អ្នកជំនួញ​កម្ពុជា​មួយ​រូប​ខាង​ផ្នែក​អចលនទ្រព្យ ទទួល​ពាន​រង្វាន់​ឆ្នើម​ពី​ស្ថាប័ន​អន្តរជាតិ​

430

ភ្នំពេញ៖ នៅក្នុង​ចំណោម​អ្នក​វិនិយោគ​ជាច្រើន​មកពី​ជុំវិញ​ពិភពលោក ដែល​ក្នុង​នោះ​មាន​ប្រទេស​ថៃ សិង្ហ​បុរី អាមេរិក អូស្ត្រាលី បាន​ដាក់​ពាក្យ​ធ្វើការ​ប្រកួតប្រជែង​យក​ពានរង្វាន់​ពី​ស្ថាប័ន CHT អន្តរជាតិ ផ្នែក​ពាណិជ្ជកម្ម និង​ការ​វិនិយោគ​លើ​វិស័យ​អចល​ទ្រព្យ ដោយមាន​អ្នកចូលរួម​ប្រមាណ​ជាង ៤០០​នាក់ លោក​ឧកញ៉ា សៀ រិទ្ធី ជា​អ្នកជំនួញ​ខាង ផ្នែក​អចលនទ្រព្យ ដែល​បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​គ្រប់គ្រង​ក្នុង​ដៃ​ចំនួន ២៣ បាន​ទទួល​ពានរង្វាន់​ជា​អ្នក​វិនិយោគ​ឆ្នើម កម្រិត​អន្តរជាតិ នៅ​ប្រទេស​ម៉ាឡេស៊ី​។​

គួរ​បញ្ជាក់​ថា វិស័យ​អចល​ទ្រព្យ គឺជា​វិស័យ​មួយ​ដែល​កំពុង​លេចធ្លោ ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​វិស័យ នេះ ក៏​គឺជា​ចំណែក​មួយ​ក្នុង​ការ​ជំរុញ ​ដល់​កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ឲ្យ​មាន​កំណើន​ខ្ពស់​។ បើ​តាម​តួលេខ របស់​ក្រសួង​ដែនដី​នគរូបនីយកម្ម ​និង​សំណង់​ក្នុង​ឆ្នាំ​២០១៥​កន្លងទៅ វិស័យ​សំណង់ មានការ​វិនិយោគ​នៅ​កម្ពុ​ជា​មាន ចំនួន​ជាង ៣​ពាន់ ៣​លាន​ដុល្លា កើនឡើង ៣៣%​។​

ក្នុង​សន្និសីទកាសែត​មួយ នៅ​ព្រឹក​ថ្ងៃទី​២៦ មករា ឆ្នាំ​២០១៦​នេះ នៅ​អគារ ហុងកុង សេន​ធ័​រ លោក លុយ ចន្ទ​ផល តំណាង​ក្រុមហ៊ុន WorldBridge Group បាន​មានប្រសាសន៍ថា ការ​ជ្រើសរើស លោក​ឧកញ៉ា សៀ រិទ្ធី ជា​ម្ចាស់ ពាន់​រង្វាន់​ពី​ក្រុមប្រឹក្សាភិបាល CHT ដោយសារតែ​ភាព​ឆ្លាត​វ័យ និង​ភាព​ប៉ិនប្រសព្វ​ ក្នុង​ការដឹកនាំ​ក្រុមហ៊ុន​ឲ្យ​មាន​ភាព​រីកចម្រើន​។

លោក​បញ្ជាក់​ទៀត​ថា រង្វាន់​អ្នក​វិនិយោគ​អន្តរជាតិ​នេះ​មិន​ត្រឹមតែ​ផ្តល់​នូវ​កិត្តិយស​ជូន​ដល់​ក្រុមហ៊ុន Worldbridge Group តែមួយ​ប៉ុណ្ណោះ​ទេ តែ​ក៏បាន​បង្ហាញ​ឲ្យ​ពិភពលោក​មើលឃើញ​ពី​ភាព​រីកចម្រើន​របស់​ប្រទេស កម្ពុជា​លើស​លោក​ផង​ដែរ​។

ពានរង្វាន់ CHT ត្រូវ​បាន​បង្កើត​ឡើង​ដោយ CHTNetwork​ក្នុង​ឆ្នាំ​២០០៨ ដើម្បី​ផ្តល់​ជា​កិត្តិយស​ដល់​ស្ថាប័ន និង​អ្នកដឹកនាំ​ឆ្នើម​ដែល​សម្រេច​បាន​លើ​វិស័យ​មុខ​ជំនួញ​របស់​ខ្លួន និង​ធ្វើ​ឲ្យ​ជា​ប្រយោជន៍ សម្រាប់​សង្គមជាតិ និង​ពិភពលោក​៕