អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ថា​នឹង​បង្កើន​ការ​ចាត់វិធានការ​ជនបរទេស​អន្តោប្រវេសន៍​មាន​ឯកសារ​មិន​ប្រក្រតី

289

ភ្នំពេញ ៖ ​បើ​ទោះ​មានការ​ព្រមាន​ពី​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ នៅក្នុង​ឆ្នាំ​២០១៥ គឺ​នៅ​តែ​មាន​មន្ត្រី​រដ្ឋបាល​រាជធានី​ខេត្ត​ក៏​ដូច​សមត្ថកិច្ច​នៅក្នុង​មូលដ្ឋាន​នៅតែ​បំពាន​ចេញ​លិខិត​ខុសច្បាប់ មាន​ដូច​ជា​សៀវភៅ​ស្នាក់នៅ សៀវភៅ​គ្រួសារ ​ប័ណ្ណ​ប្រកាស​អាពាហ៍ពិពាហ៍​ពលរដ្ឋ​ខ្មែរ​ជាមួយ​ជនបរទេស និង​បំពាន​ចេញ​លិខិត​មិន​ប្រក្រតី​ផ្សេង​ឲ្យ​ទៅ​ជនបរទេស​មិន​ស្របច្បាប់​។​

​​នៅក្នុង​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៥ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០១៦ របស់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ​នា​ព្រឹក​ថ្ងៃទី​២២​ខែមករា នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ នាយ​ឧ​ត្ត​ម​សេនីយ៍ សុខ ផល អគ្គនាយក អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ថ្លែង​ថា​ជា​ការ​ដោះ​ស្រាយ​នូវ​កំហុស​ដែល​មាន​ក្នុង​មូលដ្ឋាន គឺ​ឯកឧត្តម បាន​ឲ្យ​បណ្ដា​ស្នងការ​រង​នគរបាល​នៅ​តាម​បណ្ដា​រាជធានី​ខេត្ត​នានា លើកឡើង​ពី​ភាព​ប្រឈម​បញ្ហា​គ្រប់គ្រង​លិខិតស្នាម​ជនអន្តោប្រវេសន៍​ខុសច្បាប់​ទាំងនោះ​។

​​​ឯកឧត្តម បន្ត​ថា កន្លងមក កំលាំង​នគរបាល​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បាន​ចុះ​ស្រាវជ្រាវ ត្រួតពិនិត្យ​លិខិត និង​ធ្វើ​ជំរឿន​ជនបរទេស​របស់​នៅ​តាម​បណ្ដា​ខេត្ត​នានា​រួចហើយ ហើយ​នៅ​នៅ​សល់​តែ​រាជធានី ខេ​ត​ចំនួន​២ មាន រាជធានី​ភ្នំពេញ​និង​ខេត្តកណ្តាល បាន​កំពុង​បន្ត​ចុះ​ធ្វើការ​ងារ​នេះ ​។​

តាម​របាយ​ការ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ បាន​បញ្ជាក់​ថា នៅក្នុង​ឆ្នាំ​២០១៥​នេះ កង​កំលាំង​នគរបាល​អន្តោប្រវេសន៍​បាន​ដកហូត​ឯកសារ​មិន​ប្រក្រតី មាន​១២០៥​ច្បាប់​ក្នុង​នោះ​មាន​សៀវភៅ​ស្នាក់នៅ​៨២០​ក្បាល សៀវភៅ​គ្រួសារ​មាន​១៣៦​ច្បាប់ អត្តសញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ​១១៣​សន្លឹក សំបុត្រអាពាហ៍ពិពាហ៍​២០​ច្បាប់ សំបុត្រកំណើត​ខ្មែរ​១១៥​ច្បាប់ លិខិតឆ្លងដែន​មួយ​ចំនួន​ទៀត​។​

​​​ជា​មួយ​គ្នា​នេះ ក្នុង​ឆ្នាំ​២០១៥ នគរបាល​អន្តោប្រវេសន៍​បាន​បណ្ដេញ​ជនបរទេស​អន្តោប្រវេសន៍​ខុសច្បាប់ ទៅកាន់​ប្រទេស​ដើម​របស់​គេ​វិញ​បាន​៧៧០៩​នាក់ ក្នុង​នោះ​ស្រី​១១៨៩​នាក់​មាន​៦៨​សញ្ជាតិ ក្នុង​នោះ​ជនជាតិ​វៀតណាម​មាន​ចំនួន​ច្រើន​គេ​ ៕