សម្តេច​តេ​ជោ ហ៊ុន សែន ថា មាន​មេ​បក្សនយោបាយ​ខ្លះ​បាន​ហ្វឹកហ្វឺន​សកម្មជន​តាម​បែប​ក្មេង​ពាល​

363

ភ្នំពេញ​៖​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​គណបក្ស​ដែល​កំពុង​កាន់អំណាច បាន​អះអាងថា មាន​មេ​បក្សនយោបាយ​ខ្លះ ​បាន​ហ្វឹកហ្វឺន​សកម្មជន តាមរបៀប​ក្មេង​ពាល​ដែល​សង្គម​ស្អប់ខ្ពើម ហើយ​នៅពេល​មាន​បញ្ហា​រត់ចោលស្រុក​ទុកឱ្យ​ថ្នាក់ក្រោម​ជាប់គុក​ជំនួស​។​

សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន លើកឡើង​បែបនេះ នៅ​លើ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​កាលពី​ព្រឹក​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០១៦ និង​ខណៈ​ពេល​សម្តេច​ត្រឡប់​ពី​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ប្រទេស​សឹង្ហ​បូរី​វិញ និង​បន្ទាប់ពី​មាន​ក្រុម​ជន​មួយចំនួន​បាន​បង្ហោះ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដោយ​អះអាងថា សម្តេច​បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​ប្រទេស​សឹង្ហ​បុរី និង​បាន​ប្រើ​ពាក្យ​ប្រមាថ​យ៉ាង​ខ្លាំង​ទៅលើ​សម្តេច ដែលជា​ថ្នាក់ដឹកនាំ​កំពូល​របស់​ប្រទេស​មួយ​។​

សម្តេច​សរសេរថា “​បងប្អូន​ជនរួមជាតិ​ជា​ទីគោរព​ស្រឡាញ់​!​ខ្ញុំ​បាន​វិលត្រឡប់​មកដល់​មាតុភូមិ​វិញ​បន្ទាប់ពី​បាន​ពិនិត្យ​សុខភាព​នៅ​ប្រទេស​សឹង្ហ​បូរី​។ ជាមួយនិង​ភាពរឹងមាំ​នៃ​សុខភាព​។​ឯកសារ​ច្រើនណាស់​ដែល​កំពុង​រង់ចាំ​ខ្ញុំ​ពិនិត្យ​សំរេច និង​ចុះហត្ថលេខា​ព្រោះ​នេះ​ ជា​បំណុល​ដែល​ខ្ញុំ​ត្រូវ​សង​បន្ទាប់ពី​អវត្តមាន​ប៉ុន្មាន​ថ្ងៃ​”​។​

ជាមួយគ្នា​នោះ​សម្តេច​ បាន​អរគុណ “​ចំពោះ​បងប្អូន​ជនរួមជាតិ​ដែល​បាន​ចូលរួម​កង្វល់​ចំពោះ​សុខភាព​ខ្ញុំ​តាមរយះ​ការ​ជូនពរ​ដោយ​ចូលរួម​មតិ​ចែករំលែក​ឬ​ចុច Like លើ Facebook ពេល​ខ្ញុំ​បង្ហោះ​ចេញពី​សាំងហ្គាពួរ​។

​សំរាប់​អស់លោក​មួយចំនួន​តូច​ដែល​ចង់ឱ្យ​ខ្ញុំ​ស្លាប់​តាមរយះ​ការផ្សាយ​ព័ត៌មាន​ប្រឌិត​រហូត​បង្កើត​រូបភាព​បង្ហោះ​តាម​ប្រ​ព័​ន្ធ Facebook សូម​ប្អូនៗ ឬ​ក្មួយៗ​មេត្តា​កែប្រែ​អត្តចរិត​ពាល​នេះ​ចេញទៅ​ព្រោះ​វា​គ្មាន​ផលប្រយោជន៍​សំរាប់​អស់លោក​នោះ​ឡើយ​។

តាម​ការស្រាវជ្រាវ​អស់លោក​គឺជា​សកម្មជន​នៃ​បក្សនយោបាយ​ដែល​មេដឹកនាំ​របស់​អស់លោក​មួយចំនួន​ជា​ជនពាល​និង​ជា​ជន​បោកប្រាស់​អាជីព​។​ពួកគេ​បាន​ហ្វឹកហ្វឺន​តាមរបៀប​ក្មេង​ពាល​ដែល​សង្គម​ស្អប់ខ្ពើម​។​ពេល​មាន​បញ្ហា​គេ​តែងតែ​រត់ចោលស្រុក​និង​ទុក​ឱ្យ​ថ្នាក់ក្រោម​ជាប់គុក​ជំនួស​”​។​

សម្តេច​បញ្ជាក់​ដែរថា “​ប្អូនៗ ក្មួយៗ​មិនមាន​ខាតបង់​អ្វី​នោះទេ ​ដោយ​គ្រាន់តែ​មិនបាន​ជេរប្រមាថ​អ្នកដទៃ​នោះ​។ ផ្ទុយទៅវិញ​អស់លោក​និង​ទទួល​បាន​ផល​ចំណេញ​ដោយ​មិនបាន​កសាង​អំពើ​បាប​និង​មិនបាន​ជាប់គុក​ដោយសារ​តែ​មិនបាន​សាង​អំពើ​ខុសច្បាប់​”​។​

ទាក់ទង​និង​សុខភាព​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នេះដែរ ក្រុម​គ្រូពេទ្យ​នៅ​ប្រទេស​សិង្ហបុរី ​បាន​បញ្ជាក់​ថា សុខភាព​របស់​សម្តេច​នៅ​ល្អប្រសើរ​ណាស់ បើ​ទោះ​ពេល​មកដល់​ពេលនេះ សម្តេច​មាន​អាយុ​ច្រើនជាង​មុន​ក្តី​។​

សម្តេច​តេ​ជោ ហ៊ុន សែន បាន​សរសេរ​លើ​ផេ​ក​ហ្វេ​ស​ប៊ុ​ក ​កាលពី​ព្រឹក​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០១៦ ថា សម្តេច​ថ្លែងអំណរគុណ​ចំពោះ​ការ​យកចិត្តទុកដាក់រ​បស់​បង​ប្អូន​ប្រជាពលរដ្ឋ ទៅលើ​សុខភាព​របស់​សម្តេច ហើយ​បន្ទាប់ពី​ការពិនិត្យ​ដោយ​យកចិត្តទុកដាក់​ពី​សំណាក់​គ្រូពេទ្យ​នា​ប្រទេស​សាំងហ្គាពួរ និង​កម្ពុជា ក្រុម​គ្រូពេទ្យ​ បាន​កំណត់​ច្បាស់​ថា ​សុខភាព​សម្តេច​នៅ​ល្អ​ណាស់ ទោះ​សម្តេច​អាយុ​ច្រើនជាង​មុន​ក្តី​។​

សម្តេច​សរសេរ​ទៀត​ថា “​គ្មាន​ប្រភេទ​ជម្ងឺ​ណាមួយ​ដែល​ត្រូវ​បារម្ភ​នោះ​ទេ​។ គ្រូពេទ្យ​សប្បាយចិត្ត​ដោយ​ឃើញ​ខ្ញុំ​ឈប់​ជក់បារី​ ដែល​ជា​ផ្នែក​មួយ​នៃ​ភាព​ប្រសើរ​នៃ​សុខភាព​របស់ខ្ញុំ​។

ក្រុម​គ្រូពេទ្យ​បង្ហាញ​នូវ​ការ​រីករាយ​ដោយ​ឃើញ​កម្លាំង​ដៃ​កម្លាំង​ជើង​ខ្ញុំ​នៅ​ខ្លាំង​ក្នុង​ឋានៈ​ជា​កីឡាករ​វាយកូនគោល​។​គ្រូពេទ្យ​ស្នើ​ឱ្យ​ខ្ញុំ​បន្ថែម​ការហាត់​ប្រាណ​ដោយ​ការ​ហែល​ទឹក តែ​ខ្ញុំ​ប្រាប់​គាត់​វិញ​ថា​ផ្ទះ​ខ្ញុំ​អត់​មាន​អាង​ហែល​ទឹក​ទេ​។ ខ្ញុំ​ប្រាប់​គាត់​ថា​អាច​បង្កើន​ពេល​វាយកូនគោល ប្រសិន​មាន​ពេល​។​

សូម​បញ្ជាក់​ថា ក្រោយពី​សម្តេច​ចេញទៅ​ពិនិត្យ​សុខភាព​នៅ​ប្រ​ទេ​សឹង្ហ​បូរី មាន​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ជ្រុលនិយម​មួយចំនួន​បាន​សរសេរ​ប្រមាថ​ជីវិត​សម្តេច​យ៉ាង​ខ្លាំង ដែល​ការ​សរសេរ​នោះ ​តាម​បែប​ក្មេង​ឈ្លើយ ក្មេង​ពាល គ្មាន​សុជីវធម៌​ជា​មនុស្ស​ទាល់តែសោះ ហ្វេ​ស​ប៊ុ​ក​នោះ គេ​បាន​ស្គាល់​មនុស្ស​យ៉ាង​ច្បាស់ ហើយ​ជា​សកម្មជន​នៃ​គណបក្ស​មួយ​ផង​ដែរ ជាមួយគ្នា​នោះ មាន​អ្នក​ឈឺឆ្អាល​ជាច្រើន​បាន​ទាមទារ​ឲ្យ​សមត្ថកិច្ច​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ទៀត​ផង​៕