នគរបាល​ខណ្ឌដង្កោ​បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​តុលាការ​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស​

258

ភ្នំពេញ​៖ ​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ​នា​រសៀល​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០១៦ បាន​ដឹក​បញ្ជូន​សង្ស័យ​ម្នាក់​ទៅ​តុលាការ ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស​។​

ជនសង្ស័យ​ឈ្មោះ កើត ប្រាកដ (​ហៅ​) ឡា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ផ្ទះ​លេខ​១៦៧ ផ្លូវ​បេតុង ភូមិ​ម័ល សង្កាត់​ដង្កោ ខណ្ឌដង្កោ ។ ចំណែក​ជន រងគ្រោះ​ឈ្មោះ ស៊ុន សោភា ភេទ​ស្រី អាយុ​២៦​ឆ្នាំ មុខរបរ​បុគ្គលិក ក្រុមហ៊ុន​លក់​រថយន្ត បច្ចុប្បន្ន​រស់នៅ​ផ្ទះ​ក្បែរ​ជនសង្ស័យ ផ្លូវ​បេតុង ភូមិ​ម័ល សង្កាត់​ដង្កោ ខណ្ឌដង្កោ (​ត្រូវជា​បងប្អូនជីដូន​មួយ​ជាមួយ​ជនសង្ស័យ​)​។​

សមត្ថកិច្ច​ប្រាប់​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០១៥ វេលា​ម៉ោង​១១ និង​៣០​នាទី ជនសង្ស័យ​បាន​លួច​ចូល​ទៅ​សំងំ​នៅក្នុង​នៅផ្ទះ​ជនរងគ្រោះ ហើយ​ខណៈ​ជនរងគ្រោះ ចេញទៅ​ធ្វើ​ការបាត់ ជនសង្ស័យ​ក៏​ធ្វើ​សកម្មភាព​រើ កកាយ​នៅក្នុង​បន្ទប់​លួច​យក​គ្រឿងអលង្ការ ដែល​ជនរងគ្រោះ​ទុក​នៅក្នុង​ប្រអប់​គ្រែ រួមមាន ចិញ្ចៀន ខ្សែក ខ្សែដៃ ក្រវិល ទូរស័ព្ទដៃ និង កុំព្យូទ័រ សរុប​ទឹកប្រាក់​ប្រមាណ​ជាង ៥០០០​ដុល្លា​សហរដ្ឋអាមេរិក ហើយ​ក្រោយពី​កើតហេតុ ជនសង្ស័យ​បាន​រត់​គេច​ខ្លួន​បាត់ស្រមោល ដោយ​បន្សល់ទុក​នូវ​ខោ​ខូ​ប៊​យ ពណ៍​ខៀវ កាត់​ជើង ខ្លី ចំនួន ១ ។​

សមត្ថកិច្ច​ប្រាប់​បន្ត​ឲ្យ​ដឹង​ថា បន្ទាប់​កើតហេតុ​ភ្លាមៗ​ជនរងគ្រោះ​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ចុះ​ពិនិត្យ​ដល់​កន្លែង​កើតហេតុ និង​ដាក់​ពាក្យ​បណ្តឹង ដើម្បីអោយ​សមត្ថកិច្ច​ជួយ​ស្រាវជ្រាវ​តាមរក​ជនសង្ស័យ ដោយ​ពាក្យ​បណ្តឹង​នេះ ​បាន​បន្ត​ទៅដល់​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​លេខ ០០៤ អ​.​យ​.​ឈ ចុះ​ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០១៦ ចុះហត្ថលេខា​ដោយ​លោក កុល បុ​ន ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ទើប​សមត្ថកិច្ច​តាម​ស្រាវជ្រាវ រហូត​ឃាត់ខ្លួន​ជនសង្ស័យ​បាន នា​វេលា​ម៉ោង ១៧ និង​២០​នាទី ល្ងាច​ថ្ងៃទី ១៧ ខែមករា ឆ្នាំ​២០១៦ នៅត្រង់ចំណុច​ផ្លូវ​បេតុង ភូមិ​ម័ល សង្កាត់​ដង្កោ ខណ្ឌដង្កោ នាំមក​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ ចាត់ការ​តាម​នីតិវិធី​។​

សមត្ថកិច្ច​ប្រាប់​បញ្ជាក់​ឲ្យ​ដឹង​ថា នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​ឆ្លើយ​សារភាពថា រូបគេ ពិតជា​បាន​ធ្វើ​សកម្មភាព​លួច​គ្រឿងអលង្ការ មានដូចជា ចិញ្ចៀន ខ្សែក ខ្សែដៃ ក្រវិល ទូរស័ព្ទដៃ និង កុំព្យូទ័រ ពី​ជនរងគ្រោះ​ប្រាកដ​មែន ហើយ​យកទៅ​បញ្ចាំ​បាន​លុយ​សរុប ១៥០០០​ដុ​លា្ល ស៊ីចាយ​អស់រលីង ខណៈ​មក​ផ្ទះ​វិញ ក៏ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​តែម្តង​៕​