សាលា​រាជធានី នឹង​ចាត់វិធានការ​រៀបចំ ខ្សែ​បណ្តាញ​គ្រប់​ប្រភេទ ឲ្យ​មាន​សណ្ដាប់ធ្នាប់ នៅ​តាម​ដង​វិថី​សំខាន់ៗ ចំនួន​៥

300

ភ្នំពេញ៖ អភិបាលរង​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង បាន​បញ្ជាក់​ថា អាជ្ញាធរ​រាជធានី ភ្នំពេញ​កំពុង​ពិនិត្យមើល ដើម្បី​ជ្រើស​រើស​យក​ក្រុមហ៊ុន​មួយ​ធ្វើជា​ដៃ​គូរ សម្រាប់ កិច្ចសហការ​ជាមួយគ្នា ក្នុង​ការរៀបចំ​ខ្សែ​បណ្តាញ​គ្រប់​ភេទ ដែល​កំពុង​មាន​ភាព​រញ៉េរញ៉ៃ​លើ បង្គោល​បណ្តាញ អគ្គីសនី​តាម​ដង​វិថី​សំខាន់ៗ​មួយចំនួន​ក្នុង​រាជធានី​ភ្នំពេញ​។​

បើ​តាម​អភិបាលរង​រាជធានី​រូប​នេះ ការ​រុះរើ​រៀបចំ​បង្កប់​ខ្សែ​បណ្តាញ​ដាក់​ក្រោម​ដី​នេះ គឺ​ដើម្បី​ធានា​បាន​សោភ័ណភាព និង​សណ្ដាប់ធ្នាប់​សាធារណៈ​នៅក្នុង​រាជធានី​ភ្នំពេញ​។

សាលា​រាជធានី នឹង​ធ្វើ​ការ​អនុវត្តន៍​លើ ដង​វិថី​ចំនួន​៥​រួមមាន មហាវិថី​ព្រះ​នរោត្តម មហាវិថី​សហព័ន្ធរុស្ស៊ី មហាវិថី​ម៉ៅ សេទុង មហាវិថី​កម្ពុជា​ក្រោម និង មហាវិថី​ព្រះមុនីវង្ស​ដោយ​ឲ្យ​ម្ចាស់​ក្រុមហ៊ុន​ដែល​ពាក់ព័ន្ធ​នឹង​ខ្សែ​បណ្តាញ​របស់​ខ្លួន​រុះរើ​រៀបចំ​បង្កប់​ក្រោម​ដី​វិញ​តាម​បច្ចេកទេស​បន្ទាប់ពី​ជ្រើសរើស​បាន​ក្រុមហ៊ុន​ដៃគូ​រួចរាល់​។​

លោក ឃួ​ង ស្រេង ក៏បាន​ព្រមាន​ផង​ដែរ​ថា ចាប់​ពីពេលនេះ​ទៅ​ម្ចាស់​អាជីវកម្ម​ដែល​មាន​ខ្សែ​បណ្តាញ នៅលើ​បង្គោល​តាម​ដងផ្លូវ​ទាំង​៥​ខាងលើ ត្រូវ​ចូលខ្លួន​មក​សហការ​ជាមួយ​សាលា​រាជធានី​ភ្នំពេញ ដើម្បី​បង្ហាញ ពី​បណ្តាញ​ខ្សែ​រៀងៗ​ខ្លួន បើ​ពុំ​ដូច្នោះ​ទេ អាជ្ញាធរ​នឹង​កាត់ផ្តាច់​ទាំងអស់​ដោយ​ពុំមាន​ការទទួលខុសត្រូវ​ឡើយ​៕

​​​

​​