ADB ​សហការ​ជាមួយ​ក្រសួង​ធន​ធាន​ទឹក ​ចាត់​វិធានការ​ជំហាន​ដំបូង ​គ្រប់គ្រង​គ្រោះ​មហន្តរាយ

223

​ភ្នំពេញ៖ ​ ADB សហការ​ជាមួយ​ក្រសួង ធនធានទឹក​ ចាត់វិធានការ​ជំហាន​ដំបូង​ គ្រប់គ្រង​គ្រោះ​មហន្តរាយ ​និង​រៀបចំ​សហគមន៍ ​ដើម្បី​រក្សា​ទឹក​ទុក ​សម្រាប់​ប្រើប្រាស់​ នា​រដូវប្រាំង​។

ធនាគារ​អភិវឌ្ឍ​អាស៊ី ADB ​សហការ​ជាមួយ​ក្រសួង​ធនធានទឹក ​និង​ឧតុនិយម រៀបចំ​សិក្ខាសាលា​មួយ ​នៅ​ព្រឹក​ថ្ងៃទី ១៣ ​មករា នៅ​សណ្ឋាគារ​ភ្នំពេញ ​ដើម្បី​ផ្សព្វផ្សាយ​ពី​ការអនុវត្ត​គម្រោង​ជំហាន​ដំបូង ​នៃ​ផ្នែក​សហគមន៍​គ្រប់គ្រង​ហានិភ័យ​គ្រោះ​មហន្តរាយ  ​និង​ការរៀបចំ​សហគមន៍​កសិករ​ប្រើ​ប្រាស់​ទឹក របស់​គម្រោង​គ្រប់គ្រង ​និង​កាត់បន្ថយ​ហានិភ័យ​គ្រោះ​ទឹកជំនន់ ​និង រាំងស្ងួត នៃ​មហា​អនុតំបន់​មេគង្គ​។

លោក Januar Hakim អ្នកឯកទេស​គ្រប់គ្រង​កម្ម វិធី​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ប្រចាំ​កម្ពុជា​បាន​លើក​ឡើង​ថា ​ការអនុវត្ត​គម្រោង​សហគមន៍​គ្រប់គ្រង​ហានិភ័យ​គ្រោះ​មហន្តរាយ​  និង​ការរៀបចំ​សហគមន៍​កសិករ​ប្រើប្រាស់​ទឹក ​បាន​ប្រែក្លាយ​ការងារ​របស់ខ្លួន ​ដើម្បី​ធ្វើការ​គ្រប់គ្រង​ហានិភ័យ​ ដែល​មាន​លក្ខណៈ​ថ្នាក់​ជាតិ ​និង​តំបន់ ស្រប​ពេល​ពិភពលោក​កំពុង​ជួបប្រទះ​នូវ​ការប្រែប្រួល ​អាកាសធាតុ​ មិន​អាច​កំណត់​បាន​។

លោក ​បន្តថា ​តាមរយៈ​សិក្ខាសាលា​នេះ យើង​នឹង​អាច​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ នៅ​តាម​សហគមន៍ ឲ្យ​ចេះ​សម្របសម្រួល​ខ្លួន ​ទៅតាម​ពេលវេលា ​ដែល​ប្រឈម​ទៅ​នឹង​គ្រោះម​ហន្តរាយ ​ជាពិសេស​គ្រោះ​ទឹកជំនន់ ​និង​គ្រោះរាំងស្ងួត​។

លោក ​ប៉ុ​ញ សច្ចៈ ​អគ្គនាយក​ទទួលបន្ទុក​ការងារ​បច្ចេកទេស ​និង​ជា​នាយក​គម្រោង ​គ្រប់គ្រង​ និង​កាត់ ​បន្ថយ​ហានិភ័យ​គ្រោះ​ទឹកជំនន់ ​និង​គ្រោះរាំងស្ងួត​ ក្នុង​មហា​អនុ តំបន់​មេគង្គ ​នៃ​ក្រសួង​ធនធាន​ទឹក ​និង​ឧតុនិយម បាន​ឲ្យ​ដឹងថា​ នៅ​ក្នុង​ឆ្នាំនេះ កម្ពុជា​ទទួលរង​នូវ​ឥទ្ធិពល ​អែល​ឌី​ណូ ​ដែល​ធ្វើ​ឲ្យ​មាន​កំដៅ​កើន​ឡើង ​និង​ធ្វើ​ឲ្យ បរិមាណ​ទឹកភ្លៀង​តិច​។

លោក ​បន្តថា ​ការប្រែប្រួល​នេះ អាច​ធ្វើ​ឲ្យ​ភាពរាំង​ស្ងួត​ពន្យារ​ហូត​ដល់​ខែ​៦​ពាក់​កណ្តាល​ឆ្នាំ ២០១៦ ទើប​អាច​មាន​ភ្លៀង​ធ្លាក់ ដែល​កត្តា​នេះ ធ្វើ​ឲ្យ​មាន​ភាព​រាំងស្ងួត ​កំដៅ​កើនឡើង ​និង​ប៉ះពាល់​ដល់​ប្រជាកសិករ​យើង​ក្នុង​ការងារ​បង្កបង្កើន​ផល​។

សិក្ខាសាលា​នេះ​ធ្វើឡើង ក្នុង​គោលបំណង​បញ្ជ្រាប​ចំណេះដឹង​ដល់​ មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​អនុវត្តន៍​គម្រោង​នៅ​តាម​បណ្តា​ខេត្ត​គោលដៅ ​និង​មន្ត្រី​ក្រោម​ឪ​វាទ​របស់​ក្រសួង ពេល​ចុះទៅ​អនុវត្ត​ដល់​មូលដ្ឋាន​ផ្ទាល់ ​ត្រូវ​ចេះ​ពន្យល់​ណែនាំ​ដល់​ប្រជាពលរដ្ឋ នៅ​ក្នុង​តំបន់​អនុវត្ត​គម្រោង ឲ្យ​បាន​ត្រឹមត្រូវ និង​ការទទួលខុសត្រូវ​ខ្ពស់​៕