កូនប្រុស​នាយ​ឧ​ត្ត​ម​សេនីយ៍​ម្នាក់​ជាប់ចោទ​ប៉ុនប៉ង​មនុស្សឃាត​ដោយ​ចេតនា កំពុង​ស្ថិត​ក្រោម​ការ​សាកសួ​រ​របស់​តុលាការ​

11782

ភ្នំពេញ​ ៖ ​ កូនប្រុស​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ផ្កាយ​៤ ចៅ ភិ​រុណ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ប​ញ្ចូ​ន​មក​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០១៦ ដើម្បី​ចាត់ការ​តាមច្បាប់ ដោយ​ភ្ជាប់​សេចក្ដីសន្និដ្ឋាន​ចោទប្រកាន់​ពី​បទ ប៉ុនប៉ង​ឃាតកម្ម ពាក់ព័ន្ធ​ការ​បាញ់​សន្តិសុខ​ពីរ​នាក់​នៅមុខ​ក្លិប​កំសាន្ត​មេន​ហាត​ធេ​ន​ហូ​លី​ដេ​ បណ្ដាល​ឲ្យ​រង​របួស ។ ប៉ុន្តែ​រហូត​មក​ទល់​ព្រឹក​ថ្ងៃទី​១៣ ខែមករា លោក​ព្រះរាជអាជ្ញា​រង ស៊ិន វីរៈ​ ពុំ​ទាន់​សម្រេច​យ៉ាងណា​នៅឡើយ​ទេ ។

កូនប្រុស​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ផ្កាយ​៤ ចៅ ភិ​រុណ គឺ លោក ចៅ រង្សី អាយុ​៣១​ឆ្នាំ ត្រូវបាន​សមត្ថកិច្ច​ក​ង​រាជ​អាវុធហត្ថ​ខណ្ឌដូនពេញ ឃាត់ខ្លួន​កាលពី​យប់​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៦ នៅ​ចំណុច​ខ្លោងទ្វារ​ចូល​ក្លិប​កំសាន្ត មេន​ហាត​ធេ​ន ​ផ្លូវ​លេខ​៦៥ សង្កាត់​ស្រះចក ខណ្ឌដូនពេញ បន្ទាប់ពី​លោក ចៅ រង្ស៊ី បាន​បាញ់​ជាច្រើន​គ្រាប់​ក្នុង​ក្លិប​បណ្ដាល​ឱ្យ​រង​របួស​សន្តិ​សុខ​យាមកាម​ពីរ​នាក់​។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ដំបូង​ឡើយ លោក ចៅ រង្ស៊ី បាន​ដឹក​ប្រពន្ធ​ទៅ​រាំ​លេង​នៅ​ក្លិប​ហូ​លី​ដេ ដោយមាន​គ្នា​៧​នាក់ ក្នុង​នោះ​មាន​បងថ្លៃ​និង​មិត្តភក្ដិ ។ ពេល​កំពុង​រាំ​លេង ក៏​មាន​ក្រុម​ផ្សេង​មក​ប៉ះ​ចង្កេះ​ប្រពន្ធ ហើយ​លោក ចៅ រង្ស៊ី ជ​ខឹង ក៏បាន​ឈ្លោះ​គ្នា​ក្នុង​ក្លិប ទើប​សន្តិសុខ​ដេញ​ចេញ​មក​ក្រៅ ។

រំពេច​នោះ​ប្រពន្ធ​ក៏បាន​ទៅជា​មួយ​បងថ្លៃ រីឯ​លោក ចៅ រង្ស៊ី ក៏បាន​ជិះ​ម៉ូតូ ទៅ​យក​កាំភ្លើង​នៅផ្ទះ ។ ក្រោយមក​ក៍​ជិះ​ត្រលប់​មកវិញ​និង​ឈប់​នៅមុខ​ក្លិប ហើយ​បាន​ដក​កាំភ្លើង​ចេញពី​កែបម៉ូតូ រួច​ស្រែ​ក​រក​ឈ្មោះ​៧៩​ជា​ប្រធាន​សន្តិសុខ អោយ​ហៅ​ក្រុម​ដែល​ប៉ះ​ចង្កេះ​ប្រពន្ធ​របស់​គេ​នោះ ចេញ​មក​ក្រៅ​ដើម្បី​ដោះស្រាយ​គ្នា ។ ប៉ុន្តែ​សន្តិសុខ​បាន​និយាយ​ថា មិន​ឲ្យ​ចូលក្នុង​ក្លិប​នោះ​ទេ​ខ្លាច​មានរឿង​ធំ ព្រោះ​លោក ចៅ រង្ស៊ី មាន​កាន់​អាវុធ​ហើយ​ស្ថិត​ក្នុង​ស្ថានភាព​ស្រវឹង​ទៀត​ផង​។

ភ្លាម​នោះ ឈ្មោះ ដុំ ធី ហៅ​២៩ បាន​ព្យាយាម​សម្រួល​ឲ្យ​លោក ចៅ រង្ស៊ី ត្រឡប់​ទៅវិញ ។ ប៉ុន្តែ​លោក ចៅ រង្ស៊ី មិន​ព្រម​ក៏បាន​ដក​កាំភ្លើង​បាញ់រះ​មក​លើ​ក្រុម​សន្តិ សុខ​ហូ​លី​ដេ​តែម្តង ។

ក្រៅពី​ឃាត់ខ្លួន លោក ចៅ រង្ស៊ី នោះ​សមត្ថកិច្ច​បាន​ដកហូត​វត្ថុតាង​ជាក់ស្តែង គឺ​អាវុធ​វែង​០១​ដើម​ម៉ាក AR15 លេខ​5677 គ្រាប់​ក្នុង​បង់​០៦​គ្រាប់ និង​សំបក​គ្រាប់​បាញ់​ហើយ​ចំនួន​០៦​គ្រាប់​-​ម៉ូតូ​០១​គ្រឿង​ម៉ាក​PCX​ព​ណ៌ស ពាក់​ស្លាក​លេខ ភ្នំពេញ 1FB:9233 ៕​