សន្តិសុខ​សណ្ឋាគារម្នាក់​ បើក​បុករៈ​ចូល​ផ្ទះ​ ​ជ្រុល​ទៅ​បុក​ក្មេង​ខ្ទប់ជញ្ជាំង​ស្លាប់​

606
សន្តិសុខ​សណ្ឋាគារម្នាក់​ បើក​បុករៈ​ចូល​ផ្ទះ​ ​ជ្រុល​ទៅ​បុក​ក្មេង​ខ្ទប់ជញ្ជាំង​ស្លាប់

ភ្នំពេញ ៖ សន្តិសុខ​សណ្ឋាគារ ​(Hotel & serviced apartment)​ម្នាក់ ​បើក​រថយន្ត​ភ្ញៀវ​រក​កន្លែង​ចត​ ជ្រុល​ល្បឿន​ចូល​ទៅ​បុក​​លំនៅឋាន ​នៅ​ក្បែរ​សណ្ឋាគារ​ បុក​ក្មេង​ម្នាក់​ខ្ទប់​នឹង​ជញ្ជាំង​ស្លាប់​ ក្រោយពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ។

គ្រោះថ្នាក់ ​ចរាចរណ៍​នេះ ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​៥០​នាទី​ព្រឹក ថ្ងៃ​ទី​១ ខែ​កុម្ភៈ ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្ទះ​លេខ​៦៩ ផ្លូវ​២៤៨ សង្កាត់​បឹង​កេងកង​ទី​២ ​ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ ។

បុរស​ជា​សន្តិសុខ​មានឈ្មោះ ព្រំ ចាន់ ​អាយុ​៣១​ឆ្នាំ មុខរបរ​ជា​សន្តិសុខ​ ស្នាក់នៅ​សណ្ឋាគារ​288 បើក​រថយន្ត​ម៉ាក​ហាយ​ប្រ៊ី​ដ ​ពណ៌.​ស ​ពាក់​ស្លាក​លេខ​ភ្នំពេញ​2A.0627។ ​ចំណែក​ក្មេង​ប្រុស​ដែល​ស្លាប់​មានឈ្មោះ ​ទា ជីនឡុង ភេទ​ប្រុស ​អាយុ​៣​ឆ្នាំ។

សាក្សី ​បាន​ឲ្យ​ដឹង​ថា ​នៅ​មុន​ពេល​កើតហេតុ​ គេ​បាន​ឃើញ​បុរស​ម្នាក់​ជា​សន្តិសុខ ​បាន​ដើរមក​ឡើង​ជិះ​រថយន្ត​១​គ្រឿង​ម៉ាក​ហាយ​ប្រ៊ី​ដ ពណ៌ស ពាក់​ស្លាក​លេខ​ភ្នំពេញ​2A.0627 ដែល​រថយន្ត​បង្ក​ខាង​លើ​នេះ​គឺជា​របស់​ភ្ញៀវ​ដែល​ចូល​មក​ដេក​តាំងពី​យប់​មក​ ម្ល៉េះ ​លុះ​មកដល់​ព្រឹក​ឡើង បុរស​ម្នាក់​ជា​សន្តិសុខ​ ខាងលើ បាន​បើក​ថយក្រោយ​បម្រុង​បើក​យក​ទៅ​ដាក់​នៅមុខ​សណ្ឋាគារ​ ខណៈ​កំពុងតែ​បើក​រថយន្ត​ថយក្រោយ មិន​ដឹង​យ៉ាង​មិច​ ទំនង​ជា​ច្រឡំ​ជាន់​ហ្គែ ស្មាន​តែ​ហ្វាំ​ង ​ក៏​ជ្រុល​ចង្កូត​ចូល​ទៅ ក្នុង​ផ្ទះ​លេខ​៦៩ ផ្លូវ​២៤៨ សង្កាត់​បឹង​កេងកង​ទី​២ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ បុក​រះ​រថយន្ត​លុ​ច្ស​ស៊ី​ស RX300 ចត​ក្នុង​ផ្ទះ ហើយ​រថយន្ត​នៅ​មិន​អស់​ល្បឿន ក៏​ជ្រុល​ចូល​ដល់​ក្នុងផ្ទះ​បុក​ក្មេង​ប្រុស​ម្នាក់​ផ្ទប់​នឹង​ជញ្ជាំង បណ្តាល​ឲ្យ​រង​របួស​ធ្ងន់​ ហើយ​ត្រូវ​បាន​ជីដូន​ដឹក​យក​ទៅ​ពេទ្យ ដើម្បី​សង្គ្រោះ ប៉ុន្តែ​អកុសល​ក្មេង​រង​គ្រោះ​បាន​ស្លាប់​បាត់បង់​អាយុជីវិត​នៅ​តាម​ផ្លូវ គួរ​ឲ្យ​សង្វេគ​ជាទីបំផុត។

ចំណែក ​អ្នកបើកបរ​ ក្រោយ​កើតហេតុ​មិនបាន​រត់គេច​ទេ ​បាន​និយាយ​ថា​ រថយន្ត​បង្ក​ពេល​ខ្លួន​ចូល​ទៅ​បើក​វា​ជាប់​ហ្គែ ​ក៏​ជ្រុល​ទៅ​បុក​រះ ​និង​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​តែម្តង ​ខ្លួន​គ្មាន​ចេតនា​ចង់​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​នោះ​ទេ​ ក្រោយពី​កើតហេតុ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន ​នាំ​យក​ទៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ​ដើម្បី​ចាត់​ ការ​តាម​នីតិវិធី​ច្បាប់​៕

btv-a1838