អធិការ​នគរបាល​ស្រុក​ស្វាយ​អ​ន្ទ​រ​បាញ់​គេ​ស្លាប់ ប្រឈម​ជាប់គុក​ពី​១០​ឆ្នាំទៅ​២០​ឆ្នាំ​

1034

ព្រៃវែង ៖​​ អធិការ​នគរបាល​ស្រុក​ស្វាយ​អ​ន្ទ​រ លោក ពុំ កាន់ ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តព្រៃវែង សម្រេច​កាលពី​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០១៦ ឃុំខ្លួន​ដាក់​ពន្ធនាគារ ដើម្បី​រង់ចាំ​ស៊ើបអង្កេត​ករណី​ផ្ទុះអាវុធ​ចំក្បាល​បណ្ដាល​ឲ្យ​បុរស​ម្នាក់​ស្លាប់​ភ្លាមៗ ក្នុង​ប្រតិបត្តិ​ការ​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់​ជល់​មាន់​និង​បៀរ​អាប៉ោង ។

លោក មាស សុភ័ក្ត្រ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តព្រៃវែង បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ ថា លោក ពុំ កាន់ ត្រូវ​បាន​លោក​ព្រះរាជអាជ្ញា​រង មួង សារិន ចោទប្រកាន់​ពី​បទ​ឃាតកម្ម តាម​មាត្រា​១៩៩ នៃ​ក្រមព្រហ្មទណ្ឌ ។ បទល្មើស​នេះ កំណត់​ការ​ផ្ដន្ទាទោស​ពី​១០​ឆ្នាំទៅ​២០​ឆ្នាំ ។

លោក ពុំ កាន់ អធិការ​នគរបាល​ស្រុក​ស្វាយ​អ​ន្ទ​រ ​ត្រូវ​បាន សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០១៦ នៅ​ចំណុច​ភូមិ​តង​ឡង​ទី​៣ ឃុំ​ព្រៃខ្លា ស្រុក​ស្វាយ​អ​ន្ទ​រ ។​

គួរ​រំលឹក​ថា ប្រភព​ព័ត៌មាន បាន​ឲ្យ​ដឹង​ថា ជនរងគ្រោះ​ដែល​ស្លាប់​មានឈ្មោះ កិត អី​ម​អាយុ​៣៨​ឆ្នាំ ។ សាក្សី​ឃើញ​ហេតុការណ៍ បាន​ឲ្យ​ដឹង​ថា​ ខណៈ​ដែល​សមត្ថកិច្ច​ចុះទៅ​បង្ក្រាប​កន្លែង បើក​ល្បែង​ខុសច្បាប់ ក្រុម​អ្នកមើល​និង​អ្នកលេង បាន​នាំ​គ្នា​រត់ចេញ​យ៉ាង​ប្រសេចប្រសាច ។ រំពេច​នោះ​ស្រាប់តែ​ស្នូរ​គ្រាប់កាំភ្លើង​មួយ​គ្រា​ប់​បាន​ផ្ទុះ​ប​ន្លើ​រ​ឡើង ។ បន្តិចក្រោយមក​ស្រាប់តែ​បុរស​ម្នាក់ បាន​ដួល​ដេក​នឹង​ដី នៅក្នុង​ថ្លុកឈាម ក្រោយពី​គ្រាប់កាំភ្លើង ហោះ​ទៅ​ទម្លុះ​ក្បាល​របស់​គាត់​ធ្លាយ​ពី​ម្ខាង​ទៅ​ម្ខាង​។ ជា​មួយ​គ្នា​នេះ ប្រពន្ធ​បុរស​រង​គ្រោះ បាន​ស្រែក​ថា ហេតុអ្វី​បាញ់​ប្តី​ខ្ញុំ​អីចឹង​។​ប៉ុន្តែ​សមត្ថកិច្ច​មិនបាន​ឆ្លើយតប​ទេ រីឯ​កូនតូចៗ ក៏​រង​របួស​បន្តិចបន្តួច​ផង​ដែរ ។​

ចំណែក អ្នកស្រី សឹម ម៉េន អាយុ ៣៤​ឆ្នាំ​ជា​ប្រពន្ធ​ជន​រង​គ្រោះ​បាន​រៀបរាប់​ឱ្យ​ដឹង​ថា​មុន​ពេល កើតហេតុ​នៅ​ជាប់​ផ្ទះ​របស់​គាត់​មាន​មនុស្ស​ប្រមាណ ជិត​១០០ នាក់ បាន​មក​ប្រមូល​ផ្តុំ​គ្នា​លេង​ជល់ មាន់​ហើយ​ខណៈ​ពេល​ដែល​កំពុង​ជល់​នោះ​ស្រាប់តែ​មាន​ប៉ូលិ​ស​ចំនួន​៦​នាក់​ដឹកនាំ​ដោយ​លោក ​ពុំ កាន់​អធិការ​ស្រុក​បាន​ចូល​មក​ដល់​ធ្វើ​ឱ្យ​ក្រុម​អ្នកលេង​ជល់​មាន់​ភ័យ​ស្លន់ស្លោ​រត់​ចែក​ជើង​គ្នា ប្រសេចប្រសាច​ពេញ​វាល​ភ្លាម​នោះ​ប្តី​បាន​ពកូន​ពៅ​អាយុ​១​ខួប​ចេញពី​ក្រោមផ្ទះ​មក​ឈរ​មើល ស្រាប់តែ​ត្រូវ​លោក ​អធិការ​ដក​កាំភ្លើង​បាញ់​១​គ្រាប់​ចំ​ក្បាល​ធ្លុះ​ពី ​សៀត​ផ្កា​ខាងស្តាំ​ធ្លាយ​ទៅ ខាងឆ្វេង​ដួល​បោក​ទៅ​ដី​សង្កត់ពីលើ​កូន​ញ័រ​ខ្លួន​ទទ្រើក​និង​មាន​ឈាម​ហូរ​ចេញ​មក​យ៉ាង​ខ្លាំង ។​

អ្នក​បញ្ជាក់​ថា​ពេល​ឃើញ​ប្តី​ត្រូវ​គ្រាប់​ភ្លាម​គាត់​ក៏​ស្រែកហៅ​ឱ្យ​គេ​ជួយ​ទើប​ក្រុម​អ្នកលេង​មាន់​ជា​ច្រើន នាក់​ឈប់​រត់​ហើយ​នាំ​គ្នា​មក​ជួយ​លើកយក​ប្ដី​គាត់​ទៅ​ពេទ្យ​ឯកជន​នៅ​រង្វង់​មូល​ស្វាយ ​អន្ទរ​ តែ ស្ថានភាព​ធ្ងន់ធ្ងរ​មិន​អាច​ជួយ​បាន​គ្រូពេទ្យ​ក៏​ដឹក​បន្ត​ទៅ​ភ្នំពេញ​តែ​បាន​ពាក់​កណ្តាលផ្លូវ​ក៏​ស្លាប់​បាត់បង់​ជីវិត​តែ​ម្តង ៕​