នគរបាល​ខណ្ឌ​ជ្រោយចង្វារ​បង្ហាញមុខ​ជនសង្ស័យ​៩​នាក់​ករណី​រក្សាទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​

288

​​​ភ្នំពេញ​៖​ នគរបាល​ផ្នែក​ព្រហ្មទណ្ឌ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ជ្រោយចង្វារ កាលពី​ព្រឹក​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០១៦ បាន​ធ្វើការ​បង្ហាញមុខ​ជនសង្ស័យ ៩​នាក់ ករណី​រក្សាទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ។​

​​​សមត្ថកិច្ច​ប្រាប់​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង ៩​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ជ្រោយចង្វារ ល្បាត​នៅក្នុង​មូលដ្ឋាន ប្រទះឃើញ​បង្ក្រាប​បាន កាលពី​វេលា​ម៉ោង ២ រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្លូវជាតិ​លេខ​៦ ភូមិ​ព្រែកលៀប សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។​

​​​សមត្ថកិច្ច​ប្រាប់​បន្ត​ឲ្យ​ដឹង​ថា មុន​ពេល​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៩​នាក់ គឺ​កម្លាំង​នគរបាល នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ជ្រោយចង្វារ ​បាន​ជិះ​ល្បាត​នៅក្នុង​មូលដ្ឋាន ដើម្បី​ការពារ រាល់​បទល្មើស​កុំ​ឲ្យ​កើតមានឡើង ខណៈ​មកដល់​ចំណុច​កើតហេតុ ស្រាប់តែ​ប្រទះឃើញ ជនសង្ស័យ​ទាំង​៩​នាក់ ជិះ​ម៉ូតូ ៥​គ្រឿង នៅ​កន្លែង​ស្ងាត់ ដោយមាន​ការសង្ស័យ​ក​ម្លាំ​ង​បានធ្វើការ​ត្រួតពិនិត្យ ឆែកឆេរ រក​ឃើញ​ថ្នាំញៀន​ប្រភេទ ក្រាម​ព​ណ៌ស​ថ្លា ចំនួន ៦​កញ្ចប់ ទើប​ឃាត់ខ្លួន​ពួកគេ​ទាំង​៩​នាក់ រួមទាំង​វត្ថុ​តាង​នាំមក​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ជ្រោយ​ចង្វារ ដើម្បី​បន្ត​នីតិវិធី​ទៅតាម​ផ្លូវច្បាប់​។​

​​​សមត្ថកិច្ច​ប្រាប់​បញ្ជាក់​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង ៩​នាក់ ទី​១​ឈ្មោះ ប៉ាវ ម៉េង ភេទ​ប្រុស អាយុ​២១​ឆ្នាំ ទី​២​ឈ្មោះ នី រ៉ា ភេទ​ប្រុស អាយុ​២០​ឆ្នាំ ទី​៣​ឈ្មោះ សួន និមិត្ត ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ទី​៤​ឈ្មោះ ម៉ែន សា​មិត្ត ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ទី​៥​ឈ្មោះ ចាន់ ដា​រ៉ា ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ទី​៦​ឈ្មោះ ម៉ៅ សុផាន់​និ​ត ភេទ​ប្រុស អាយុ​២១​ឆ្នាំ ទី​៧​ឈ្មោះ កែវ រតនា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ទី​៨​ឈ្មោះ សឿន កា​នី​ន ភេទ​ប្រុស អាយុ​២៤​ឆ្នាំ និង​ទី​៩​ឈ្មោះ យ៉ា​ត វ៉ៃ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ។​

​​​សូម​បញ្ជាក់​ថា នា​ព្រឹក​នោះ​ផងដែរ​ សមត្ថកិច្ច​ក៏បាន​បង្ហាញមុខ​ជនសង្ស័យ​ម្នាក់ ករណី​លួច​មេគោ​សម្លាប់​ព្រលះ​យក​សាច់ ប៉ុន្តែ​ក្រោយពី​កើតហេតុ គឺ​ជនរងគ្រោះ​តាមរក​ឃើញ​ក៏​ប្តឹង សមត្ថកិច្ច​ឲ្យ​ឃាត់ខ្លួន​តែម្តង​។​

​​​ជនសង្ស័យ​ឈ្មោះ ហាក់ អា​លី ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប មាន​ទីលំនៅ ផ្ទះជួល សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។​

​​​សមត្ថកិច្ច​ប្រាប់​ថា ការឃាត់​ជនសង្ស័យ ដោយ​យោង​តាម​ពាក្យ​ពី​ជនរងគ្រោះ​ឈ្មោះ សុវណ្ណ ការី​ម ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​កម្មករ ស្នាក់នៅ​ផ្ទះជួល ផ្លូវ​ទន្លេសាប ភូមិ​៣ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ ។​

​​ជនរងគ្រោះ​ប្រាប់​ឲ្យ​ដឹង​ថា មុនពេល​កើតហេតុ​រសៀល​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០១៦ គឺ​រូបគាត់​បាន​យក​មេគោ​ចង​ឲ្យ​ស៊ី​ស្មៅ​តាម​ក្បែរ​មាត់ទន្លេ លុះ​ដល់ពេល​ល្ងាច ដោយសារ​មេគោ​របស់គាត់​ឈឺ​ជើង​ដើរ​មិន​រួច រូប​គាត់​ ក៏បាន​ចង​មេគោ​នោះ​នៅក្បែរ​គុម្ពោធ​ព្រៃ​មួយកន្លែង ទុក​រយះ​មួយ​យប់ ហើយ​រូបគាត់​ក៏​ត្រឡប់ទៅផ្ទះ​ជួល​វិញ ដើម្បី​សំរាក លុះដល់​វេលា​ម៉ោង ១​រំលង អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០១៦ រូបគាត់​ក៏បាន​ក្រោកពីដំណេក​មក​មើល​គោ ស្រាប់តែ​ឃើញ​បំណែក​ឆ្អឹង ស្បែក និង​ក្បាល ទើប​ដឹងថា មាន​គេ​លួច​សម្លាប់​គោ​របស់គាត់​ព្រលះ​យកសា​ច់លក់ ភ្លាមនោះ​រូប​គាត់​ក៏បាន​តាម​ស្វែងរក និង​ប្តឹង​សមត្ថកិច្ច​ជួយ​អន្តរាគមន៍ រហូត​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ នាំមក​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ជ្រោយចង្វារ ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាមច្បាប់​៕