កីឡាករ​ ម៉ា វី​រ៉ូ និង ហេង ម៉ី​ជូ ប្ដេជ្ញា​នាំ​មេដាយ​ជូន​ជាតិ​ក្នុង​ការ​រត់​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​នៅ​ហូជីមិញ​

301
កីឡាករ​ ម៉ា វី​រ៉ូ និង ហេង ម៉ី​ជូ ប្ដេជ្ញា​នាំ​មេដាយ​ជូន​ជាតិ​ក្នុង​ការ​រត់​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​នៅ​ហូជីមិញ​

អត្តពលកម្ម៖ នៅ​ព្រឹក​ថ្ងៃទី​២២ ខែមករា​នេះ ប្រតិភូ និង​កីឡាករ​-​កីឡាការិនី​អត្តពលកម្ម​នៃ​សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប​ចំនួន ៦​រូប បាន​ធ្វើ​ដំណើរ​ចាក​ចេញពី​កម្ពុជា ឆ្ពោះទៅ​ទីក្រុង​ហូជីមិញប្រទេស​វៀតណាម​ហើយ ដើម្បី​ត្រៀមខ្លួន​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍ ​រត់ប្រណាំង​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​អន្តរជាតិ​នៅ​ទីនោះ។

ប៉ុន្តែ​មុននឹង​ចេញដំណើរ​កីឡាករ​-​កីឡាការិនី​ម្នាក់ៗ សុទ្ធតែ​បាន​តាំងចិត្ត​យ៉ាង​មុតមាំ​ក្នុង​ការ​ដណ្ដើមយក​មេដាយ​ត្រឡប់មកវិញ។​ កីឡាករ ម៉ា វី​រ៉ូ ដែល​ជា​កីឡាករ​រត់​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​ នៃ​ក្រុម​ជម្រើសជាតិ​កម្ពុជា​បាន​ប្រាប់​មុន​ចេញដំណើរ​ថា នេះ​ជា​លើក​ទី​១​ហើយដែល​ខ្លួន​បាន​ចូលរួម​បង្ហាញ​សមត្ថភាព​ ក្នុង​ព្រឹត្តិការណ៍​កម្រិត​អន្តរជាតិនៅ​ប្រទេស​វៀតណាម ប៉ុន្តែ​បើ​យោង​តាម​បទពិសោធន៍ និង​ជំនាញ​រត់​ចម្ងាយ​ឆ្ងាយ​នោះ លោក​មាន​ជំនឿ​ចិត្ត​យ៉ាង​មុត​នាំ សម្រាប់​ការ​ប្រជែង​យក​មេដាយ​ជូន​ជាតិ ពី​ព្រឹត្តិការណ៍​រត់​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​ហូជីមិញ​អន្តរជាតិ​ខាង​លើ​នេះ។ ​ដោយឡែក​កីឡាការិនី ហេង ម៉ី​ជួ វិញ ថ្វី​ត្បិត​កញ្ញា​មិន​ធ្លាប់​ចូលរួម​ព្រឹត្តិការណ៍​អន្តរជាតិ​នេះ​ដូចគ្នា ប៉ុន្តែ​ខ្លួន​ពិតជា​ជឿជាក់​លើ​សមត្ថភាព​ខ្លួនឯង ក្នុង​ការ​យក​ដណ្ដើម​បាន​មេដាយ​ឲ្យ​ខាន​តែ​បាន។​ គួរ​បញ្ជាក់​ថា ដំណើរ​ឆ្ពោះទៅ​ចូលរួម​រត់​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​នេះ សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុបបា​ន​បញ្ជូន​អត្តពលិក​របស់​ខ្លួន ៦​នាក់​ទៅ​ចូលរួមដែល​នាំ​ដោយ​លោក ពៅ ហុក ជា​គ្រូបង្វឹក ហើយក៏​ជា​កីឡាករ​ផង​ដែរ។ ចំពោះ​កីឡាករ ម៉ា វី​រ៉ូ ត្រូវ​រត់​ចម្ងាយ ២១​គីឡូម៉ែត្រ​, កីឡាករ ឈុន ប៊ុនថន​, ផាន សុភ​ក្រ និង​លោក ពៅ ហុក ត្រូវ​ប្រកួត​លើ​វិញ្ញាសា​រត់​ចម្ងាយ ១០​គីឡូម៉ែត្រ រីឯ​កីឡាករ កាំ​ង ធឿន និង​កីឡាការិនី ហេង ម៉ី​ជួ ត្រូវ​រត់​ចម្ងាយ ៥​គីឡូម៉ែត្រ ហើយ​បេសកកម្ម​ចូលរួម​ប្រកួត​ពាន​អន្តរជាតិ​នេះ ​ក៏​ទទួល​បាន​ការឧបត្ថម្ភ​ពី​ក្រុមហ៊ុន Online ផង​ដែរ៕

អត្ថបទ​៖ លី ឈុន​ឡា