អតីត​ទណ្ឌិត​រឿង​ប្លន់​ចេញ​មកវិញ​ក្លែង​ឯកសណ្ឋាន​ប៉េអិម​ជាប់គុក​ម្តង​ទៀត​

478

ភ្នំពេញ​៖ ​អតីត​ទណ្ឌិត​រឿង​ប្លន់​ជាប់ពន្ធនាគារ​៦​ឆ្នាំ​ពេល​ចេញពី​គុក​វិញ​គ្មាន​ការងារ​ធ្វើ​បែកគំនិត​ក្លែង​ឯកសណ្ឋាន​កងរាជអាវុធហត្ថ​គំរាម​សម្លុត​អ្នកដទៃ​យក​ប្រាក់ ឥឡូវ​ត្រូវ​បាន​តុលាការ​សម្រេច​បញ្ជូន​ទៅ​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ព្រៃ​ស​ម្តង​ទៀត កាលពី​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៦ ក្រោម​ការចោទប្រកាន់​ពី​បទ ប្រើប្រាស់​នូវ​ឯកសណ្ឋាន​ជាអាទិ៍ ​ដែល​មាន​ភាព​ប្រហាក់ប្រហែល​នឹង​នគរបាល​ឬ​យោធា​មាន​ស្ថាន​ទម្ងន់ទោស តាម​មាត្រា​៦១៧ នៃ​ក្រមព្រហ្មទណ្ឌ​។

ជនសង្ស័យ​រូប​នេះ ​ឈ្មោះ ហុង រិ​ទ្ធ ហៅ ហ៊ុន រិ​ទ្ធ អាយុ ២៧​ឆ្នាំ ត្រូវ​បាន​សមត្ថកិច្ច​ក​ង​រាជ​អាវុធហត្ថ​ខណ្ឌទួលគោក​ឃាត់ខ្លួន​កាលពី​យប់​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០១៦​។

នៅ​ដំណាក់កាល​សមត្ថកិច្ច ឈ្មោះ ហុង រិ​ទ្ធ បាន​សារភាព​ថា កន្លងមក​មុន​ឆ្នាំ​២០០៩ រូបគេ​ធ្លាប់​ក្លែងបន្លំ​ជា អាវុធហត្ថ​ដើរ​គំរាម​ជម្រិត​ទារប្រាក់ និង​ប្លន់​ប្រជាពលរដ្ឋ​ជាច្រើន លើក​ច្រើន​សារ រួច​មក​ហើយ ហើយក៏​ត្រូវ​បាន កម្លាំង​អាវុធហត្ថ រាជធានី​ភ្នំពេញ ចាប់ខ្លួន​បញ្ជូន ទៅ​តុលាការ ម្តង​រួច​មក​ហើយ​ដែរ​តាំងពី​ថ្ងៃទី​០២ ខែកុម្ភៈ ឆ្នាំ​២០០៩ និង​ត្រូវ​បាន​តុលាការ​កាត់ទោស ឲ្យ​ជាប់ពន្ធនាគារ រយៈពេល​៦​ឆ្នាំ ពី​បទ​ប្លន់​។​

ជនសង្ស័យ​បន្ត​ថា បន្ទាប់ពី​ចេញពី​គុក នៅក្នុង​អំឡុង​ខែកុម្ភៈ ឆ្នាំ​២០១៥ រូបគេ​មិន​មាន​មុខរបរ​អ្វី​ជាក់លាក់ ក៏​ទៅ​ទិញ​ឯកសណ្ឋាន អាវុធហត្ថ​ពី​ផ្សារ​ទឹកថ្លា បន្លំ​ជា​អាវុធហត្ថ​ពាក់​សក្តិ​២ ដើរ​គម្រាម​ជំរិត​ទារប្រាក់ ពី​ប្រជាពលរដ្ឋ​ទៀត ពិសេស​បាន​ទៅ​គម្រាម យកប្រាក់​ពី​ពួក​លក់ និង​ជក់​គ្រឿងញៀន នៅ​ម្តុំ​មុខ​ពេទ្យ​លោកសង្ឃ ជា​ញឹកញាប់​ស្ទើរ​រាល់ថ្ងៃ​។​

រហូតដល់​យប់​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០១៦ បន្ទាប់ពី​រូបគេ​បាន​ដើរ យក​ប្រាក់​ពី​អ្នកលក់ និង​ជក់​គ្រឿងញៀន នៅ​ម្តុំ​ត្រពាំង​ឈូក មុខ​ពេទ្យ លោកសង្ឃ ដូច​រាល់ដង​រួច រូបគេ​បាន​ជិះ​ម៉ូតូ​ទៅ ប៉ះ​ជាមួយ​ឡាន លុច​ស៊ី​ស​៥៧០ មួយ​គ្រឿង នៅ​ម្តុំ​ផ្សារ​នាគ​មាស សង្កាត់​ផ្សារ​ដើម​គ​។

ពេល​មាន​ប៉ូលិស​ប៉ុស្តិ៍​ផ្សារ ដើម​គ​ទៅ​អន្តរាគមន៍ រូបគេ​បាន​ជិះ​ម៉ូតូឌុប​ទៅផ្ទះ ប្ដូរ​ឯកសណ្ឋាន​ជា អាវុធហត្ថ​ក្លែងក្លាយ ត្រលប់​មក កន្លែង​កើតហេតុ ធ្វើការ​គំរាមកំហែង ដល់​ភាគី​ម្ចាស់​ឡាន និង​សមត្ថកិច្ច ទៅ​ទីនោះ ដោយ​និយាយ​គ្នា​មិន​ត្រូវ ក៏បាន​នាំគ្នា​ទៅ សម្របសម្រួល​នៅ ប៉ុស្តិ៍​នគរបាល​ផ្សារ​ដើម​គ រហូតដល់​កម្លាំង​អាវុធហត្ថ ខណ្ឌទួលគោក​ទៅដល់ មើល​ដឹង​ថា​ រូបគេ​ជា អាវុធហត្ថ​ក្លែងក្លាយ ក៏​ចាប់ខ្លួន​តែម្តង​៕​