នាវា​ទេសចរណ៍​បរទេស​ដែល​ផ្ទុក​អ្នកដំណើរ​ជាង ៥០០​នាក់​ចូល​ចត​នៅ​កំពង់ផែ​ក្រុងព្រះសីហនុ​

272

ព្រះសីហនុ ៖ នាវា​ទេសចរណ៍​បរទេស​មួយ​គ្រឿង​ឈ្មោះ Ms Europa របស់​ប្រទេស Bahamas ដែល​ផ្ទុក​ភ្ញៀវ​ទេសចរ ​ជាង ៥០០ នាក់​ចម្រុះ ១៥ ជាតិ​សាសន៍​បាន​ចូល​ចត​នៅ​កំពង់ផែ​អន្តរជាតិ​ព្រះសីហនុ នៅ​ថ្ងៃទី ១៣ ខែមករា​នេះ ក្នុង​ដំណើរ​មកពី​ប្រទេស​វៀតណាម ហើយ​គ្រោង​នឹង​ចាកចេញ​បន្ត​ទៅកាន់​ប្រទេស​សិង្ហ​បុរី​នៅ​យប់​ថ្ងៃ​ដដែល ។​

លោក​វរសេនីយ៍​ឯក ស៊ា​ង ឡេង មេ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍​ប្រចាំ​ច្រក​កំពង់ផែ​អន្តរជាតិ ​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹង​ថា នេះ​ជា​លើកទីមួយ​ហើយ​ដែល​នាវា​ទេសចរណ៍​ឈ្មោះ Ms Europa ចូល​ចត​នៅ កំពង់ផែ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​នេះ ដែល​មាន​ផ្ទុក​អ្នក​ទេសចរណ៍​ចម្រុះ ១៥ ជាតិ​សាសន៍ ។​

លោក​មានប្រសាសន៍ថា គោលបំណង​នៃ​ការ​ចូល​ចត​របស់​នាវា​ទេសចរណ៍​នេះ គឺ​ដើម្បី​ឲ្យ​ភ្ញៀវ​ទេសចរ បាន​ទស្សនា​កម្សាន្ត​ជុំវិញ​ក្រុងព្រះសីហនុ​ទទួលទាន​អាហារ​តាម​អាហារដ្ឋាន​នានា និង ទិញ​ទំនិញ​អនុស្សា​រី​យ៍ ផ្សេងៗ​តាម​ផ្សារ​នានា​ក្នុង​ក្រុងព្រះសីហនុ ហើយនឹង​ត្រលប់​មក​ក​នាវា​វិញ​នៅពេល​ល្ងាច ។​

យោង​តាម​មន្ត្រី​ទេសចរណ៍​ខេត្ត បាន​ឲ្យ​ដឹង​ដែរ​ថា បន្ទាប់ពី​រាជរដ្ឋាភិបាល​កម្ពុជា​អនុវត្ដ​គោល នយោបាយ​បើក​ចំហ​ជើងមេឃ ធ្វើ​ឲ្យ​កំពង់ផែ​មួយ​នេះ តែងតែមាន​នាវា​ទេសចរណ៍​លំដាប់​អន្តរជាតិ​ចូល​មក កំពង់ផែ​អន្តរជាតិ​ព្រះសីហនុ​ជា​បន្តបន្ទាប់ ៕