ក្រសួង​ការងារ អំពាវនាវ​ឲ្យ​យុវជន​ងាក​មក​សិក្សា​ជំនាញ​បច្ចេកទេស​ដើម្បី​ឆ្លើយតប​ទៅនឹង​ទីផ្សារ​ការងារ​

325

ភ្នំពេញ៖ ​ក្រសួង​ការងារ បាន​អំពាវនាវ ឲ្យ​យុវជន ងាក​មក​សិក្សា​ជំនាញ​បច្ចេកទេស បន្ទាប់ពី បញ្ចប់​ការសិក្សា ឲ្យ​បាន​ច្រើន ដើម្បី​ឲ្យ​ត្រូវ​តាម តម្រូវការ​ទីផ្សារ​របស់​កម្ពុជា នាពេល​បច្ចុប្បន្ន​។

ក្នុង​ពិធី​សិក្ខាសាលា​ផ្សព្វផ្សាយ និង​ចែករំលែក​បទពិសោធន៍ ស្តីពី​បច្ចេកទេស​វិទ្យា​ទំនើប​របស់​រថយន្ត BMW នៅ​វិ​ទ្យា​សា្ថ​ន​បច្ចេកទេស​ឧស្សាហកម្ម នៅ​ព្រឹក​ថ្ងៃទី​១៥ ខែមករា ក្រសួង​ការងារ បាន​ថ្លែង​ជម្រុញ​ឲ្យ​យុវជន​ងាក​មក​សិក្សា​ជំនាញ​បច្ចេកទេស​ឲ្យ​បាន​ច្រើន ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ទីផ្សារ​ការងារ​បច្ចុប្បន្ន ខណៈដែល​ពីមួយ​ឆ្នាំ​ទៅមួយ​ឆ្នាំ កម្ពុជា នៅតែ​ខ្វះ​កម្លាំង​ពលកម្ម​ផ្នែក​ជំនាញ​វិជ្ជាជីវៈ​។​

លោក មាន់ សំអឿន នាយក​វិទ្យា​សា្ថ​នប​ច្ចេកទេស​ឧស្សាហកម្ម នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​បាន​អំពាវនាវ​ដល់​សិស្ស និស្សិត​ខ្មែរ គួរ​ដល់ពេល​ហើយ​ក្នុងការ​គិតពិចារណា​ចាប់យក​ជំនាញ​បច្ចេកទេស ដែល​កំពង់មាន​តម្រូវការ​ទីផ្សារ​ខ្ពស់ និង​អាច​រកប្រាក់​ចំណូល​ឲ្យ​ក្រុម​សារ​ផងដែរ​។

លោក បន្តថា ការសិក្សា​ជំនាញ​បច្ចេកទេស មិនមែន​ដើម្បី​ធ្វើ​ត្រឹម​ជា​កម្មករ​នោះទេ ប៉ុន្តែ​អ្នក​ទាំងនោះ ក៏​អាច​ធ្វើជា​អ្នកគ្រប់គ្រង និង​ជា​ថៅកែ​ដោយ​បើក​នូវមុខ​ជំនួញ​សម្រាប់​ខ្លួនឯង​ផងដែរ​។​

បច្ចុប្បន្ននេះ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាននិងកំពុង​ព្យាយាម​ជួយ តម្រង់ផ្លូវ​ឲ្យ​សិស្ស និស្សិត ងាក​មក​សិក្សា​លើ​ផ្នែក​ជំនាញ​បច្ចេកទេស​ឲ្យ​បាន​ច្រើន​ដើម្បី​កាត់បន្ថយ​គម្លាត​ទីផ្សារ​ការងារ និង​កុំ​ឲ្យ​យុវជន​ផ្តោត​តែ​ទៅលើ​មុខវិជ្ជា​ក្នុង​វិស័យ​ធុរៈកិច្ច​(​មុខជំនាញ គ្រប់គ្រង គណនេយ្យ ធនាគារ និង​ហិរញ្ញវត្ថុ​)​ច្រើនពេក​ព្រោះ​មុខជំនាញ​ទាំងនេះ លើសពី​តម្រូវការ​ទីផ្សារ​ទៅហើយ​៕