ពូ​លនៅ​ថ្ងៃទី​១៦ ខែ​មករា ឆ្នាំ​២០១៦​ខាងមុខនេះ។ ប៉ុន្តែ​ប្រសិនបើ​កម្ពុជាចាញ់​តែមួយ​ប្រកួត​ទៀត នោះ​ក្រុម​បាល់​ទាត់​តំណាង​ប្រទេស​កម្ពុជា​នេះ នឹង​គ្មាន​ឱកាស​ឡើង​វគ្គ​បន្ត​ឡើយ​៕
អត្ថបទ លី ឈុន​ឡា