សាលា​បណ្ឌិតសភា​នគរ​បាល​កម្ពុជា នៅ​ឆ្នាំ​២០១៦ នេះ​ទៅ​នឹង​មាន​បើក​វគ្គ​បណ្តុះបណ្តាល​កែប្រែ​ឥរិយាបថ​នគរបាល​

752

ភ្នំពេញ៖ ប្រធាន​បណ្ឌិតសភា​នគ​របាល​កម្ពុជា ថ្លែងថា ចាប់ពី​ឆ្នាំ​២០១៦​នេះ​តទៅ សាលា​បណ្ឌិតសភា​នគរ​បាល នឹងមាន​បើក​វគ្គ​បណ្តុះបណ្តាល​ឥរិយាបថ និង​អាកប្បកិរិយា​របស់​កង​កំលាំង​នគរបាល ខណៈ​កន្លងមកនេះ មាន​មន្ត្រីនគរបាល​មួយចំនួន​មាន​អាកប្បកិរិយា ឥរិយាបថ​មិនល្អ​ប្រើ​ឥទ្ធិពល​ខ្លួន​ធ្វើ​ឲ្យ​មានការ​ប៉ះពាល់​ដល់​សតិ​អារម្មណ៍​ប្រជាពលរដ្ឋ និង​អ្នកបំរើ​ការងារ​ជាមួយគ្នា​ក្នុង​ជួរ​អង្គភាព​។​

នៅ​ពិធី​ជួប​សំណេះសំណាល​ជាមួយ​នាយ​នគរបាល​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដែល​បានមក​បណ្តុះបណ្តាល​កម្រិត​បឋម​វិជ្ជាជីវៈ​នគរបាល នៅ​បណ្ឌិតសភា​នគរបាល​ក​ម្ពុ​ជា នា​ព្រឹក​ថ្ងៃទី​១៣ ខែមករា​នេះ នាយ​ឧ​ត្ត​ម​សេនីយ៍ សេង ផល្លី ប្រធាន​បណ្ឌិត្យសភា​នគ​របាល​កម្ពុជា បាន​លើកឡើងថា វគ្គ​បណ្តុះបណ្តាល​ឥរិយាបថ អាកប្បកិរិយា​កងកំលាំង​នគរបាល ជា​គឺជា​វគ្គ​មួយ​ដែល​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ ទើបបាន​ឯកភាព​បង្កើត​ឲ្យ​មាន ខណៈ​កន្លងមក​មាន​មន្ត្រី​កងកំលាំង​នគរបាល​មួយចំនួន មិន​ព្រម​កែប្រែ​ច​រឹក​អាកប្ប​រិ​យា ទម្លាប់​ចាស់​របស់ខ្លួន​ពី​ប្រជារាស្ត្រ​មកជា​មន្ត្រី​កងកំលាំង​នគរបាលជាតិ និង​បាន​យក​អំណាច​ជា​កងកំលាំង​នគរបាល​ទៅប្រើ​ប្រាស់​ខុស​ទាំង​នៅក្នុង​អង្គភាព នៅក្រៅ​អង្គភាព​ធ្វើ​ឲ្យ​ប៉ះពាល​ដល់​ដល់​សតិអារម្មណ៍​ប្រជាពលរដ្ឋ​។​

ឯកឧត្តម បាន​បន្តថា សម្រាប់​នគរបាល​ដែល​ទទួលបាន​រៀនសូត្រ​វគ្គ​កែប្រែ​ឥរិយាបថ អាកប្បកិរិយា​នេះ គឺ​មន្ត្រី​ជំនាញ​នៅ​សាលា​បណ្ឌិតសភា​នគរបាល​កម្ពុជា នឹង​ចុះ​ទៅតាម​អង្គភាព នៅតាម​បណ្តា​ខេត្ត​រាជធានី ពិនិត្យមើល​អាកប្បកិរិយា​មន្ត្រីនគរបាល និង​មានការ​សាកសួរ​ពី​មន្ត្រីនគរបាល​ពាក់ព័ន្ធ​នៅក្នុង​អង្គភាព ដើម្បី​ចុច​ឈ្មោះ​ជ្រើសរើស​កងកំលាំង​នោះ​ទៅធ្វើ​ការបណ្តុះបណ្តាល​ឥរិយាបថ​និង​អាកប្បកិរិយា​របស់​កង​កំលាំង​នគរបាល​ឡើងវិញ​។​

ឯកឧត្តម សេង ផល្លី បន្តថា នៅ​ឆ្នាំ​២០១៦ នឹង​មាន​បើក​ចំនួន​ពីរ​វគ្គ ក្នុងនោះ​នឹងមាន​មន្ត្រីនគរបាល​នៅ​គ្រប់​កំរិត ចាប់ពី​ថ្នាក់​ស្នងការ ចុះ​រហូតដល់​ថ្នាក់​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល និង​នៅ​តាម​បណ្តា​អង្គភាព​ក្រោម​ឱវាទ​ក្រសួងមហាផ្ទៃ​មួ​ចំនួន​ទៀត​។​

តាមរយៈ​វគ្គ​បណ្តុះបណ្តាល​ឥរិយាបថ និង​អាកប្បកិរិយា នេះ គេ​រំពឹង កងកំលាំង​នគរបាល​ពេល​ត្រលប់​វិញ​នឹង​ក្លាយជា​អ្នកដឹកនាំ​ល្អ​នៅក្នុង​ជួរ​កងកំលាំង​នគរបាល ក្នុង​គោលដៅ​បំរើការ​ពារ​សុខ​សុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ​បានល្អ​ប្រសើរ​៕