រាជរដ្ឋាភិបាល​សម្រេច​អភិវឌ្ឍន៍​វែងឆ្ងាយ​លើ​វិស័យ​អប់រំ​កាយ​និង​កីឡា សម្រាប់​ទិសដៅ ស៊ី​ហ្គេម​ឆ្នាំ​២០២៣​ទទួល​បាន​លទ្ធ​ល្អ​

344

ភ្នំពេញ ៖ ​រាជរដ្ឋាភិបាល​កម្ពុជា​សម្រេច​អភិវឌ្ឍន៍​វែងឆ្ងាយ លើ​វិស័យ​អប់រំ​កាយ​និង​កីឡា ដោយបាន​ផ្តល់​សិទ្ធិ​អោយ​ក្រសួង​អប់រំ​យុវជន​និង​កីឡា រួម​នឹង​ដៃគូ​ពាក់ព័ន្ធ ត្រូវ​រៀបចំ រចនាសម្ព័ន្ធ កីឡា​អោយ​មាន​ភាព​ល្អ​ប្រសើរ​ដើម្បី​ទិសដៅ ​ចេញទៅ​ប្រកួត​លើ​ឆាក​អន្តរជាតិ​ទទួល​បាន​ភាព ​ជោគជ័យ ពិសេស សម្រាប់​កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣​។​

​​ឯកឧត្តម រស់ សា​លីន អ្នកនាំពាក្យ​ក្រសួង​អប់រំ​យុវជន និង​កីឡា​បាន​បញ្ជាក់​ថា ​ទន្ទឹម​នឹង​រាជរដ្ឋាភិបាល​បង្ហាញ​ពី​ចក្ខុវិស័យ​វែងឆ្ងាយ​លើ​ការអភិវឌ្ឍន៍ វិស័យ​កីឡា ក្នុង​នោះ​ក្រសួង​នឹង​ពង្រឹង​គ្រប់​សហព័ន្ធ គ្រូបង្វឹក កីឡាករ រួម​នឹង​ការ កំណត់ ប្រាក់​រង្វាន់ ប្រាក់​ហ្វឹកហាត់ ប្រាក់​ប្រមូល​ផ្តុំ ប្រាក់​របប​អាហារ រួម​នឹង​ការ​សម្រួច​កីឡាករ តាមរយៈ​ការប្រកួត​ជើងឯក​រួម​នឹង​ការសម្រេច​ចុងក្រោយ​មួយទៀត​មុន​ចេញទៅ​ប្រកួត​ថ្នាក់ អន្តរជាតិ​ម្តងៗ ក្នុង​ការ​ទទួល​បាន​លទ្ធផល​ ហើយ​អ្វី​ដែល​សំខាន់​នោះ គឺ​គោលដៅ​កម្ពុជា ធ្វើ​ម្ចាស់ផ្ទះ​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣​។ ឯកឧត្តម បន្ត​ថា​ យន្តការ​ទាំង​អស់​នោះ ក្រសួង​ក៏​មាន​ គម្រោង​បណ្តុះបណ្តាល​គ្រូបង្វឹក គ្រូ​ជំនួយ កីឡា​ករ ​អោយ​មាន​សមិទ្ធ​ភាព​ និង​ទេពកោសល្យ ខ្ពស់ ហើយ​គោលដៅ​នេះ​គឺ​នឹង​ធ្វើ​យ៉ាងណា​អោយ​កីឡា​ក្លាយជា​គោលដៅ​ដ៏​ពេញនិយម​ សម្រាប់​ប្រជាពលរដ្ឋ​ទូទៅ​។​

​​​គួរ​បញ្ជាក់​ថា​ ក្នុង​យន្តការ​អភិវឌ្ឍន៍​វែងឆ្ងាយ​លើ​វិស័យ​អប់រំ​កាយ​និង​កីឡា​របស់​រាជ រដ្ឋាភិបាល​នេះ ក៏​បាន​កំណត់​យ៉ាង​ច្បាស់​លាស់​ផង​ដែរ​ទៅលើ​ប្រាក់​រង្វាន់​សម្រាប់​កីឡាករ គ្រប់រូប​ដែល​ទទួល​បាន​ជ័យលាភី ​សម្រាប់​ការប្រកួត​ជើងឯក​ជាតិ ពិសេស​ប្រាក់​រង្វាន់​កីឡា អាស៊ីអាគ្នេយ៍​,​ប្រាក់​រង្វាន់​កីឡា​អាស៊ី​,​ប្រាក់​រង្វាន់​កីឡា​អូឡាំពិក​និង​ប្រាក់​រង្វាន់​កីឡា​ពិភពលោក​ជាដើម​៕