ភាព​តានតឹង​កើតមានឡើង​រវាង​ក្រុម​នគរបាល​សហរដ្ឋអាមេរិក និង​ប្រជាពលរដ្ឋ​ជុំវិញ​ការប្រើ​អំពើ​ហិង្សា​

249

អាមេរិក៖ ការចេញផ្សាយ​របស់​សារព័ត៌មាន​ជុំវិញ​ការ​ការសម្លាប់​ប្រជាពលរដ្ឋ​ស្លូតត្រង់​ពី​សំណាក់​ក្រុមនគរបាល​សហរដ្ឋអាមេរិក​អំឡុង​ឆ្នាំ​២០១៥ បានធ្វើ​ឲ្យ​មានការ​ខឹងសម្បារ​យ៉ាង​ខ្លាំង​នៅក្នុង​ចំណោម​ប្រជាពលរដ្ឋ​ទាំងអស់ ក៏ដូចជា​ជម្រុញ​ឲ្យ​មាន​បាតុកម្ម​ប្រឆាំងនឹង​អំពើ​ឃោ​ឃៅ​របស់​ក្រុមនគរបាល​ទាំងនេះ​។​

ថ្វីត្បិតតែ​តួរ​លេខ​ខុសប្លែកគ្នា​ពី​ប្រភព​មួយ​ទៅ​ប្រភព​យ៉ាងណាក្តី ក៏មាន​វែបសាយ​មួយ​ឈ្មោះ killedbypolice.net បានបង្ហាញ​តួរ​លេខ​មួយ​ថា នគរបាល​សហរដ្ឋអាមេរិក បានសម្លាប់​មនុស្ស​យ៉ាងហោច​ក៏​១១៨៦​នាក់​ដែរ កាលពី​អំឡុង​ឆ្នាំ​២០១៥​កន្លងទៅ ពោលគឺ​មនុស្ស​៣​នាក់ ត្រូវបាន​សម្លាប់​ជា​រៀងរាល់ថ្ងៃ​ដោយ​ក្រុមនគរបាល​។​

ឧប្បត្តិហេតុ​២​លើក​កាលពី​ចុងឆ្នាំ​២០១៥​នៅក្នុង​ទីក្រុង​ឈី​កា​ហ្គោ បានធ្វើ​ឲ្យ​ភាព​តានតឹង​កាន់តែខ្លាំង​ឡើង​រវាង​ក្រុម​ប្រជាពលរដ្ឋ និង​ក្រុមនគរបាល​។

ក្មេងប្រុស​ឡា​ក្វាន ម៉ាក​ដូ​ណា​ល់ វ័យ​១៧​ឆ្នាំ គឺជា​កូនកាត់​អាមេរិក​-​អាហ្វ្រិក ត្រូវបាន​បាញ់សម្លាប់​ដោយ​ក្រុមនគរបាល​ក្រុង​ឈី​កា​ហ្គោ ដែល​បាន​បាញ់​គាត់​១៦​គ្រាប់​ត្រឹម​រយៈពេល​៣០​វិនាទី​ប៉ុណ្ណោះ ខណៈដែល​យុវជន​ម្នាក់ និង​ស្ត្រី​ម្នាក់​ផ្សេងទៀត ត្រូវបាន​បាញ់សម្លាប់​ផងដែរ​ដោយ​មន្ត្រីនគរបាល​២​រូប​នៅក្នុង​ឧប្បត្តិហេតុ​ដាច់ដោយឡែក​ពីគ្នា​។​

លោក​ហ្វ្រែ​ង ឆាប​មែន គឺជា​សមាជិក​មួយរូប​នៃ​ក្រុម​សម្ព័ន្ធ​ឈី​កា​ហ្គោ​ប្រឆាំងនឹង​ពូជសាសន៍​និង​គំនាប​នយោបាយ បាន​អះអាងថា ប្រជាពលរដ្ឋ​មានការ​ខកចិត្ត​យ៉ាងខ្លាំង ដោយហេតុថា ពួកគេ​លែងគោ​រព​ច្បាប់ ហើយ​ថែមទាំង​បំពាន​លើ​ច្បាប់​ទៀតផង​៕