តុលាការ​ដោះលែង​ម្ចាស់​ទីតាំង​កែច្នៃ​ស្ករត្នោត​លាយ​សារធាតុ​គីមី​

4303

ភ្នំពេញ៖ បុរស​ម្នាក់​ជា​ម្ចាស់​ទីតាំង​កែច្នៃ​ស្ករត្នោត​លាយ​សារ​ធាតុគីមី​ ប្រភេទ​សូល​ដ្យូ​ម​ហ៊ី​ដ្រូ​សូល​ហ្វី​ត ដែល​ប៉ះពាល់​សុខភាព​ធ្ងន់ធ្ងរ បាន​ត្រូវ​លោក មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ រួច​បញ្ជូន សំណុំរឿង​ទៅ​បើក​ជំនុំជម្រះ​ផ្ទាល់ នា​ពេល​ខាងមុខនេះ​។​

មន្ត្រី​តុលាការ បាន​ឲ្យ​ដឹង​ថា ការ​ដោះលែង​នេះ គឺ​សំអាង​ទៅលើ​មាត្រា ៥ និង មាត្រា ១៤ ច្បាប់​ស្តីពី​ការគ្រប់គ្រង​អាស៊ីដ​ខ្លាំង ដែល​មាត្រា​នេះ ពុំ​មានទោស​ដាក់​ពន្ធនាគារ​ទេ ពោល គឺ​កម្រិត​ត្រឹម​ពិន័យ​ជា​ប្រាក់​ប៉ុណ្ណោះ​។​

មាត្រា​៥ បាន​ចែងថា “ ការផលិត ការកែច្នៃ ការ​នាំ​ចូល ការនាំចេញ ការ​វេច​ខ្ចប់ ការ​ដឹក​ជញ្ជូន​ការ​យក​តាម​ខ្លួន ការចែក​ចាយ​ការ​លក់​ការទិញ​ការ​រក្សា​ទុក និង ប្រើប្រាស់​អាស៊ីដ​ខ្លាំង​គ្រប់​ប្រភេទ ត្រូវ​មាន​អាជ្ញាប័ណ្ណ​អនុញ្ញាត ឬ ការកំណត់​ដោយ​បទដ្ឋាន​គតិយុត្តិ ផ្សេងទៀត ” ។​

មាត្រា ១៤ ចែងថា “ ការ​មិន​គោរព​តាម​បទប្បញ្ញត្តិ​ខាង​លើនេះ ត្រូវ​ពិន័យ​ជា​ប្រាក់​ពី ៥​សែន​រៀល ទៅ ១​លាន​៥​សែន​រៀល ព្រមទាំង​ទោស​បន្ថែម​រឹបអូស​អាស៊ីដ​ខ្លាំង​ក្នុងករណី​ដែល អាស៊ីដ​ខ្លាំង​នេះ មាន​ទម្ងន់​ក្រោម​៥០០​ក្រាម តែបើ​ទម្ងន់​ចាប់ពី​៥០០​ក្រាម​ឡើង​ទៅ ត្រូវ​ពិន័យ ជា​ប្រាក់​១​លាន​៥​សែន​រៀល ទៅ​១០​លាន​រៀល ”​៕