រថ​យន្ដ​ដឹក​កម្មករ​២គ្រឿង​បុកគ្នា​ស្លាប់​៤នាក់​រងរបួសធ្ងន់​-ស្រាល​ជាង​៧០នាក់​នៅ​ស្រុក​គងពិសី

306

កំពង់ស្ពឺ ​៖ កម្ម​ការិនី​រោង​ច​ក្រ​កាត់ដេរ​ចំនួន ០៤​នាក់ ​បាន​ស្លាប់​បាត់​បង់ជីវិត​ និង​ជាង ៧០​នាក់​ទៀត​បាន​រង​របួស​ធ្ងន់-​ស្រាល​ ក្នុង​ហេតុ​ការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​​ដឹក​កម្មករ​-​ការិនី​ ​២​គ្រឿង​ ​បុក​គ្នា​បណ្តាល​ឱ្យ​ក្រឡាប់ ​ធ្លាក់​ផ្លូវជាតិ​យ៉ាង​រន្ធត់​។

គ្រោះថ្នាក់​ចរាចរណ៍​នេះ​ បាន​កើតមានឡើង កាលពី​វេលា​ម៉ោង ៦ និង​៣០​នាទី​ព្រឹក ថ្ងៃទី ​១២​ ខែមករា​ ឆ្នាំ​២០១៦ ស្ថិត​លើផ្លូវ​ជាតិ​លេខ ៤១ ​ត្រង់​ចំណុច​មុខ​ប៉ុស្តិ៍​រដ្ឋបាល​ សែន​ដី ​ក្នុង​ភូមិ​ជ្រៃ​តា​កួន ឃុំ​រកា​កោះ​ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ។

​សមត្ថកិច្ច​ បាន​ឱ្យដឹង​ថា​ ចំនួន​អ្នកស្លាប់​ភ្លាមៗ​នៅ​កន្លែង​ចំនួន ​០៣​នាក់ និង​ម្នាក់ទៀត​បាន​ស្លាប់​ពេល​ពេល​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ​។ ជនរងគ្រោះ​ដែល​បាន​ស្លាប់​ទាំង ០៤​នាក់​ទី​១-​ឈ្មោះ ​ស៊ីម ខុម ភេទ​ស្រី អាយុ ៣៣​ឆ្នាំ​មាន​ទីលំនៅ​ភូមិ​បឹង​ព័ទ្ធ ឃុំ​ស្តុក ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ​ទី​២-​ឈ្មោះ​ណុប​លីម ភេទ​ស្រី អាយុ​៣៩​ឆ្នាំ នៅ​ភូមិ​បឹង​ព័ទ្ធ ឃុំ​ស្តុក ទី​៣-​ឈ្មោះ​ស្រី ម៉ិច ភេទ​ស្រី អាយុ ២៣​ឆ្នាំ នៅ​ភូមិ​ភ្នៅ​ ឃុំ​ព្រៃ​ញាតិ ស្រុក​គងពិសី និង​ទី​៤-​ឈ្មោះ​អ៊ីវ សុខ​មុំ ភេទ​ស្រី អាយុ ៣៧​ឆ្នាំ នៅ​ភូមិ​ព្រះ​ម្លប់ ឃុំ​ភា​រី​មា​ន័យ ស្រុក​បសេដ្ឋ ។

សមត្ថកិច្ច​ បាន​បន្តថា ​ជនរងគ្រោះ​ចំនួន ១៣​នាក់ ត្រូវ​បាន​បញ្ជូនទៅ​សង្គ្រោះ​ក្នុង​គ្លី​និ​ច​ ឯកជន​ថ្នល់​ទទឹង ក្នុងនោះ​ធ្ងន់ ០៧​នាក់​ត្រូវ​បាន​បញ្ជូន​ទៅកាន់​មន្ទី​រពេទ្យ​កាល់ម៉ែត ​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​បង្អែក​គងពិសី​ចំនួន ៥០​នាក់​ បញ្ជូន​ទៅ​កាល់ម៉ែត​ ០១ និង​ត្រៀម​បញ្ជូន​បន្ត ០២​នាក់​ទៀត មន្ទីរ​ពេទ្យបង្អែក ខេត្តកំពង់ស្ពឺ ​១២​នាក់ របួសធ្ងន់ ០២​នាក់ ​។ ប្រភព ​បន្តថា កម្មករ​-​ការិនី​ រងគ្រោះ​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​យកចិត្តទុកដាក់ ក្នុង​ការ​ព្យាបាល និង​មើល​ថែរ​យ៉ាង​យកចិត្តទុកដាក់​បំផុត ក្នុង​នោះ​លោក ​វ៉ី សំណាង អភិបាលរង ​ខេត្តកំពង់ស្ពឺ ​និង​ក្រុមការងារ​ បាន​ចុះ​មក​ពិនិត្យ​ផ្ទាល់​កន្លែង​កើតហេតុ​ និង​តាមដាន​ស្ថានភាព​ជម្ងឺ​អ្នក​រងរបួស​តាម​គ្រប់​មន្ទីរ ។

នគរបាល​ចរាចរណ៍​ បាន​ប្រាប់ថា ​រថយន្ត​ដឹក​កម្មករ​-​ការិនី​រោងចក្រ​ដែល​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ម៉ាក​ហ៊ីយ៉ាន់ដាយ ​ពណ៌​ទឹក ប៊ិច ពាក់​ស្លាក​លេខ ភ្នំពេញ AQ.0120  បើកបរ​ដោយ​ឈ្មោះ​ ម៉ន ភេទ​ប្រុស អាយុ​ជាង ២០​ឆ្នាំ ​មាន​ទីលំនៅ​ភូមិ​ព្រះ​ម្លប់ ឃុំ​ភា​រី​មានជ័យ​ ស្រុក​បសេដ្ឋ​ដឹក​កម្មករ​ប្រមាណ​ជាង ៦០​នាក់ ​ធ្វើដំណើរ​មកពី​ទិស​ខាងត្បូង​ទៅ​ជើង ។ ប្រភព ​បន្តថា​ រថយន្ត​មួយគ្រឿង​ទៀត​ម៉ាក​ហ៊ីយ៉ាន់ដាយ ​ពណ៌​ខៀវ ពាក់​ស្លាក​លេខ​ភ្នំពេញ 2AD.6898  អ្នកបើកបរ​ឈ្មោះ ​ម៉ុក មួយ​ទី ភេទ​ប្រុស អាយុ ២៣​ឆ្នាំ ​នៅ​ភូមិ​ថ្លុក​ដូន​ស ឃុំ​ស្រង់ ស្រុក​សំរោង​ទង​ ខេត្តកំពង់ស្ពឺ ​ធ្វើដំណើរ​ស្របគ្នា ។

​ក្រុមកម្មករ​-​ការិនី​ ដែល​ជួប​គ្រោះថ្នាក់​ បាន​រៀបរាប់ថា​ មុន​ពេល​កើតហេតុ​រថយន្ត​ទាំង ​០២​គ្រឿង​បាន​ធ្វើ​ដំណើរ​ដឹក​កម្មក​រ​ចេញ​ពីផ្ទះ​ទៅធ្វើ​ការងារ ​ហើយ​រថយន្ត​មួយ​គ្រឿង​ដែល​ស្លាក​លេខ​ភ្នំពេញ 2Q.0120 បើក​ដោយ​ឈ្មោះ​ ម៉ន បាន​បើក​វ៉ា​ប្រជែង​រថយន្ត​ដឹក​ ក​ម្មករ​ មួយគ្រឿង​ទៀត ​ក្នុង​ស្ថានភាព​ផ្លូវ​កោង និង​វាក់​ជាមួយ​រថយន្ត​បែន​ដឹក​ថ្ម​ មួយ​គ្រឿង​ ក្នុង​ទិសដៅ​បញ្ច្រាស គ្នា​ក៏​ជាន់​ហ្វា​ង​រេ​ចង្កូត​ទៅ​ប៉ះ​ជាមួយ​រថយន្ត​ដឹក​កម្មករ​ដូចគ្នា​បណ្តាល​ឱ្យ​ធ្លាក់​ផ្លូវ​ក្រឡាប់​ចាក់​កម្មករ​-​ការិនី​រងរបួស​រដូក​រណែល​ ក្នុងនោះ​កម្ម​ការិនី​ចំនួន ០៣​ត្រូវ​រថយន្ត​សង្កត់​ស្លាប់​ភ្លាមៗ ​និង​ម្នាក់ទៀត​ស្លាប់​ពេល​បញ្ជូន​ទៅ​សង្គ្រោះ ។ ក្រោយពេល​កើតហេតុ ​ជនរងគ្រោះ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​បញ្ជូន​ទៅកាន់​មន្ទីរ​ដើម្បី​ជួយសង្គ្រោះ​ ក្នុង​អ្នក​ជម្ងឺ​បញ្ជូន​មកកាន់​មន្ទីរពេទ្យបង្អែក​ស្រុក​គងពិសី​ច្រើន​ជាងគេ ។

​ក្រុមគ្រូពេទ្យ​ប្រចាំ​មន្ទីរពេទ្យបង្អែក ​ស្រុក​គងពិសី បាន​ប្រាប់ថា​ កម្មករ ការ​នី ដែល​រង​របួស​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍ ដែល​បាន​បញ្ជូន​មកកាន់​មន្ទីរពេទ្យ​មាន​ចំនួន ​៥២​នាក់ ក្នុងនោះ​ម្នាក់​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​កាល់ម៉ែត ​និង​ត្រៀម​បញ្ជូន ​០២​នាក់​ទៀត ​ដោយ​គាត់​មានការ​ឈឺក្បាល​ និង​វិលមុខ​ខ្លាំង ។

លោក​ ចឹក បូ​រិ​ន ប្រធាន​មន្ទីរ​ការងារ ​និង​បណ្តុះបណ្តាល​ វិជ្ជាជីវៈ ខេត្តកំពង់ស្ពឺ ​បាន​បញ្ជាក់ថា ​អ្នក​ដែល​បាន​ស្លាប់​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​កម្មករ​ប៉ះ​គ្នា​ក្រឡាប់​នោះ​មាន​ចំនួន​ ០៤ នាក់ ប៉ុន្តែ​អ្នក​រងរបួស​ធ្ងន់ ​និង​ស្រាល​កើន​ដល់​ប្រមាណ​ជាង ៨០​នាក់​ ហើយ​ក្រុមការងារ​កំពុងតែ​តាមដាន​ស្ថានភាព​របស់​អ្នក​ជម្ងឺ​ជាប់​ជាប្រចាំ​ផងដែរ ។​

លោក​ឧ​ត្ត​សេនីយ៍​ត្រី តាប់ លន ស្នងការរង​ទទួលបន្ទុក​សណ្តាប់ធ្នាប់ ​ចរាចរណ៍ ខេត្តកំពង់ស្ពឺ​អ្នក​យកព័ត៌មាន​បាន​ព្យាយាម​ទំនាក់ទំនង​ដើម្បី​សុំ​ការ​បំភ្លឺ​ជុំវិញ​ករណី​រថយន្ត​កម្ម​ករ​-​ការិ​នី​រោងចក្រ​ជួប​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​នេះ ​ប៉ុន្តែ​គ្មាន​អ្នកទទួល​ទូរស័ព្ទ​ឡើយ ។

​លោក​ទុយ ថេ​ន អធិការនគរបាល​ ស្រុក​គងពិសី​បាន​បញ្ជាក់ថា រថយន្ត​ដឹក​កម្មករ​ដែល​បង្ក​គ្រោះ​ថ្នាក់​ទាំង ​២​ពួកគេ​ធ្លាប់​មាន​ទំនាស់​ជាមួយគ្នា​ញឹកញាប់ ​ហើយ​នៅ​ពេល​​ដែល​បើក​ដឹក​កម្មករ​ជួប​គ្នា​តែងតែ ​បើក​ប្រដេញ​វ៉ា​គ្នា ​ប៉ុន្តែ​ថ្ងៃនេះ ​ជួប​គ្រោះថ្នាក់​បណ្តាល​ឱ្យមាន​ជនរងគ្រោះ​ស្លាប់ ​និង​រង​របួស​ជាច្រើន​នាក់​តែម្តង ៕

btv-a1561