អនុ​ប្រធានាធិបតី​សហរដ្ឋអាមេរិក ធ្វើដំណើរ​មកដល់​ទីក្រុង​អ៊ី​ស្តង់​ប៊ុល ដើម្បី​ពិភាក្សា​បញ្ហា​ប្រឆាំង​ក្រុម​រដ្ឋ​អិស្លាម

396

អ៊ី​ស្តង់​ប៊ុល៖ អនុ​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក​ចូ បៃ​ដិ​ន បាន​ធ្វើ​ដំណើរ​មកដល់​ទីក្រុង​អ៊ី​ស្តង់​ប៊ុល ដែល​ជា​រដ្ឋធានី​ធំ​របស់​ប្រទេស​ទួរគី កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍ ជា​កន្លែង​ដែល​លោក​នឹង​ជួបចរចា​ជាមួយ​លោក​ប្រធានាធិបតី​តា​យ​យី​ប អ៊ឺ​ដូ​ហ្គា​ន់ និង​លោកនាយក​រដ្ឋមន្ត្រី​អា​ម៉េ​ត ដា​វូ​តូ​គ្លូ ដើម្បី​ពិភាក្សា​លើ​បញ្ហា​ប្រយុទ្ធ​ប្រឆាំង​ជាមួយ​ក្រុម​រដ្ឋ​អ៊ិ​ស្លាម​។​

ដំណើរ​បំពេញ​ទស្សនកិច្ច ​របស់​លោក​បៃ​ដិ​ន មកកាន់​ទីក្រុង​អ៊ី​ស្តង់​ប៊ុល គឺជា​ដំណើរ​ចុងក្រោយ​មកកាន់​ប្រទេស​សម្ព័ន្ធមិត្ត​របស់​អង្គការ​ណា​តូ​មួយ​នេះ​។ ដោយឡែក​នា​ខែ​កុម្ភៈ​ខាងមុខនេះ រដ្ឋមន្ត្រីក្រសួង​សន្តិសុខ​ជាតិ​សហរដ្ឋអាមេរិក គឺ​លោក​ចេ ច​ន​សិន នឹង​ដឹកនាំ​គណៈប្រតិភូ​អន្តរ​ទីភ្នាក់ងារ ហើយ​និង​ផ្តល់ជូន​រដ្ឋាភិបាល​ទួរគី​នូវ បញ្ជី​បច្ចេកវិទ្យា​គ្រប់គ្រង​ព្រំដែន​។

ដោយឡែក អង្គការសហប្រជាជាតិ ដែល​កំពុង​បង្កើន​កិច្ច​ខិតខំ​របស់​ខ្លួន ក្នុង​ការ​ជួយ​ប្រទេស​ទួរគី​ឲ្យ​ធានា​សន្តិសុខ​ព្រំដែន​ជាមួយ​ប្រទេស​ស៊ី​រី​នោះ នឹង​ផ្តល់​បច្ចេកវិទ្យា​របស់​ខ្លួន​ដល់​រដ្ឋាភិបាល​អង់កា​រ៉ា ផងដែរ ដើម្បី​ជួយ​ធានា​សុវត្ថិភាព​នៅតាម​តំបន់​ព្រំដែន​។​

សូម​បញ្ជាក់ថា ក្រុង​វ៉ាស៊ីនតោន និង​ក្រុង​អង់កា​រ៉ា បាន​ព្យាយាម​ពិភាក្សា​ស្វែងរក​ដំណោះស្រាយ​រាប់​ខែ​មកហើយ ដើម្បី​ធានា​ចំពោះ​ព្រំដែន​អសន្តិសុខ​របស់ខ្លួន ដែល​សណ្តូក​នៅ​ចម្ងាយ​៩៨​គ​.​ម និង​បម្រើបម្រាស់​ជា​ច្រក​ដ៏​សំខាន់​មួយ​របស់​ពួក​រដ្ឋ​អិស្លាម សម្រាប់​ទីផ្សារ​ងងឹត​ក្នុងការ​ជួញដូរ​សម្ភារ​សង្គ្រាម​របស់​ពួកគេ​។​

ទោះបីជា​យ៉ាងណាក៏ដោយ ប្រទេស​ទួរគី បាន​បង្កើន​កិច្ចខិតខំ​របស់ខ្លួន ដើម្បី​ធានា​សុវត្ថិភាព​តំបន់​ព្រំដែន ដែល​ក្នុងនោះ​រួមមាន​ទាំង​ការដាក់​ពង្រាយ​ទាហាន​ចល័ត​២៥០០០​នាក់ ព្រមទាំង​តំឡើង​របង និង​របាំង​បេតុង​ផងដែរ​៕