ប្រជាពលរដ្ឋ​នៅ​រដ្ឋ​ផេ​ន​ស៊ី​ល​វ៉ា​នៀ​ចាប់ផ្ដើម​​សម្អាតជុំវិញផ្ទះ​ បន្ទាប់​ពី​ការ​ធ្លាក់​ព្រិល​យ៉ាង​ខ្លាំង​​មិន​ធ្លាប់​មាន​​

409
ប្រជាពលរដ្ឋ​នៅ​រដ្ឋ​ផេ​ន​ស៊ី​ល​វ៉ា​នៀ​ចាប់ផ្ដើម​​សម្អាត​ជុំវិញផ្ទះ បន្ទាប់​ពី​ការ​ធ្លាក់​ព្រិល​យ៉ាង​ខ្លាំង​​មិន​ធ្លាប់​មាន​​

អាមេរិក៖ ​ប្រជាពលរដ្ឋចាប់ផ្ដើមសម្អាត​សំណល់ព្រិល ក្នុង​ផ្នែក​ភាគ​ខាងកើតនៃ​រដ្ឋ​ផេ​ន​ស៊ី​ល​វ៉ា​នៀ​(Pennsylvania)​ កាលពី​ម្សិលមិញ ក្រោយ​ព្យុះព្រិល​ជា​ប្រវត្តិសាស្ត្រមួយ បានវាយលុកតំបន់ឆ្នេរ​សមុទ្រផ្នែក​ខាង​កើត (East Coast)​សហរដ្ឋអាមេរិក​កាលពីចុងសប្ដាហ៍កន្លង​ទៅ​នេះ។

 
​​ក្នុង​ទីក្រុងសមរភូមិហ្គេ​ត​ធី​ស្ប៊​គ (Gettysburg) ព្រិលបានគ្របដណ្ដប់ពាសពេញទីលាន​ចំបាំង, ទីតាំង​លាន​ដ្ឋាន​តាំង​កាំភ្លើង​ធំ និងបូជនីយដ្ឋាន ចំនែកនៅក្នុងទីក្រុងផត​ស្វី​ល​(Pottsville)​នៃរដ្ឋផេ​ន​ស៊ី​ល​វ៉ា​នៀ​ប្រជាពល​រដ្ឋបានកាន់​ប៉ែល ចេញពីផ្ទះ​របស់​ខ្លួន​សម្អាតព្រិលកំពុង​គ្របដណ្ដប់លើរថយន្ត​ និងតាម​ដងផ្លូវ​នានា​។

​មន្ត្រី​បាន​រាយការណ៍​ថា​ មនុស្ស​យ៉ាង​ហោច​ណាស់​ ៣៤​នាក់​បាន​ស្លាប់​ពាក់ព័ន្ធ​នឹង​ព្យុះ រួម​ទាំងឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរណ៍ និង​គាំងបេះដូងនៅក្នុងទីក្រុងវ៉ាស៊ីនតោន​ឌី​ស៊ី, ដេ​ឡា​វ៉ែ, គេ​ន​តាក់​គី, ម៉ា​រី​លែ​ន, ញូ​ជេ​ស៊ី, ញូវយ៉ក, ណស​ខា​រ៉ូ​លី​ណា, អូ​ហៃ​យ៉ូ,​ សោត​ខា​រ៉ូ​លី​ណាថេ​ន​ណេ​ស៊ី និង​វើ​ជី​នៀ​។

ការ​ធ្វើ​ដំណើរ​តាម​អាកាសនៅតែ​ប៉ះ​ពាល់​យ៉ាងធ្ងន់ធ្ងរ ខណៈជើងហោះហើររបស់សហរដ្ឋអាមេរិកចំនួន 1,516​ ត្រូវ​បាន​លុបចោល​កាលពី​ម្សិល​មិញ ជាមួយប្រ​លានយន្តហោះអន្តរជាតិញូ​វ៉ា​កលី​ប៊​ធី, ប្រ​លានយន្តហោះឡា​ហ្គា​ឌី​យ៉ារបស់ទីក្រុងញូវយ៉ក និង ប្រ​លាន​យន្តហោះ​អន្តរជាតិវ៉ាស៊ីនតោន ឌូ​ឡេស រង​ការ​ប៉ះពាល់​ធ្ងន់ធ្ងរ​បំផុត​។​ នេះ​បើ​យោង​តាម​ក្រុមហ៊ុន​អាកាសចរណ៍សូ​ហ្វ​វ៉ែ និង​ជា​ក្រុមហ៊ុន​កត់ត្រា​ទិន្នន័យសេវាកម្ម​អាកាសចរណ៍​របស់​ពិភពលោក (FlightAware.com)៕
​អត្ថបទ៖ សុខ​មាន