លោកជំទាវ​ម៉ែន​សំអន​ ៖​ ក្រសួង​មាន​ភារកិច្ច​ធ្វើ​អធិការកិច្ច​លើ​គ្រប់​វិស័យ​ទូទាំង​ប្រទេស​

195
លោកជំទាវ​ម៉ែន​សំអន​ ៖​ ក្រសួង​មាន​ភារកិច្ច​ធ្វើ​អធិការកិច្ច​លើ​គ្រប់​វិស័យ​ទូទាំង​ប្រទេស​

ភ្នំពេញ​ ៖ ឆ្លើយតប​ទៅ​នឹង​ជំនួប​ទ្វេភាគី​រវាង​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​និង​ថ្នាក់ដឹកនាំ​ក្រសួង​ទំនាក់ទំនង​រដ្ឋសភា​ព្រឹទ្ធសភា​និង​អធិការកិច្ច​កាលពី​ព្រឹក​ថ្ងៃទី​១២​មករា​ឆ្នាំ​២០១៦​នៅ​ទីស្ដីការក្រសួង​លោកជំទាវ​ម៉ែន​សំអន​បាន​បញ្ជាក់​យ៉ាង​ច្បាស់​អំពី​តួនាទី​របស់​ក្រសួង​ថា​អនុវត្ត​តាម​ទិសដៅ​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​មាន​សម្ដេច​តេ​ជោ​ហ៊ុន​សែន​ជា​នាយករដ្ឋមន្ត្រី​នោះ​ក្រសួង​ទំនាក់ទំនង​រដ្ឋសភា​ព្រឹទ្ធសភា​និង​អធិការកិច្ច​មាន​ភារកិច្ច​ចម្បង​ក្នុង​ការ​ចុះ​ធ្វើ​អធិការកិច្ច​នៅ​ទូទាំង​ប្រទេស​កម្ពុជា​។​

លោកជំទាវ​ម៉ែន​សំអន​ឧបនាយករដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួង​ទំនាក់ទំនង​រដ្ឋសភា​ព្រឹទ្ធសភា​និង​អធិការកិច្ច​បាន​សង្កត់​ធ្ងន់​ថា​ភារកិច្ច​ចម្បង​ដែល​ក្រសួង​មាន​ភារកិច្ច​អនុវត្ត​មាន​៥​ធំៗ​គឺ​ទី​១​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធ​រណៈ ទី​២​គ្រប់គ្រង​រដ្ឋបាល​សាធារណៈ ទី​៣ គ្រប់គ្រង​ទ្រព្យសម្បត្តិ​រដ្ឋ ទី​៤​ទទួល​ពាក្យ​បណ្ដឹងតវ៉ា បណ្ដឹង​បរិហារកេរ្តិ៍ និង​ទី​៥ តាមដាន​អនុវត្ត​ច្បាប់​។​

លោកជំទាវ​ឧបនាយករដ្ឋមន្ត្រី​បាន​បញ្ជាក់​បន្ថែម​ថា ក្រសួង​មាន​កាតព្វកិច្ច​ធ្វើការ​ផ្សព្វផ្សាយ​ច្បាប់​ដែល​រដ្ឋសភា​អនុម័ត​រួច​។​បន្ថែម​ពី​នេះ​ទៀត​ក្រសួង​ត្រូវ​រៀបចំ​វេទិកា​សាធារណៈ​នៅ​គ្រប់​មូលដ្ឋាន​ខេត្ត​រាជធានី​ដើម្បី​សម្របសម្រួល​និង​ទទួល​មតិយោបល់​ពី​ប្រជាពលរដ្ឋ​និង​រាយការណ៍​បន្ត​ទៅ​រាជរដ្ឋាភិបាល​។​

គួរ​បញ្ជាក់​ថា​នៅក្នុង​ជំនួប​ពិភាក្សា​នា​ឪ​កាស​នោះ​លោកជំទាវ​ឧបនាយករដ្ឋមន្ត្រី​បាន​បង្ហាញ​អំពី​ជីវភាព​សេដ្ឋកិច្ច​សង្គម​ដែល​ប្រជាជន​កម្ពុជា​រស់នៅ​ដោយ​សុខដុមរមនា​មាន​ជីវភាព​ធូរធារ​ជា​បណ្ដើរ​ៗ​និង​ត្រូវ​បាន​កាត់បន្ថយ​អត្រា​នៃ​ភាព​ក្រីក្រ​នៅ​ក្រោម​១៨%៕​