អាជ្ញាធរ​រាជធានី​ភ្នំពេញ​គ្រោង​បំពាក់​កាមេរ៉ា​សុវត្ថិភាព​ចំនួន​៦០០​គ្រឿង​នៅក្នុង​រាជធានី​ភ្នំពេញ ​​

424

ភ្នំពេញ​ ៖​ អាជ្ញាធរ​រាជធានី​ភ្នំពេញ​គ្រោង​នឹង​បំពាក់​កា​មេរ៉ា​សុវត្ថិភាព​ចំនួន​៦០០​គ្រឿង​នៅក្នុង​រាជធានី​ភ្នំពេញ ដែល​គម្រោង​ដាក់​កា​មេរ៉ា​នេះ​ធ្វើឡើង​ក្នុង​បំណង​ដើម្បី​គ្រប់គ្រង​បទល្មើស​ផង​និង​ការគ្រប់គ្រង​បញ្ជា​ចរាចរណ៍​ផង ស្រប​ពេល​ដែល​ចរាចរណ៍​កំពុង​តែ​មាន​ភាព​មមាញឹក​ខ្លាំង​នោះ​។​

គម្រោង​នេះ​ត្រូវ​បាន​លើកឡើង​ក្នុង​កិច្ចប្រជុំ​មួយ​កាលពី​ព្រឹក​ថ្ងៃទី​១៣​មករា​ឆ្នាំ​២០១៦ ​នៅ​សាលា​រាជធានី​ភ្នំពេញ ក្រោម​អធិបតីភាព​ ឯកឧត្តម ប៉ា ​សុជាតិ​វង្ស​ អភិបាល​រាជធានី​ភ្នំពេញ អគ្គ​ស្នងការ​រង​នគរបាល​ជាតិ​ តំណាង​កងរាជអាវុធហត្ថ​រាជធានី តំណាង​ក្រុម​ហ៊ុន​ទទួល​ដំឡើង​កាមេរ៉ា​និង​មានការ​ចូលរួម​ពី​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​ផង​ដែរ​។​

តំណាង​ក្រុម​ហ៊ុន​ZTE​ដែល​ជា​ក្រុម​ហ៊ុន​ទទួល​ដំឡើង​កាមេរ៉ា​នេះ​បាន​លើក​ឡើង​ថា​ការ​បំពាក់​កាមេរ៉ា​នេះ​នឹង​ធ្វើឡើង​នៅ​តាម​ច្រក​សំខាន់ៗ​មួយចំនួន​នៅក្នុង​ខណ្ឌ​ទាំង​១២​ក្នុង​រាជធានី​ភ្នំពេញ ក្នុង​នោះ​រួមមាន ខណ្ឌ​ចំការ​មាន​ត្រូវ​បំពាក់​កាមេរ៉ា​សុវត្ថិភាព​ចំនួន​១៤៧​គ្រឿង ខណ្ឌដូនពេញ ១១៦​គ្រឿង ខណ្ឌ​មករា ៧៥​គ្រឿង ខណ្ឌទួលគោក​៥៤​គ្រឿង ខណ្ឌដង្កោ​៨​គ្រឿង ខណ្ឌមានជ័យ​៥១​គ្រឿង ខណ្ឌ​ឫស្សី​កែវ​៥៣​គ្រឿង ខណ្ឌ​សែន​សុខ ២១​គ្រឿង ពោធិ​សែន​ជ័យ​២២​គ្រឿង ខណ្ឌ​ជ្រោយចង្វា​១៩​គ្រឿង ខណ្ឌ​ព្រែក​ព្នៅ ៨​គ្រឿង និង​ខណ្ឌ​ច្បារអំពៅ​២៦​គ្រឿង ។​

​​ឯកឧត្តម ប៉ា សុជាតិ​វង្ស បាន​មានប្រសាសន៍​លើក​ឡើង​ថា ​ការ​បំពាក់​កាមេរ៉ា​សុវត្ថិភាព​នេះ​មិនមែន​ធ្វើឡើង ដើម្បី​តាមដាន​និង​គ្រប់គ្រង​បទល្មើស​តែ​ម្យ៉ាង​ប៉ុណ្ណោះ​ទេ តែ​វា​ជា​ការ​គ្រប់គ្រង​ប្រព័ន្ធ​ចរាចរណ៍​ចរាចរ​ដ៏​សំខាន់​មួយ​ផង​ដែរ ។​សម្រាប់​សាលា​រាជធានី​ភ្នំពេញ​នឹង​បង្កើត​ទីបញ្ជាការ​មួយ​ដ៏​ធំ​នៅ​លើ​អគារ​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ ដើម្បី​តាមដាន​បទល្មើស​ផ្សេងៗ និង​តាមដាន​មើល​ប្រព័ន្ធ​ចរាចរណ៍ ហើយ​ជា​គម្រោង​ការ​បញ្ជា​ភ្លើងស្តុប​និង​ភ្លើង​សញ្ញា​ចរាចរណ៍​ផ្សេងៗ ក៏​ត្រូវ​បាន​បញ្ជា​ចេញពី​ទីបញ្ជាការ​នៃ​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​ផង​ដែរ​។​

ក្នុង​ឱកាស​នោះ ឯកឧត្តម ប៉ា ​សុជាតិ​វង្ស ​បាន​ជំរុញ​អោយ​ក្រុម​ហ៊ុន​ពន្លឿន​នៃ​ការសិក្សា​ទៅលើ​គម្រោង​នេះ​រួម​និង​គម្រោង​ថវិកា​ដែល​ត្រូវ​ចំណាយ​ផង​ដែរ​ដើម្បីអោយ​សាលា​រាជធានី​ភ្នំពេញ​ធ្វើជា​សំណើ​ឆ្លង​ទៅ​រាជរដ្ឋាភិបាល​ដើម្បី​ពិនិត្យ​និង​សម្រេច​ជា​ក្រោយ​។​ក្រៅ​ពី​នេះ​ឯកឧត្តម ​ប៉ា ​សុជាតិ​វង្ស ក៏បាន​ស្នើ​អោយ​ក្រុម​ហ៊ុន​ជួយ​ផ្ទេរ​ចំណេះដឹង​ពាក់ព័ន្ធ​និង​ការប្រើប្រាស់​គ្រប់គ្រង​ប្រព័ន្ធ​កាមេរ៉ា​សុវត្ថិភាព​ផង​ដែរ​ ពោល​គឺ​ពេល​ដំឡើង​ភ្លាម​មន្ត្រី​របស់​យើង​មាន​ចំណេះ​ដឹង​អាច​ប្រើប្រាស់​បានតែ​ម្តង​។​

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​គៀត​ ច័ន្ទ​ថា​រិ​ទ្ធ អគ្គ​ស្នងការ​រង​នគរ​បាលជាតិ ​បាន​មានប្រសាសន៍​លើកឡើង​ផង​ដែរ​ថា កាមេរ៉ា​សុវត្ថិភាព​នេះ​បាន​ជួយ​យើង​ច្រើនណាស់​ក្នុង​ការ​តាមដាន ឈាន​ដល់​ការ​ចាប់​ខ្លួន​ជនសង្ស័យ ដែល​បង្ក​បទល្មើស​ផ្សេងៗ ហើយ​លោក​ជឿ​ថា ក្រោយ​បំពាក់​កាមេរ៉ា​សុវត្ថិភាព​នេះ​ហើយ បទល្មើស​នឹង​ថយ​ចុះ​មិន​ខាន​ឡើយ​៕​

656 3653 ៧៨៧៨៧៨