ក្រសួងសុខាភិបាល ​ប្រកាស​ករណី​រីក​រាលដាល​ជំងឺ​កញ្ជ្រិល​

358

ភ្នំពេញ៖ ជំងឺ​កញ្ជ្រិល​ បាន​ចាប់ផ្ដើម​រីក​រាលដាល​ទៅលើ​មនុស្ស​មួយ ចំនួន​ឡើងវិញ​ហើយ បន្ទាប់ពី​ខកខាន​ជាច្រើន​ខែ​កន្លងមក​។ ការ​កើត​ឡើងវិញ​នេះ អាច​មកពី​ការ​រាលដាល​នៅ​ប្រទេស​ក្បែរ​ខាង​កម្ពុជា​។​

នៅ​បន្ទាប់ពី​ខកខាន​ជាច្រើន​ខែ​កន្លងមក ជំងឺ​កញ្ជ្រិល ​បាន​ចាប់ផ្ដើម​រីក​រាលដាល​ឡើងវិញ នា​ពេល​ថ្មីៗ​កន្លង​មកនេះ​។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួង សុខាភិបាល ចេញផ្សាយ​ឱ្យ​ដឹង ​​នៅ​ថ្ងៃ ២៧ មករា ឆ្នាំ ២០១៦ នេះ​។​

ប្រភព​ដដែល​ បាន​ឱ្យដឹង​ទៀត​ថា ករណី​រីក​រាលដាល​ជំងឺ​កញ្ជ្រិល​នេះ កើតមាន​លើ​ទារក អាយុ ០៧ ខែ​ម្នាក់ ដែល​រស់​នៅក្នុង​ឃុំ ព្រៃ​វិហារ ស្រុក គងពិសី ខែត្រ កំពង់ស្ពឺ​។​

សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួង​ដដែល ក៏បាន​បញ្ជាក់​ពី​ការ​លុបបំបាត់​ជំងឺ​ក​ញ្ជ្រិ​ល​នេះ ទាំងស្រុង​នៅ​កម្ពុជា តាំងពី​អំឡុង​ខែ មីនា ឆ្នាំ ២០១៥​កន្លងមក​ដែរ​។ ​ការ​កើតមាន​ជំងឺ​នេះ ឡើងវិញ​ត្រូវ​បាន​អ្នកជំនាញ​សន្និដ្ឋាន​ថា ជា​ការ​ចម្លង​មកពី​ប្រទេស​ក្បែរ​ខាង​កម្ពុជា​។​

ហេតុផល​ចម្បង​មួយទៀត គឺ​វ៉ាក់សាំង​ការពារ​ក​ញ្ជ្រិ​ល គ្រូពេទ្យ​ជំនាញ​អាច​ប្រើ​ចំពោះ​ទារក ដែល​មាន​អាយុ​ចាប់ពី ០៩ ខែ​ឡើង​ទៅ​ប៉ុណ្ណោះ​។​

យ៉ាងនេះ​ក្ដី ក៏​ក្រសួង សុខាភិបាល បាន​ចាត់​ក្រុម​គ្រូពេទ្យ​ជំនាញ​ចុះទៅ​ស្រាវជ្រាវ​លើ​ករណី​ជាបន្ទាន់​ដដែល​៕