អ្នកស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ ៦​នាក់​ក្នុង​មួយថ្ងៃ ​នេះ​ជា​តួលេខ​មួយ​ខ្ពស់​​

341

ភ្នំពេញ ​៖ ​ឯកឧត្តម ​ ខៀវ កាញារីទ្ធ ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ មានប្រសាសន៍ថា ​បច្ចុប្បន្ន​ការ​ស្លាប់​ដោយ​សារ​គ្រោះថ្នាក់​ចរាចរណ៍​ ៦​នាក់​ក្នុង​មួយថ្ងៃ ជា​តួលេខ​មួយ​ខ្ពស់​នៅឡើយ ​ដែល​ទាមទារ​ឱ្យ​យើង​ទាំងអស់គ្នា​បើកបរ​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​។

នៅក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍ ដល់​ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត​-​ក្រុង​ នាយក​តំណាង​វិទ្យុ ទូរទស្សន៍ ​ពិធីករ ​ពិធីការិនី ​និង​អ្នកសារព័ត៌មាន ​ព្រឹក​ថ្ងៃទី​២៦ ខែមករា​នេះ ​ ក្រោម​ការរៀបចំ​របស់​ក្រសួង​ព័ត៌មាន ​សហការ​ជាមួយ​ក្រសួង​សាធារណការ ​និង​ដឹកជញ្ជូន និង​ផ្នែក​នគរបាល​ចរាចរណ៍​ផ្លូវគោក ឯកឧត្តម ​ ​ខៀវ ​កាញារីទ្ធ ​បាន​បញ្ជាក់ថា ​ថ្ងៃនេះ​ យើង​បាន​អញ្ជើញ​ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត​-​ក្រុង នាយក​តំណាង​វិទ្យុ ​ទូរទស្សន៍ ពិធីករ ​ពិធី​ការិនី និង​អ្នកសារព័ត៌មាន​មួយ​ចំនួន​ ដើម្បី​ទទួល​ការ​បណ្តុះបណ្តាល​ពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី ក្នុង​គោលបំណង​ឱ្យ​យើង​យល់​ពី​ច្បាប់​ទាំងអស់គ្នា​។

ក្នុង​គោលដៅ​នេះ ​ដំណាក់កាល​ទី​២.​ក្រសួង​នឹង​អញ្ជើញ​អ្នកបើកបរ​រថយន្ត​រ​បស់​ថ្នាក់ដឹកនាំ​ទាំងអស់ សំខាន់​អ្នកបើកបរ​រថយន្ត​ឱ្យ​រដ្ឋមន្ត្រី ​អ្នកបើករថយន្ត​តំណាងរាស្ត្រ​មក​រៀន​ម្តង​ ព្រោះថា​នៅ​មិនទាន់​យល់ដឹង​ពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​នៅឡើយ​។ នៅ​ពេល​ដែល​យើង​ទាំង​អស់គ្នា​យល់​ពី​ច្បាប់ ​ចេះ​ពី​ច្បាប់​យើង​ប្រាកដជា​ខ្លាច​ស្លាប់​ បើ​ខ្លាច​ស្លាប់​ការ​បើកបរ​ប្រាកដជា​មានការ​ប្រុងប្រយ័ត្ន ​គោរព​ច្បាប់​។ កាលណា​យើង​ចេះ​ច្បាប់​ចរាចរណ៍​ទាំង​អស់​គ្នា​វា​ងាយស្រួល​ដាស់តឿន​ឱ្យ​គ្នា​ទៅវិញទៅមក នៅ​ពេល​ដែល​យើង​រួម​ដំណើរ​ជា​គ្នា ​ពេល​ឃើញ​មានការ​ធ្វេសប្រហែស​ក្នុង​ការ​បើកបរ​ម្ដងម្កាល​។

ឯកឧត្តម ​ ​រដ្ឋមន្ត្រី បាន​​បន្តថា​ ដើម្បី​បង្កើន​ការ​យល់ដឹង​ពី​ច្បាប់​ជាមួយ​ នឹង​ការរៀបចំ​ជា​សិក្ខាសាលា​បណ្តុះ​បណ្តាល​ពី​ច្បាប់​ចរាចរណ៍ ក្រសួង​នឹង​ជំរុញ​រៀបចំ​ឱ្យ​មាន​ជា​វេទិកា​តុមូល ​ពិភាក្សា​ពាក់ព័ន្ធ​នឹង​ច្បាប់​ចរាចរណ៍​នេះ ដើម្បី​ចាក់​ផ្សាយ​តាម​វិទ្យុ ទូរទស្សន៍​ជាតិ ដោយ​អញ្ជើញ​អ្នកបច្ចេកទេស​ផ្នែក​ច្បាប់ ផ្នែក​នគរបាល​ចរាចរណ៍​ផ្លូវគោក​មក​ជជែក​ពិភាក្សា​ពី​ច្បាប់​ចរាចរណ៍ ​ហើយ​បើកទូលាយ​ឱ្យ​មហាជន​រួម​មតិ​ពិភាក្សា​តាមរយៈ​ទូរស័ព្ទ​ចូល​មក​កាន់​វេទិកា សួរដេញដោល​ពី​ច្បាប់​នេះ​រៀងរាល់​ថ្ងៃអាទិត្យ ដើម្បី​ពង្រីក​ការ​យល់ដឹង​ដល់​ប្រជាពលរដ្ឋ​ឱ្យបាន​ច្រើន​ថែមទៀត​។ ប៉ុន្តែ​ឯកឧត្តម ​រដ្ឋមន្ត្រី​បាន​រំលឹកថា​ វេទិកា​ពិភាក្សា​តុមូល​នេះ ​ទាមទារ​ឱ្យ​ពិធីករ ​ពិធី​ការិនី​មាន​ពុទ្ធិ​ពី​ច្បាប់​ចរាចរណ៍​នេះ​ល្អិតល្អន់ ទើប​ប្រឈម​នឹង​ការ​បកស្រាយ​ពី​ច្បាប់​ជូន​ប្រជាពលរដ្ឋ​បាន​ ហើយ​វេទិកា​តុមូល​នេះ​ក្រសួង​នឹង​រៀបចំ​ជាច្រើន​ដង​ទៀត មិនមែន​តែម្តង​ចប់​នោះទេ​។

​ឯកឧត្តម ​រដ្ឋមន្ត្រី​ បាន​បន្ថែមទៀតថា ​បច្ចុប្បន្ន​ការស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ ​គឺមាន ៦​នាក់​ក្នុង​មួយថ្ងៃ​ ជា​តួលេខ​មួយ​ខ្ពស់​នៅឡើយ ​ក្រសួង​នឹង​ខិតខំ​ប្រឹងប្រែង​ជំរុញ​ការ​ផ្សព្វផ្សាយ​ពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​នេះ​ តាមរយៈ​បើក​សិក្ខាសាលា​ជា​បន្តបន្ទាប់​ទៀត ​ព្រមទាំង​ដាក់​ផ្សាយ​តាម​ស្ថានីយ៍​វិទ្យុ​ ដែល​យើង​មាន​ជាង​១៥០​ស្ថានីយ៍​ ទូរទស្សន៍ ៧​ស្ថានីយ៍​ឱ្យបាន​លឿន ​ ធ្វើយ៉ាងណា​ជំរុញ​ការផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​នេះ​ដល់​ប្រជាពលរដ្ឋ​មានការ​យល់ដឹង​គោរព​ច្បាប់​ក្លាយជា​ទម្លាប់​មួយ​ទាំងអស់គ្នា​៕

 

????????????????????????????????????

12