មន្ដ្រី​បេតិកភណ្ឌ​ផឹកស៊ី​ស្រវឹង​ ​បាញ់​ពលរដ្ឋ​ស្លាប់​ម្នាក់​ នៅ​ក្បែរ​ប្រាសាទ​ព្រះខ័ន​

440
មន្ដ្រី​បេតិកភណ្ឌ​ផឹកស៊ី​ស្រវឹង​ ​បាញ់​ពលរដ្ឋ​ស្លាប់​ម្នាក់​ នៅ​ក្បែរ​ប្រាសាទ​ព្រះ ខ័ន

​សៀមរាប ​៖ ​ផឹក​ស៊ី​ស្រវឹង​ទាស់​សម្ដី​គ្នា​បន្តិចបន្តួច​ មន្ត្រី​នគរបាល​បេតិកភណ្ឌ​ម្នាក់​ បាន​​ទាញ​កាំភ្លើង​អាកា​ស្វ័យ​បត់​បាញ់រះ​ ចំនួន​២​គ្រាប់​ទៅ​លើ​មិត្ត ភក្តិ​ម្នាក់​បណ្ដាល​ឲ្យ​ស្លាប់​ នៅ​នឹង​កន្លែង​ យ៉ាង​អាណោ​ចអាធ័ម​ត្រង់​ចំណុច​ប៉ុស្តិ៍​យាម​លេខ​P12​ ក្បែរ​ប្រាសាទ​ព្រះខ័ន ​ហើយ​ជនល្មើស​ក៏​រត់​គេច​ខ្លួន​បាត់។

ហេតុការណ៍ ​នេះ​កើត​ឡើង​នៅ​វេលា​ម៉ោង​៣​និង​៣៨​នាទី​ថ្ងៃ​ទី​២៥ ​ខែ​មករា​ ឆ្នាំ​២០១៦ ត្រង់​ចំណុច​ប៉ុស្តិ៍​យាម​លេខ​P12​  ក្បែរ​ប្រាសាទ ​ព្រះខ័ន ​ក្នុង​ភូមិ​លាងដៃ​ ឃុំ​លាងដៃ​ ស្រុក​អង្គរធំ។

លោក ​វរសេនីយ៍ត្រី​​ទូច ប៊ុនធឿន ​អធិការ​នគរបាល​ស្រុក​អង្គរធំ​ បាន​ឲ្យ​ដឹង​​ថា ​៖​​​ ពិតជា​មាន​ការ​បាញ់​សម្លាប់​ពលរដ្ឋ​ម្នាក់​ពី​សំណាក់​ប៉ូលិស​បេតិកភណ្ឌ​ មែន​គឺ​ដោយសារ​ផឹកស៊ី​ស្រវឹង​ទាស់​សម្ដី​គ្នា​ទាញ​កាំភ្លើង​អាកា​ស្វ័យ​បត់​ បាញ់​ទៅលើ​អ្នក​ផឹក​ជាមួយគ្នា​ចំនួន​២​គ្រាប់ ​បណ្ដាល​ឲ្យ​ជនរងគ្រោះ​ម្នាក់​ ស្លាប់​ភ្លាមៗ​ នៅ​នឹង​កន្លែង​ត្រង់​ចំណុច​រោង​យាម​ប៉ុស្តិ៍​( P12)​ស្ថិតនៅ​ខាង​​ជើង​ប្រាសាទ​ព្រះ​ខ័ន ​ឯ​ជន​បង្ក​បាន​រត់​គេច​ខ្លួន​បាត់​ ហើយ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​កំពុង​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​ជនល្មើស។

លោក ​បន្ត​ថា ​៖ ​​​សព​ជនរងគ្រោះ​មាន​ឈ្មោះ​ជា​ ភា​រុន ​(​ហៅ​ឡោះ​)​ ភេទ​ប្រុស​ អាយុ​២៩​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​លាងដៃ​​ ស្រុក​អង្គរធំ ​ខេត្ត​សៀមរាប។ ឯ​ជន​សង្ស័យ​ ​ឈ្មោះ​សួរ​ គឹម​សាន់ ​ភេទ​ប្រុស​ អាយុ​៣៥​ឆ្នាំ​ រស់នៅ​ភូមិ​គោក​ដូង​ សង្កាត់​ទឹក​វិល ក្រុង​សៀមរាប​ និង​ជា​សមត្ថកិច្ច​នគរបាល​បេតិកភណ្ឌ​ប៉ុស្តិ៍​(P12)​ ហើយ​ក្រោយពី​​ធ្វើ​សកម្មភាព ​បាន​គេច​ខ្លួន​បាត់​​​ភ្លាមៗ។

លោក ​វរសេនីយ៍ទោ​ ដួង សុខា​ នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​ខេត្ត​សៀមរាប​បាន​ ថ្លែង​ប្រាប់​ថា ​៖ ​ពិតជា​មានការ​បាញ់សម្លាប់​មនុស្ស​ម្នាក់​នៅ​ក្នុង​វង់​ផឹក​ស៊ី​ប្រាកដ​មែន ហើយ​បច្ចុប្បន្ន​នេះ​ កម្លាំង​សមត្ថកិច្ច​ចម្រុះ​បាន​ស្វែងរក​ចាប់ខ្លួន​ហើយ។ លោក​បន្ត​ថា ជនល្មើស​ ដែល​បាញ់​សម្លាប់​គ្នា​នេះ​គឺជា​មន្ត្រី​នគរបាល​បេតិកភណ្ឌ​ប៉ុស្តិ៍​(P12)។

បច្ចុប្បន្ន ​សព​ជនរងគ្រោះ​ ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​នៃ​សព​ធ្វើបុណ្យ​តាម​ ប្រពៃណី​ហើយ បន្ទាប់ពី​មានការ​ធ្វើ​កោសល្យវិច័យ​រួចរាល់៕

btv-a1743