ព័ត៌​មាន​​ជុំវិញ​ករណី​​ផ្ទុះ​ចង្ក្រាន​ហ្គាស៍​ដាំបាយ​ឆាបឆេះ​ផ្អើល​មួយ​ចំហៀង​ក្រុង​​

595
ព័ត៌​មាន​​ជុំវិញ​ករណី​​ផ្ទុះ​ចង្ក្រាន​ហ្គាស៍​ដាំបាយ​ឆាបឆេះ​ផ្អើល​មួយ​ចំហៀង​ក្រុង

ភ្នំពេញ ​៖ ​អគ្គិភ័យ​ដ៏​ធំ​មួយ ​បាន​បណ្ដាល​ឲ្យ​មនុស្ស​២​នាក់​រង​របួស​ធ្ងន់​ និង​បំផ្លាញ​រថយន្ត​ចំនួន​៥​គ្រឿង, ​ម៉ូតូ​ចំនួន​៧​គ្រឿង​​​ រួម​ទាំង​ទ្រព្យសម្បត្តិ​មួយ​ចំនួន​​​ទៀត​ កាលពី​វេលា​ម៉ោង​៧​និង​១០​នាទី​យប់ ​ថ្ងៃ​ទី​២១ ខែ​មករា ឆ្នាំ​២០១៦ ​នៅ​កន្លែង​លាក់​ស្តុក​ទុក​ហ្គាស៍​របស់​ក្រុមហ៊ុន​ហ្គាស៍​ទាន់សម័យ​ មាន​ទីតាំង​ស្ថិត​នៅ​ដី​ឡូត៍​​​ជាប់​ស្ថានីយ​ប្រេងសាំង​​សូគីម៉ិច​ នៅ​ជាប់​ផ្លូវ​លេខ​១០១៩ ​ស្ថិត​ក្នុង​ភូមិ​អន្លង់​ក្ងាន​ក្រុម​១ ​សង្កាត់​ឃ្មួញ ​ខណ្ឌ​សែនសុខ​រាជធានី​ភ្នំពេញ។

ករណី​នេះ ​បង្ក​ឡើង​ដោយសារ​ការ​ធ្លាយ​ធុង​ផ្ទុក​ហ្គាស៍​មក​ប៉ះ​​ភ្លើង​ ចង្ក្រាន​ ដែល​កំពុង​ដាំបាយ​នៅ​ក្បែរ​នោះ។

មន្ត្រី ​សមត្ថកិច្ច​មូលដ្ឋាន​និយាយ​ថា ទីតាំង​ស្តុក​ ​ហ្គាស៍ ​ដែល​បង្ក​ជា​អគ្គិភ័យ​នោះ​ជា​កម្មសិទ្ធិ របស់​សាខា​ក្រុមហ៊ុន​ហ្គាស៍​ទាន់​សម័យ ដែល​មាន​ម្ចាស់​អាជីវកម្ម​៣​នាក់​ ១/ ឈ្មោះ​ទេព សោម​។ ២/ ឈ្មោះ​វ៉ន ច័ន្ទ​សា​ ភេទ​ប្រុស​អាយុ​៣៩​ឆ្នាំ។ ​៣/​ឈ្មោះ​កែប​ តាំង​ហេង​ ភេទ​ប្រុស​អាយុ​៤១​ឆ្នាំ។ ទីតាំង​នោះ​មិន​មាន​សុំច្បាប់​​ធ្វើ​អាជីវកម្ម​ក្នុង​មូលដ្ឋាន​ទេ ហើយ​ក៏​មិន​មាន​ដាក់​ស្លាក​យីហោ​ដែរ នៅ​កន្លែង​ទីតាំង​បង្ក​អគ្គិភ័យ​នោះ។

លោក ​វរសេនីយ៍ឯក​ម៉ក់ ហុង អធិការ​នគរបាល​ ​ខណ្ឌ​សែន​សុខ​ ដែល​បាន​ដឹកនាំ​ និង​បញ្ជា​កម្លាំង​ជួយ​អន្តរាគមន៍​ ក្នុង​ហេតុការណ៍​នោះ​​បាន​មានប្រសាសន៍​ថា ​អគ្គិភ័យ​បាន​បណ្ដាល​ឲ្យ​មនុស្ស​២​នាក់​រង​របួស និង​ខូចខាត​ទ្រព្យសម្បត្តិ ​ជា​ច្រើន​ដូចជា​ម៉ូតូ ​៧​គ្រឿង​ រថយន្ត​ដឹក​ដឹក​ហ្គាស៍​ធុន​១​តោន​កន្លះ​ចំនួន​៥​គ្រឿង​ និង​ខូចខាត​អគារ​ផ្ទះ​ជួល​ចំនួន​៧​បន្ទប់ ដែល​មាន​កម្មករ​ជួល​ស្នាក់នៅ​ចំនួន​៤​បន្ទប់ ចំនួន​២០​នាក់ ខូចខាត​ទ្រព្យសម្បត្តិ​មួយ​ចំនួន​ទៀត។

លោក ​អធិការ​បាន​ បញ្ជាក់​ថា គ្រោះ​អគ្គិភ័យ​នេះ​សមត្ថកិច្ច​​យើង​បាន​ជួយ​អន្តរាគមន៍​ពន្លត់​​​រលត់​បាន​ ទាំងស្រុង​នៅ​វេលា​ម៉ោង​៩​យប់ ហើយ​​បាន​ចាប់​ផ្ដើម​​​តាំងពី​ម៉ោង​៧​និង​១០​នាទី​ ដោយ​ប្រើ​រថយន្ត​ចំនួន​២០​គ្រឿង ​និង​ប្រើប្រាស់​ទឹក​សម្រាប់​បាញ់​ពន្លត់​អស់​៣៥​ឡាន។

លោក ​បាន​បញ្ជាក់​ថា ​យើង​បាន​សង្គ្រោះ​ទប់ស្កាត់​ទាន់​ពេលខ្លះ ដោយមាន​ស៊ីទែន​ធំ​មួយទៀត ចំណុះ ៨ ០០០ លីត្រ ផ្ទុក​ហ្គាស៍​ក្នុង​នោះ មិនទាន់​ផ្ទុះ ដោយ​វា​ផ្ទុះ​តែ​ធុង​តូចៗ​មុន​(​ទំហំ​ប៉ុន​​ដើម​ដូង​) អស់​ជា​ច្រើន​ធុង។

លោក ​ញាណ នន ​នាយប៉ុស្ដិ៍នគរបាល​រដ្ឋបាល​សង្កាត់​ឃ្មួញ​បាន​មានប្រសាសន៍ថា អគ្គិភ័យ​នេះ​បង្ក​ឡើង​ដោយសារ​ធ្លាយ​ធុង​ហ្គាស៍ នៅ​ក្នុង​បរិវេណ​ដីឡូត៍​ ដែល​ស្តុក​ទុក​ហ្គាស៍​នៅ​ទីនោះ​ ហើយ​​ចំហាយ ហ្គាស៍​បាន​សាយភាយ​មក​ប៉ះ​នឹង​ភ្លើងបារី​របស់​កម្មករ​ធ្វើផ្លូវ ​ដែល​កំពុង​ដើរតាម​ផ្លូវ​ដោយ​ពុំ​ដឹងខ្លួន បណ្តាល​ឲ្យ​ឆេះ ​និង​រង​របួស​តែម្តង។

ករណី ​នេះ មាន​សេចក្តី​រាយការណ៍​ថា​ សមត្ថកិច្ច​បាន​ព្យាយាម​ទូរស័ព្ទ​ ហៅ​ម្ចាស់​អាជីវកម្ម​នោះ​ ឲ្យ​មក​ដោះស្រាយ​ចំពោះ​អាជ្ញាធរ​ដែនដី​​ដើម្បី​ឲ្យ​ទទួល​ខុសត្រូវ​​ចំពោះ​ ហេតុការណ៍​​​ ដែល បាន​បង្ក​ឲ្យ​មនុស្ស​រង​របួសធ្ងន់​អាច​ឈាន​ដល់​ស្លាប់ ​និង​ខូចខាត​ទ្រព្យសម្បត្តិ អ្នក​ដទៃ​មួយ​ចំនួន​ទៀត​នោះ​ ប៉ុន្តែ​ម្ចាស់​ទីតាំង​អាជីវកម្ម​នេះ​អត់​លើក​ទូរស័ព្ទ​ និង​មិន​មក​ទេ​ ដោយ​ទុក​ឲ្យ​តែ​កូនចៅ​តំណាង​មក​មើល​ការខុសត្រូវ​នៅ​កន្លែង​កើតហេតុ​ប៉ុណ្ណោះ៕