សមត្ថកិច្ច​ស្រាវជ្រាវ​ចាប់ខ្លួន​ បក្ខពួក​ចោប្លន់ បាន​​ម្នាក់ ​នៅ​ជិតផ្សារហេងលី

716

ភ្នំពេញ ៖ ​​បក្ខពួក​ចោរប្លន់​​ម្នាក់ ​ត្រូវ​កម្លាំង​ការិយាល័យ ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ ​នៃ​ស្នងការ​ក្រុង​ ​ស្រាវជ្រាវ ​ចាប់​ខ្លួន​បាន​ កាលពី​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​១៤ ​ខែមករា​ ឆ្នាំ​២០១៦​ នៅ​ជិត​ផ្សារ​ហេង​លី ផ្លូវ​២៧១​ភូមិ​ត្រពាំង​ឈូក​សង្កាត់​ទឹកថ្លា​ខណ្ឌ​សែន​សុខ ដែល​ពួកគេ​ និង​បក្ខពួក​ធ្លាប់​ធ្វើ​សកម្មភាព​ប្លន់​ម៉ូតូ​កាលពី​ឆ្នាំ​២០១៥​ កន្លងមក។

ប្រតិបត្តិការ ​នេះ​ បន្ទាប់ពី​សមត្ថកិច្ច ​ធ្វើការ​ស្រាវជ្រាវ​អស់​រយៈពេល​ជាង​៣​ខែ ​​ទើប​កំណត់​មុខសញ្ញា​បាន​ហើយ​ឈាន​ទៅ​ ចាប់ខ្លួន​កាលពី​ថ្ងៃទី​១៤ ​ខែមករា ​ឆ្នាំ​២០១៦។

លោក ​អេង​ សោភា​នាយកា​រិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ​បាន​ឱ្យ​ដឹង​ថា ជនសង្ស័យ​ខាងលើ​ឈ្មោះ សោម​ សា​រេ​ន​ ភេទ​ប្រុស​អាយុ​២១​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ​ ស្នាក់នៅ​ភូមិ​ដំណាក់​ធំ​សង្កាត់​ស្ទឹងមានជ័យ​ខណ្ឌ​មានជ័យ។

លោក ​អេង ​សោភា​បន្ត​ថា ការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​ សមត្ថកិច្ច​បាន​ដកហូត​ម៉ូតូ​ម៉ាកនិច​ពណ៌​ស​ លាយ​ខ្មៅ​ពាក់​ស្លាក​លេខ ភ្នំពេញ​1FD0834​ដែល ប្លន់​ពី​ជនរងគ្រោះ​បាន​កាលពី​លើក​មុន ដោយ​លោក​បញ្ជាក់​ថា ​ក្រុម​នេះ​ជា​មុខសញ្ញា​ចាស់ ​ដែល​នៅ​សេសសល់​ និង​ជា​មុខសញ្ញា​ចាស់​ផង​ដែរ។

លោកនាយ​ការិយាល័យ ​បន្តថា ក្រុម​នេះ​មាន​បក្ខពួក​២​នាក់​ ដោយ​កាលពី​ថ្ងៃទី​១១​ខែតុលា​ឆ្នាំ​២០១៥ ក្រុម​នេះ​ បានធ្វើ​សកម្មភាព​ប្លន់​ម៉ូតូ​ដែល​ដកហូត​បាន​ខាងលើ​ពី​ជនរងគ្រោះ ​តាមផ្លូវ​២០០២​ក្នុងភូមិ​ត្រពាំង​ឈូក​សង្កាត់​ទឹកថ្លា​ខណ្ឌ​សែន​សុខ ហើយ​គេ​បាន​គេច​ខ្លួនបាត់​រហូត​មក ទើប​ស្រាវជ្រាវ​ចាប់​បាន​នេះ​ ដោយ​នៅសល់​ម្នាក់ ​ទៀត​កំពុង​រត់គេចខ្លួន ​សមត្ថកិច្ច​បាន​កំពុង​ស្រាវជ្រាវ​បន្ត ចាប់ខ្លួន​យក​មក​ផ្តន្ទាទោស​តាមច្បាប់ ។

បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ ​ត្រូវបាន​សមត្ថកិច្ច​កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​នីតិ​វិធី​ច្បាប់ ៕