គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​១៨​ខែមករា​កើតឡើង​១៦​លើក​ស្លាប់​១៣​នាក់​រង​របួស​ធ្ងន់​ស្រាល ២៩​នាក់​

262

ភ្នំពេញ ៖ ​យោង​តាម​របាយការណ៍​ពី​នាយកដ្ឋាន​សណ្ដាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ប្រាប់​ឲ្យ​ដឹង​ថា ​កាលពី​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០១៦ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំង​ប្រទេស​ចំនួន ១៦​លើក ( យប់ ៦​លើក ) បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់ ១៣​នាក់ ( ស្រី ២​នាក់ ) រង របួសធ្ងន់ ១៦​នាក់ (​ស្រី ៥​នាក់​) និង របួសស្រាល ១៣​នាក់ ( ស្រី ៥​នាក់ ) ក្នុង​នោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរណ៍ ២៩​នាក់ ( យប់ ១៣​នាក់​)​។​

នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ១៦​លើក​នេះ បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប ២៨​គ្រឿង ក្នុង​នោះ​មាន​ម៉ូតូ​ចំនួន ១៨​គ្រឿង រថយន្ត​ធុន​តូច ៧​គ្រឿង រថយន្ត​ធុន​ធំ ១​គ្រឿង យាន​ផ្សេងៗ ២​គ្រឿង និង​ថ្មើរជើង ១​នាក់​។​

ប្រភព​ព័​ត៌មាន​ដដែល​ប្រាប់​បន្ត​ថា មូល​ហេតុ​ដែល​បណ្ដាល​ឲ្យ​កើតមាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ រួមមាន ៖ ល្មើស​ល្បឿន ៧​លើក មិន​គោរព​សិទ្ធ ២​លើក មិន​ប្រកាន់​ស្តាំ ២​លើក កត្តា​យានយន្ត ២​លើក ប្រជែង​គ្រោះថ្នាក់ ១​លើក បត់​គ្រោះថ្នាក់ ២​លើក និង​កត្តា​អាកាសធាតុ ១​លើក ។ ដោយឡែក​យាន​ល្មើស​សរុប​ទូទាំង​ប្រទេស ៤៤៧៩​គ្រឿង បាន​ធ្វើ​ការអប់រំ​មាន ១៨៥៥​គ្រឿង និង​ពិន័យ​សរុប ២៦២៤​គ្រឿង និង​ពុំ​មាន​ឃាត់​យានយន្ត​ទុក​នោះ​ទេ​៕​