មន្ត្រី​ដឹកនាំ​កងទ័ព​ជាន់ខ្ពស់​ បញ្ជាក់ថា​ នាយ​ទាហាន់​ចាស់ៗ​នៅ​តាម​ព្រំដែន​មាន​ស្មារតី​ខ្ពស់​ឈរជើង​ការពារ​ព្រំដែន

394

ភ្នំពេញ ៖ ​នាយសេនាធិការ​ចំរុះ ​កងយោធពល​ខេមរភូមិន្ទ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ គន់ គីម ថ្លែង​ការ​កោតសរសើរ​ខ្ពស់​ចំពោះ​អតីត​នាយទាហាន​ចាស់ៗ ដែល​កំពុង​ឈរជើង​តាម​ព្រំដែន​ទាំង​អស់​ប្រទេស​កម្ពុជា ​ នៅ​តែ​មាន​ស្មារតី​ខ្ពស់​ក្នុង​សកម្មភាព​ប្រយុទ្ធ និង​ការពារ​ខ្សែ​បន្ទាត់ ​បង្គោល​ខ័ណ្ឌ​សីមា​ព្រំដែន​ ជាមួយ​បណ្តា​ប្រទេសជិតខាង​។

នៅ​ក្នុង​ពិធី​បើក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​កងទ័ពជើងទឹក​កង​យោធពល​ខេមរភូមិន្ទ ប្រចាំឆ្នាំ​២០១៥ ​លើក​ទិសដៅ​បន្ត​ឆ្នាំ​២០១៦ ​នា​ព្រឹក​ថ្ងៃទី​១៨​ ខែមករា ​នៅ​បញ្ជាការដ្ឋាន​កងទ័ពជើងទឹក  ឯកឧត្តម ​នាយ​ឧ​ត្ត​ម​សេនីយ គន់ គីម មានប្រសាសន៍ថា នៅតាម​ព្រំដែន​មាន​នាយទាហាន​បាន​ចូលនិវត្តន៍ ​មាន​បទពិសោធន៍​ខ្លាំងៗ ​បាន​ចូលរួមចំណែក​យ៉ាងសកម្ម​ជាមួយ​នាយទាហាន​សកម្ម នានា​ទៀត ​កំពុង​បាន​ធ្វើជា​គំរូ​ដ៏​ល្អប្រសើរ ​ដល់​នាយទាហាន​ជួរ​ក្រោយ ពិសេស​យុវជន​ជំនាន់ នៅ​ក្នុង​វិស័យ​ឈរជើង​ការពារជាតិ ​បូរណភាព​ទឹកដី និង​ការពារ​អធិបតេយ្យភាព​កម្ពុជា​។

​ឯកឧត្តម ​បន្តថា ​ ក្រៅពី​ឈរជើង​ការពារ​ព្រំដែន​នោះដែរ​ បណ្តា​នាយទាហាន​ចូលនិវត្តន៍ បាន​ខិតខំ​បណ្តុះ​បណ្តាល និង​ហ្វឹកហ្វឺន​នាយទាហាន​សកម្មភាព​ជំនាញ ​សម្រាប់ធ្វើ​ស្មារតី​ឈរជើង​ការពារ​ព្រំដែន និង​កសាង​បាន​នូវ​ជំរំ​ជម្រក ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ថ្នល់ និង​មាន​ភាព​មាន​ម្ចាស់ការ​ខ្លួន​ឯងបាន​យ៉ាង​រឹងមាំ​ទៀតផង​។

ទន្ទឹមនឹងនេះ ​ឯកឧត្តម នាយ​ឧ​ត្ត​ម​គន់ គីម បាន​ជំរុញ​ឲ្យ​បណ្តា​មេបញ្ជាការ​កងទ័ព​ទាំងអស់ ​ត្រូវហ៊ាន ​ធ្វើការ​លះបង់ ​ចំណាយ​ពេល​វេលា​ឲ្យ​បាន​ច្រើន ​ និង​សុំ​ឲ្យ​មានការ​ខិតខំ​រួម​សាមគ្គី​ជា​កំលាំង ​និង មានការ​ឯកភាពគ្នា ​តស៊ូ​ហាន​ការពារ​នូវ​ភាពត្រឹមត្រូវ ​ដើម្បី​បុព្វហេតុ​ជាតិ​មាតុភូមិ និង​កសាង​បាន​ទំនុក ចិត្ត​ខ្ពស់​បំផុត​ជូន​កងទ័ព និង​ប្រជាជន​៕